អ្នករាយការណ៍​ពិសេស​៖ កម្ពុជា នៅតែ​បន្ត​មាន​មនុស្ស ដែល​ជួប​បញ្ហា មិនអាច​ទទួលបាន​សេវា​គាំពារ​សុខភាព ដោយ​ឥតគិតថ្លៃ​

1054
ចែករម្លែក

(​ភ្នំពេញ​)៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើងថា នៅ​ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​មនុស្ស​ដែល​ជួប​បញ្ហា​មិនអាច​ទទួលបាន​សេវា​គាំពារ​សុខភាព​ដោយ​ឥតគិតថ្លៃ​។​

​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើងថា “​នៅ​ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​មនុស្ស​ដែល​ជួប​បញ្ហា មិនអាច​ទទួលបាន​សេវា​គាំពារ​សុខភាព​ដោយ​ឥតគិតថ្លៃ ទោះបី​ជាមាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ហើយ​និង​ប័ណ្ណ​មូលនិធិ​សមធម៌​សុខភាព​ហើយ​ក្តី​។ ខ្ញុំ​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​សូម​ឲ្យ​បន្ត​យកចិត្តទុកដាក់​ក្នុង​វិស័យ​សុខាភិបាល សន្តិសុខ​សង្គម និង​ការអប់រំ និង​ធ្វើ​ការងារ​ជា​លក្ខណៈ​អន្តរក្រសួង និង​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​នៅ​គ្រប់​ថ្នាក់ ដើម្បី​ធានាថា សេវាកម្ម​ទាំងនេះ​អាច​រកបាន អាចមាន​លទ្ធភាព​ប្រើប្រាស់​បាន អាច​ទទួលយកបាន និង​មាន​គុណភាព​ខ្ពស់ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​”​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ ក៏ត្រូវ​បាន​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស លោក អ៊ុក សមវិទ្យា បានលើកឡើង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់ ប​.​ស​.​ស កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៨ ថា គ្រូពេទ្យ ហាក់​មិនបាន​យកចិត្តទុកដាក់ ចំពោះ​សមាជិក​សមាជិការ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ពិសេស​កម្មករ​កម្មការិនី នៅពេល​ទៅ​ទទួលយក​សេវា​សុខាភិបាល ដែល​ហាក់​មាន​ភាពខុស​ឆ្ងាយ​ពី​អ្នកជំងឺ ដែល​ចំណាយ​ប្រាក់ សម្រាប់​ការបង់ថ្លៃ​ព្យាបាល​។​

​លោក អ៊ុក សមវិទ្យា បញ្ជាក់ថា “​កន្លងមក ពិត​ជាមាន​រឿងនេះ កើតឡើង​មែន ដោយសារតែ​ការមិនយល់​គ្នា​រវាង​ក្រុមគ្រូពេទ្យ និង​អ្នកជំងឺ ដែលជា​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស​។ ក៏ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​ដោះស្រាយបាន​ច្រើន​ហើយ​”​។​

​របាយការណ៍​បង្ហាញថា សមិទ្ធផល​រយៈពេល ១០​ឆ្នាំ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៧ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស បានទទួល​ចុះ​បញ្ជិកា​សហគ្រាស​គ្រឹះស្ថាន​ចំនួន​ជាង ១​ម៉ឺន​សហគ្រាស ដោយ​ទទួលបាន​ភាគទាន​ចំនួន ៤២៧ ប៊ី​លាន​រៀល និង​បានផ្តល់​តាវកាលិក ( ផ្តល់​សំណង ) ជូន​ជនរងគ្រោះ​ដោយ​ហានិភ័យ​ការងារ សរុប​ជាង ២០​ម៉ឺន​នាក់ ដោយ​ចំណាយ​ជា​ប្រាក់​សរុប​ជាង ៧៦ ប៊ី​លាន​រៀល​៕ ដោយ​៖ ម៉េង​ឆៃ​