អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​​៣០៥​នាក់ បាន ទទួល​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

213
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ បានទទួល​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ។​ពិធី​ប្រគល់​អំណោយ​មនុស្សធម៌ ជូន​ដល់ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​លោកស្រី ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា​ខេត្ត ។​

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​សមាជិក​ស​គណៈកម្មាធិកា​រ​កាកបាទក្រហម​សាខា​ខេត្តសៀមរាប បាន​បង្ហាញថា​៖​តាមរយៈ​សកម្មភាព​ផ្តល់​ប្រឹក្សា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត លាក់​ការណ៍​សំងាត់​និង​ឥត​បង់ប្រាក់ ចាប់ពី​ឆ្នាំ​២០១៤ សេវា​ផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​គ្រប់​ទីកន្លែង​តាម​សេវា​មន្ទីរពេទ្យបង្អែក ប​ណ្ឌ​ល​សុខភាព ប៉ុស្តិ៍​សុខភាព​និង​តាម​សហគមន៍​សម្រាប់​ក្រុម​តាម​គោលដៅ​ប្រឈមមុខ​ខ្ពស់​។​ជាល​ទ្ឋ​ផល​នៅ​ឆ្នាំ​២០១៩​អតិថិជន​មក​ទទួល​ការផ្តល់​ប្រឹក្សា​និង​ធ្វើតេស្ត​ឈាម​ចំនួន​៥១.១១២​នាក់​ក្នុងនោះ​អ្នកមាន​ល​ទ្ឋ​ផល​វិជ្ជមាន​៣៨៧​នាក់ ។​

លោក​បាន​បន្តថា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន​៣០៥​នាក់ ក្នុងនោះ​ចំនួន ២២៦​នាក់ មកពី​១២​សង្កាត់​ក្នុង​ក្រុង​សៀមរាប , ចំនួន ៤៨​នាក់ មកពី​១៣​ឃុំ​ក្នុងស្រុក​ពួក និង ចំនួន​៣១​នាក់ មកពី​៧​ឃុំ​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

លោកស្រី ទាង អេង ទៀ​សីហា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយសារ​ឧបទ្ទវហេតុ​ផ្សេងៗ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ក្នុង​គោ​រម្យ​ងារ​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​-​ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែមាន​សន្តាន​ចិត្ត​ប្រោសប្រណី និង​គិតគូរ​ចំពោះ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ផងដែរ ។​

លោកស្រី​បាន​បន្តថា ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ ជា​រៀងរាល់ឆ្នាំ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ​ផ្ញើ​សារ​អប់រំ​សុខភាព ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប រួមមាន​៖​ទី​១. សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិសេស​ក្មួយៗ​ជា​យុវជន យុវនារី ត្រូវ​ស្វែងយល់​ឲ្យ​បាន​ប្រចាំ​នូវ​ចំណេះដឹង ស្ដីពី​ការបង្ការ​ការចម្លង​មេរោគ​អេដស៍ ដើម្បី​បង្ការ​ខ្លួន​យើង គ្រួសារ​យើង សហគមន៍​យើង និង​សង្គមជាតិ​ពី​ការ​រាលដាល​នៃ​មេរោគ​អេដស៍ , ២. ប្រជាពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត ឬ​សង្ស័យថា ខ្លួន​បាន​ប្រឈម និង​ការឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រួសរាន់​ស្វែងរក​សេវ​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត​ការសម្ងាត់ នៅតាម​សេវាសាធារណៈ សេវា​អង្គការ​សង្គម​ស៊ីវិល សេវា​ឯកជន​។​ល​។ ដើម្បី​ឆាប់​បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍ ដែល​អាច​ប្រើប្រាស់​ក្នុងការ​សម្រេចចិត្ត​ទទួលបាន​សេវា​ថែទាំ និង​ព្យាបាល​បន្តបាន​ទាន់ពេលវេលា , ៣. ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ សូម​ប្រញាប់​រួសរាន់​ទៅ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការណែនាំ​របស់​បុគ្គ​លិ​ក​ពេទ្យ ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​ទារក , ៤. ត្រូវ​បញ្ឈប់​ជាដាច់ខាត​នូវ គ្រប់​ទម្រង់​រើសអើង ឬ​មាក់ងាយ​ទៅលើ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជំងឺអេដស៍ ព្រោះ​ជា​អំពើ​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា និង ៥.​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែលមាន​មុខរបរ ឬ​ការប្រព្រឹត្ត​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេ​ដ​សំ សូម​ប្រើប្រាស់​ស្រោមអនាម័យ​ឲ្យ​បាន​១០០% នៅ​រៀង​រាល់ពេល​ដែលមាន​ទំនាក់ទំនង​រួមភេទ​។

អំណោយ​ដែល​ផ្តល់ជូន​នាពេលនោះ រួមមាន ភួយ​១ , មុង​១ , សារុង​១ , ក្រមា ១ , ទឹកដោះគោ​ខាប់​២​កំប៉ុង , អាវយឺត​២ , ស្ករស ១ គីឡូក្រាម , មី​១​កេស , សាប៊ូ​ក្រអូប​២​ដុំ , ត្រីខ​១​យួរ , អង្ករ ៣០ គីឡូក្រាម​, ទឹកត្រី​១​យួរ និង ថវិកា​ចំនួន​៥​ម៉ឺន​រៀល៕B/