អ្នករាយការណ៍​ពិសេស អ​.​ស​.​ប កោតសរសើរ​ចំពោះ​ការរៀបចំ​ការចុះបញ្ជីឈ្មោះ​បោះឆ្នោត​

919
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​
​ ​
​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​ការអនុវត្តន៍​នូវ​ច្បាប់​គ្រប់គ្រង​អង្គការ សមាគម ហើយ​លោកស្រី​បាន​ជួប​ជាមួយ​អង្គការ សមាគម មួយចំនួន​បានលើកឡើង​ថា មាន​តម្រូវការ​ឲ្យ​ខាង​អង្គការ​គឺ​រាយការណ៍​​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​សកម្មភាព​អ្វីមួយ ឬ​មុន​ធ្វើ​សកម្មភាព​អ្វីមួយ​។

លោកស្រី រ៉ូ​ណា ស្មី​ត ជួបពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង (​រូប​ថ​តៈ​មុនី​រ័ត្ន​)

​ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ជូន​អ្នករ​រាយការណ៍​ពិសេស​ថា ផ្អែកទៅលើ​ការអនុវត្តន៍​ច្បាប់​គ្រប់គ្រង​អង្គការ ឬក៏​សង្គម​ស៊ីវិល អង្គការ​នោះ​គ្រាន់តែ​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​តែប៉ុណ្ណោះ មុន​នឹងធ្វើ​សកម្មភាព​អ្វីមួយ​ហើយ​ការជូន​ព័​ត៌​​មាន​នេះ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បានដឹង​អំពី​អ្វី​ដែលជា​សកម្មភាព​រួម​របស់​អង្គការ​នោះ​ដែល​ត្រូវធ្វើ​។

​អ្នករាយការណ៍​ពិសេស​ក៏បាន​ថ្លែង​នៅ​ការកោតសរសើរ​ចំពោះ​ការរៀបចំ​ការចុះបញ្ជីឈ្មោះ​បោះឆ្នោត​ដែល​ក្រសួងមហាផ្ទៃ​បាន​ជួយ​ជ្រោ​ម​​ជ្រែង​នៅក្នុង​ក្របខណ្ឌ​ការធានា​នៅ​សន្តិសុខ សុវត្ថិភាព​។​លោកស្រី​ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋា​​ភិ​បាល ជាពិសេស​ក្រសួងមហាផ្ទៃ ដែល​បានធ្វើ​ឲ្យ​ដំណើរការ​នៃ​ការបោះឆ្នោត​កន្លងមកនេះ ប្រព្រឹត្តទៅបាន​ដោយ​រលូន​។​

