អ្នកលក់​ផ្កា​នៅ​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម បង្ហាញថា ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា​

415
ចែករម្លែក
  • 11
    Shares

ដោយ:​បាយ័ន​/​សៀមរាប ៖ ​លោកស្រី ស៊ូ ចាន់ ជា​អ្នកលក់​ផ្កា​នៅជាប់​របង​វិហារ​ព្រះអង្គ​​ចេក​ព្រះអង្គ​ចម ក្នុង​ក្រុង​សៀមរាប បានឲ្យដឹងថា នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំនេះ ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់​ផ្កា​អស់ពី​ចំនួន​៥០០​ផ្កា ទៅ​២០០០​ផ្កា ឬ​អាច​លើស​នេះ ហើយ​ផ្កា​ដែល​លក់ដាច់​ជាងគេ​គឺ​ផ្កាឈូក ខណៈដែល​ថ្ងៃ​ធម្មតា អ្នកស្រី​លក់បាន​តែ​ចំនួន​ពី​២០០​ទៅ​៥០០​ផ្កា ហើយ​ថ្ងៃ​ខ្លះ​លក់​បានតែ​ចំនួន​១០០​ផ្កា​ប៉ុណ្ណោះ ។

លោកស្រី មានប្រសាសន៍​ទៀតថា បើទោះបី​ពិធីបុណ្យ​នេះ មិនមែនជា​បុណ្យប្រពៃណី​ខ្មែរ​ក៏ពិតមែន ប៉ុន្តែ​បងប្អូន​ខ្មែរ​ដែល​ជាប់​ខ្សែស្រឡាយ​ចិន​ទូទាំងប្រទេស​កម្ពុជា នៅថ្ងៃ​នេះ បានចេញ​ដើរ​កម្សាន្ត​ជាច្រើន ហើយក៏​បានមក​ទិញ​ផ្កា​យកទៅ​ថ្វាយ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​លោកយាយ​ទេព ដើម្បី​សុំ​សេចក្តីសុខ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ផ្កា​ទាំងនេះ មិនមែន​តែ​អ្នក​សៀមរាប​ទេ គឺ​ភាគច្រើន​ជា​អ្នក​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដែល​បានមក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ហើយក៏​ចូលមក​ទិញ​ផ្កា​ថ្វាយ​ព្រះ​។​

លោកស្រី មានប្រសាសន៍​បន្ថែមទៀត​ថា មុខរបរ​លក់​ផ្កា​របស់​ប្រជាពលរដ្ឋ​នៅជាប់​របង​វិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមនេះ គឺមាន​ការរៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​មានការ​បែងចែក​វេន​គ្នា​មក​លក់​នៅខាងមុខ​ម្នាក់​មួយថ្ងៃ ដើម្បីឲ្យ​អ្នកលក់​ផ្កា​នៅ​តំបន់​នេះ ទទួលបាន​ប្រាក់ចំណូល​ដូចៗ​គ្នា។​

ប្រជាពលរដ្ឋ​កម្ពុជា រួមជាមួយ​អ្នកទេសចរ​ជនជាតិ​បរទេស ដែល​បានមក​ទស្សនា​ខេត្តសៀមរាប ភាគច្រើន​តែងតែបាន​ទៅ​គោរព​ប្រតិបត្តិ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​លោកយាយ​ទេព ដែល​ស្ថិតនៅ​ជិត​ព្រះរាជដំណាក់​នៃ​ក្រុង​សៀមរាប ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន ទៅតាម​ការ​ជំនឿ​របស់ខ្លួន៕​B/