អ្នករាយការណ៍​ពិសេស UN សាទរ​ចំពោះ​កិច្ចខិតខំ​របស់​ក្រសួង​សង្គមកិច្ច​

648

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត បាន​ប្រាប់ លោកស្រី រ៉ូ​ណា ស្មី​ត​អ្នករាយការណ៍​​ពិសេស​របស់​អង្គការ សហប្រជាជាតិ​ថា ការរៀបចំ​និង​គ្រប់គ្រង មណ្ឌល​ព្រៃ​ស្ពឺ (​មណ្ឌល​សំចត​សម្រាប់​កុមារកំព្រា​ទីទ័លក្រ និង​ជន​ងាយ​​រងគ្រោះ​….) នៅមាន​ភាពច្របូកច្របល់​ច្រើន​នៅឡើយ ដោយសារ​មានការ​ទុកដាក់ ជនអនាថា មាន​ចាស់ មាន​ក្មេង​អ្នកមាន​បញ្ហា​​ខួរក្បាល​មិន​ប្រក្រតី និង​អ្នកញៀន​ថ្នាំ​ជាដើម ។ ទោះយ៉ាងណា ក្រសួង​សង្គមកិច្ច ជំនួសមុខ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង កែលម្អ និង​អភិវឌ្ឍ​មណ្ឌល​មួយចំនួន និង​កំពុង​សិក្សា​ស្រាវជ្រាវ​ពី​បណ្តា​ប្រទេស​ដទៃទៀត ជុំវិញ​ការ​ស្តារនីតិសម្បទា ដល់​ជនរងគ្រោះ រៀបចំ​ឲ្យ​កុមារ​ក្រោម​អាយុ​១៨​ឆ្នាំ ឱ្យមាន​កន្លែង​ស្នាក់នៅ ការបណ្តុះបណ្តាល និង​ផ្តល់​ជំនាញ​ដែល​ទាំងនេះ​គឺជា​ការគោរព​សិទ្ធិ​របស់​​កុមារ​ជា​អ្វីដែល​អង្គការសហប្រជាជាតិ ត្រូវការ​ផងដែរ ហើយ​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា ទាំងអស់នោះ​ឲ្យ​មាន​ភាពល្អ​​ប្រសើរ​ជាង​មុន​និង​សម្រាប់ និរន្តរភាព​យូរអង្វែង​។​

លោក វង សូត និង លោកស្រី រ៉ូ​ណា ស្មី​ត ពេល​ជួបពិភាក្សា​ការងារ​

​លោក វង សូត ថ្លែង​យ៉ាង​ដូច្នេះ នាឱកាស​ដែល​លោក​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត នៅឯ​ទីស្តីការក្រសួង​សង្គមកិច្ច កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៧ ។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម វង សូត ហើយ​ថា ស្ថានភាព​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​នាពេលនេះ ហាក់ដូចជា អាក្រក់​ជាង​លើក​មុន ដោយសារ​តែមាន​ចំនួន​អ្នករស់នៅ​រហូត​ទៅដល់ ៥២៤ នាក់ ដែលជា​ចំនួន​ច្រើន​បំផុត​ជាហេតុ​ធ្វើ​​ឱ្យ​ការថែទាំ និង​ដោះស្រាយ​បញ្ហា​របស់​អ្នកស្នាក់នៅ​ទីនោះ​មាន​ភាព​ចន្លោះប្រហោង ។​

​លោក វង សូត បានលើកឡើង​អំពី​សុទិដ្ឋិនិយម​អំពី ស្ថានភាព​រស់នៅ​របស់​កុមារ និង​ជន​ងាយ​រងគ្រោះ ទាំងនោះ​ថា នឹង​ប្រសើរ​ជាង​មុន ក្រោយ​មណ្ឌល​ថ្មី​កសាង​រួចរាល់​នៅ​ដើម ឆ្នាំ​២០១៨ ខាងមុខនេះ ហើយ​ថា នៅ​ចុង​ឆ្នាំនេះ​២០១៧ ឬ ដើមឆ្នាំ ២០១៨ ខាងមុខ​ក្រសួង​​អាច​ផ្ទេរ ជន​វិកល​ច​រិ​ក ប្រមាណ​១០០ ទៅ​២០០​នាក់ ពី​មណ្ឌល​ព្រៃ​ស្ពឺ ទៅកាន់​មណ្ឌល​ថ្មី​នេះ ដែលមាន​ទីតាំង​ស្ថិត នៅ​ឃុំ​កំពង់កន្ទួត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​នៅ​ទីនោះ ជន​វិកល​ច​រិ​ក​នឹង​អាច​រស់នៅ​ដាច់ដោយឡែក ហើយនឹង​អាច​ទទួលបាន​នូវ​ការពិនិត្យ​ព្យាបាល និង​ថែទាំ បាន​ប្រសើរ​មួយកម្រិត​ទៀត ។​

​ក្រោយ​ស្តាប់​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី​លោកស្រី Rhona Smith បាន​សាទរ​ដល់​ក្រសួង​សង្គមកិច្ច ដែល​បាន​ប្រឹងប្រែង​ខិតខំ​បំពេញការងារ ក្នុង​ការកសាង​មណ្ឌល​ថ្មី​នេះ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា ចូលរួម​ធ្វើ​ការងារ​ឡើងវិញ និង​អនុវត្ត តាម​អនុសាសន៍ ទាំងឡាយ ដែលមាន​កន្លងមក​៕​ដោយៈ មេសា​/sn