អ្នករស់នៅ​តាម​ព្រែក​ក្នុង​ខេត្ត​បួន​នៃ​ទន្លេមេគង្គ​លើ​ត្រូវ​ប្រុង​ប្រ​យ​ត្ន័​

993
ចែករម្លែក

ដោយៈ​ប​.​ខុន​​ភ្នំពេញៈ​ទឹកទន្លេ​មេគង្គ​ដែល​បាន​ជន់​ឡើង​សន្សឹមៗ​ច្រើន​ថ្ងៃ​មក​ហើយនឹង​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង​ក្នុង​សប្តាហ៍​នេះ​ដោយ​ហូរ​ចូល​ទៅតាម​ព្រែក​លិច​ទំនាប​នៃ​បឹង​នានា​ក្នុង​ខេត្តស្ទឹងត្រែង ,​ក្រចេះ​,​ត្បូងឃ្មុំ​និង​ខេត្ត​កំពង់ចាម បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​បន្តបន្ទាប់ នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​ថៃ​និង​ឡាវ​ដល់​កម្រិត​​ពី​១៧០​ទៅ​១៩០​មី​លី​ម៉ែត្រ ដោយសារ​ឥទ្ធិពល​នៃ​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​ស្ថិតនៅ​ពីលើ​នោះ​ច្រើន​ថ្ងៃ​មកហើយ​។​

ទន្លេសាប​នៅមុខ​ព្រះ​បរាម​រាជវាំង​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង​នៅថ្ងៃទី១៦កក្កដា

​ ​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពីថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​ថា​ទឹកទន្លេ​មេគង្គ ដែល​បាន​ជន់​ឡើង​សន្សឹមៗ​ប៉ុន្មាន​ថ្ងៃ​មកហើយ​នោះ​នឹង​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដល់​កម្រិត​ពី​១៧០​ទៅ​១៩០​ម៉ែត្រ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​នៃ​ខេត្ត​នគរ​ភ្នំ​(​ថៃ​) និង ខេត្ត​ថ​ខេ​ត​(​ឡាវ​)​កាលពី​យប់មិញ​(១៦​កក្កដា​)​។​

​ ​ការធ្លាក់​ភ្លៀង​ដោយសារ​ឥទ្ធិពល​ប្រព​ន្ធ័​សម្ពាធ​ទាប នៅលើ​តំបន់​អាង​ទន្លេមេគង្គ​លើ​នេះ អ្នកនាំពាក្យ​បញ្ជាក់ថា ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​នៅ​ភាគ​ខាងលើ​ជន់​ឡើង​ខ្លាំង​ថែមទៀត​។ ទឹកភ្លៀង​ដែល​បាន​ធ្លា​ក់នៅ​តំបន់​អាង ក្នុងប្រទេស​ថៃ​និង​ឡាវ​នោះ​នឹង​ហូរ​មកដល់​ខេត្តស្ទឹងត្រែង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ ធ្វើ​ឲ្យ​ទឹកទន្លេ​នេះ​ហក់​ឡើង​ថែមទៀត​។​

​ ​លោក​ចាន់ យុ​ត្ថា និយាយទៀតថា ទឹកទន្លេ​មេគង្គ នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម អាច​នឹង​ចាប់ផ្តើម​ហូរ​ចូល​ទៅតាម​ព្រែក​ធ្វើ​ឲ្យ​លិច​តំបន់​ទំនាប​នៃ​បឹង​នានា ដូច្នេះ​បងប្អូន​ប្រជាកសិករ​ត្រុ​ង​ប្រ​យ​ត្ន័​និង​គួរ​រួសរាន់​ប្រមូល​កសិផល​ឲ្យ​បាន​ទាន់ពេលវេលា ។ ស្ថានភាព​ស្តីពី​ការ​ហក់​ឡើង​របស់​ទឹកទន្លេ​មេគង្គ​នេះ ក្រសួង​បានរៀបចំ​ជូនដំណឹង​ហើយ​។​


​ ​ក្នុងពេល​ទឹកទន្លេ​មេគង្គ​បន្ត​ជន់​ឡើង លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​ស្ថិតនៅលើ​អាង​ទន្លេមេគង្គ​ច្រើន​ថ្ងៃ​មកហើយ​នោះ នៅតែ​បន្ត​អូស​កាត់​អាង​ទន្លេមេគង្គ​លើ អាច​ទាញ​ជាប់​ជាមួយនឹង​វិ​សម្ពាធ​មួយ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​នឹង​វិ​វត្ត​ទៅជា​កូន​ព្យុះ​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​ឯ​ស្ថានភាព​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា នៅតែ​ស្ថិតក្រោម​ឥទ្ធិពល​មូសុង​និរតី​ខ្លាំង​និង​ជ្រលង​សម្ពាធ​​ទាប ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​មាត់សមុទ្រ តំបន់​វាល​និង​តំបន់​ទំនាប​ខ្ពង់រាប​លើកលែងតែ​ខេត្ត​បន្ទាយ​មាន​ជ​យ័​មួយ​ទេ​ដែល​មិនទាន់មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​នោះ​។


​ ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន និង ព្យាករណ៍​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក​សម្រាប់​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៨​បានបង្ហាញ​ឲ្យ​ឃើញថា នៅ​គ្រប់​ស្ថានីយ៍​ជលសា​ស្ត្រ​នៃ​ទន្លេ​ទាំង​បួន​ទឹកបាន​ជន់​ឡើង​ដោយនៅ​ខេត្ត​ស្ទឹងត្រែង​មាន​កម្ពស់​៧,៦៨​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៥​ខែកក្កដា​០,៣៣​ម៉ែត្រ​។ នៅ​ក្រចេះ​ទឹក​មាន​កម្ពស់​១៦.៩៥​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៥​ខែកក្កដា​០,៣១​ម៉ែត្រ ។ នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១០,៧៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៥​ខែកក្កដា​០,២៣​ម៉ែត្រ​នៅ​ចតុមុខ​ទឹក​មាន​កម្ពស់​៦,១៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៥​ខែកក្កដា​០,២០​ម៉ែត្រ ទឹក​បឹង​ទន្លេសាប​នៅ​ក្រគរ កំពង់ហ្លួង​២,៥៩​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៥​ខែកក្កដា ០,០៩​ម៉ែត្រ​។​
​ ​តាម​ការ​ព្យាករ​ដដែល​សម្រាប់​ថ្ងៃទី​១៩​ខែកក្កដា​ទឹក​នៅ​ខេត្តស្ទឹងត្រែង​អាច​នឹង​ឡើងដល់​កម្ពស់​៨,៩០​ម៉ែត្រ​។ នៅ​ក្រចេះ​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​១៨,៧៤​ម៉ែត្រ នៅ​ខេត្តកំពង់ចាម​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​១២,០៤​ម៉ែត្រ​។ នៅ​ចតុមុខ​ទឹក​អាង​នឹង​ឡើងដល់​កម្ពស់​៧.០២​ម៉ែត្រ​៕សរន

#