​លោកស្រី រ៉ូ​ណា​ ​ស្មី​ត​ក៏បាន​លើកឡើង​ផងដែរ​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិ​របស់​តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ការជួប​សំ​​ភាស​ន៍​ជាមួយនិង​ទណ្ឌិត ឬក៏​ជន​ដែល​ត្រូវ​ជាប់ឃុំ នៅក្នុង​មន្ទីរឃុំឃាំង ឬក៏​ពន្ធនាគារ ហើយ​នៅក្នុង​ច្បាប់​គឺ​បានអនុញ្ញាត​ឲ្យ​លោក​​ស្រី​ក្នុងតួនាទី​ជា​តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ចូលទៅក្នុង​ពន្ធនាគារ និង​សំភាសន៍​ជាមួយ​ទណ្ឌិត​ដោយ​សម្ងាត់​។ ​ចំពោះ​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា​ជាទូទៅ​ត្រូវបាន​អនុញ្ញាត​ទាំង​ឋានៈ​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជា​​ជាតិ ក៏ដូចជា​តំណាង​ទូត​ផ្សេង​នៅក្នុង​ការសួរសុខទុក្ខ​អំពី​សុខមាលភាព​របស់​ទណ្ឌិត ឬ​អ្នក​ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។​ប៉ុន្តែ​​មាន​ករណីខ្លះ​ដូចជា​ទណ្ឌិត ឬក៏​ជន​នោះ ស្ថិតនៅក្រោម​ការ​រ​ស៊ើបអង្កេត​នៅឡើយ ដែល​ការជួប​នេះ មិនត្រូវ​បានអនុញ្ញាត​តែ​ជា​ទូ​​ទៅ​គឺ​ត្រូវបាន​អនុញ្ញាត​ទៅតាម​ច្បាប់​ដែល​បានកំណត់​។ ពាក់ព័ន្ធ​បញ្ហា​ពន្ធនាគារ​នេះ លោកស្រី រ៉ូ​ណា ស្មី​ត​ក៏បាន​លើកឡើង​អំពី​កង្វល់​​មួយចំនួន​ស្តីអំពី​ការ​កកកុញ​នៅ​ចំនួន​ច្រើន នៃ​អ្នក​ជាប់ឃុំ ដែលជា​ពិសេស​ដោយសារ​តែ​លទ្ធផល​នៃ​ការធ្វើ​យុទ្ធនា​ការប្រឆាំង​គ្រឿង​​ញៀន​រយៈពេល​៦​ខែ លើក​ទី​១ ដែល​ទើបតែ​បានបញ្ចប់​គឺ​កាន់តែ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ត្រូវ​ជាប់​នៅក្នុង​ពន្ធនាគារ​កាន់តែ​ច្រើនឡើង​ ដែល​ជាការ​កង្វល់​រប​បស់​លោកស្រី​។ សម្តេច​ក្រឡាហោម បាន​ឆ្លើយតប​ថា ដោយសារតែ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ គឺ​បាន​ចាប់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​គ្រឿងញៀន​រហូតដល់​ជិត ១​ម៉ឺន​នាក់ នៅក្នុង​រយៈពេល​ខែ​៦ កន្លងទៅនេះ ។ ដោយសារតែ​មូលហេតុ​នេះ ហើយ​បានធ្វើ​ឲ្យ​ចំនួន​អ្នក​នៅក្នុង​ពន្ធនាគារ​មាន​ចំនួន​ច្រើន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​រាជរដ្ឋាភិបាល ក៏៏​ដូចជា​ក្រសួងមហាផ្ទៃ កំពុងតែ​គិតគូរ និង​បន្ត​ការកសាង​ពន្ធនាគារ​ថ្មី ដូចជា​គំរោង​ដែល​មាននៅ​ខេត្តពោធិសាត់​ដែល​នឹង​អាចដាក់​​អ្នកទោស​ទៅដល់​២៥០០​នាក់​។​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កំពុងតែ​ពិនិត្យមើល​រៀបចំ​ឲ្យ​មាន​មណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​ចំនួន​អ្នក​ដែល​ជាប់ឃុំ​នេះ​និង​ជួយ​ការស្តារ​នីតិសម្បទា​និង​បណ្តុះបណ្តាល​នៅ​ជំនាញ​ផ្សេងៗ ដើម្បី​អាច​នឹងធ្វើ​សមាហរណកម្ម​អ្នក​ទាំងនេះ ចូលទៅ​ក​ក្នុងសង្គម​វិញ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​សួរ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ថា តើ​កម្ពុជា ឬ​ក្រសួងមហាផ្ទៃ មាន​គំរោង​នឹង​សហការ​ជាមួយ​បណ្តា​ប្រទេស ឬ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​បរទេស ដើម្បី​អាចឈាន​ទៅ​ការចាប់​អ្នកជួញដូរ​គ្រឿងញៀន​ធំៗ​ដែរឬទេ​?​។ ជាការ​ឆ្លើយតប​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា កន្លងទៅនេះ ក្នុង​យុទ្ធនា​ការប្រយុទ្ធ​ប្រ​ឆាំ​គ្រឿងញៀន​ដែល​បាន​អនុវត្ត​គឺ​បាន​ចាប់​គ្រឿងញៀន​នៅ​បរិមាណ​​យ៉ាងច្រើន ហើយ​នេះ​គឺជា​ការចាប់​នៅ​ជន​ល​ល្មើស​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុជា ធំៗ​ហើយ យើង​មិនអាច​ថា​ចំនួន​បិ​រ​មាណ​គ្រឿង​​ញៀន​ដែល​បាន​ចាប់​នេះ ចំនួន​តិចតួច​នោះទេ ក្នុង​រយៈពេល​៦​ខែ ចាប់បាន​រហូត​ទៅដល់​ជាង​១០០​គីឡូក្រាម​ដែល​ក្នុងនោះ​គ្រឿង​​ញៀន​ដែលមាន​ធាតុសុទ្ធ​រហូតដល់​ជាង​៥០​គីឡូក្រាម​។ នេះ​ចាត់ទុកថា កម្ពុជា ខាង​ផ្នែក​នគរបាល​បាន​យកចិត្ត​ទុ​ដាក់​និង​បាន​បន្ត​សហការគ្នា​ល្អ​ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ក៏ដូចជា​ខាង​សហរដ្ឋអាមេរិក នៅក្នុង​កិច្ចការ​ស្រាវជ្រាវ​ចាប់​រឹបអូស​គ្រឿងញៀន និង​អ្នកពាក់ព័ន្ធ​នៅក្នុង​ការងារ​ជួញ​ស​ដូរ​គ្រឿងញៀន​។​

​សូមជម្រាបថា លោកស្រី រ៉ូ​ណា ស្មី​ត អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​លើក​ទី​៤ មកកាន់​ប្រទេស​កម្ពុជា រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យមើល​សិទ្ធិ​កុមារ និង​ស្ថានភាព​សិទ្ធិមនុស្ស​និង​ផ្តោតលើ​សិទ្ធិ​កុមារ​ដែលជា​ផ្នែក​មួយ​នៃ​​ការងារ​ដែល​លោកស្រី​កំពុង​ធ្វើ​លើ​វិស័យ​នៃ​ការរើសអើង​និង​ក្រុម​ដែល​ងាយ​រងគ្រោះ​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ធ្វើ​ទស្សនកិច្ច​ជា​ទៀងទាត់​មកកាន់​ប្រទេស​កម្ពុជា​និង​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​លោកស្រី រ៉ូ​ណា ស្មី​ត នៅក្នុង​ខែមីនា ឆ្នាំ​២០១៥៕ ដោយៈ មុនី​រ័ត្ន​/sn