អ្នកលក់​អាវយឺត​នៅ​ក្រុង​ហាណូយ​លក់ដាច់​ខ្លាំង​ដោយសារ​កិច្ចប្រជុំ​រវាង​ត្រាំ​និង​គីម​ជុង​អ៊ុន​

552
ចែករម្លែក
  • 1
    Share

​អាវយឺត ដែល​មានមុខ​មេដឹកនាំ​ផ្តាច់ការ​ល្បីៗ​នៅលើ​ពិភពលោក កម្រ​លក់ដាច់​ណាស់​។​

​ប៉ុន្តែ​នៅ​ទីក្រុង​ហាណូយ កន្លែង​ដែល​ដងផ្លូវ​នានា​ត្រូវបាន​លាង​យ៉ាង​ស្អាត​និង​អាជីវកម្ម​ជាច្រើន​រាប់​ចាប់ពី​បារ​រហូតដល់​ហាង​កាត់សក់​កំពុង​កើប​លុយ​នៅ​មួយ​សប្តាហ៍​មុន​កិច្ចប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អ្វីៗ​ក៏​លក់បាន​លុយ​ដែរ​។​

​អ្នក​រចនា​ម៉ូត​អាវយឺត​ឈ្មោះ ជុង ថា​ញ់​ឌុ​ក បាន​និយាយថា “​មិនចាំបាច់​និយាយ​អំពី​ត្រាំ​ទេ ពីព្រោះ​គាត់​ជា​បុរស​ដ៏​អស្ចារ្យ​រួចទៅហើយ​។ ប៉ុន្តែ​យើង​គួរតែ​លើកទឹកចិត្ត​គីម ជុង​អ៊ុន​ឱ្យ​បោះបង់​របប​ផ្តាច់ការ​របស់គាត់​សម្រាប់​ប្រជាជន​របស់គាត់​។ ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​ដាក់​រូបគាត់​នៅលើ​អាវយឺត​”​។​

​អាវយឺត​របស់​លោ​កឌុក​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកគាំទ្រ​នៅ​សង្កាត់​ចាស់​នៃ​ទីក្រុង​ហាណូយ ជា​សង្កាត់​មាន​ផ្លូវ​ខ្វាត់ខ្វែង​ដ៏​មមាញឹក​និង​ផ្សារ​នានា​ដែលមាន​ប្រជាប្រិយភាព​ក្នុងចំណោម​ភ្ញៀវទេសចរ​។​

​លោ​កឌុក​បាន​និយាយថា គាត់​បាន​លក់​អាវយឺត​ពិសេស​ជាង ៣០០ ហើយ​ប្រាក់ចំណេញ​ដែល​គាត់​រកបាន​នឹង​យកទៅ​ទិញ​នំប៉័ង Baguette ដែលជា​នំប៉័ង​ដ៏​មាន​ប្រជាប្រិយភាព​តាំងពី​អតីត​អាណានិគម​បារាំង​ដើម្បី​ចែក​ដល់​ប្រជាជន​ក្រីក្រ​។​

​អាវយឺត​មួយ​ក្នុងចំណោម​អាវយឺត​ទាំងនោះ​គឺ​មានមុខ​របស់លោក​គីម​មួយ​ផ្ទាំង​ពេញ​តែម្តង​។ អាវយឺត​មួយទៀត​បង្ហាញ​លោក​ត្រាំ​និង​លោក​គីម​រួមគ្នា​នៅ​ពីលើ​ពាក្យ “​សន្តិភាព​”​។​

​លោ​កឌុក​បាន​និយាយថា “​ខ្ញុំ​ពិតជា​កោតសរសើរ​មេដឹកនាំ​ទាំងពីរ​នេះ​ណាស់​។ ម្នាក់​គឺជា​មេដឹកនាំ​នៃ​ប្រទេស​អភិវឌ្ឍ​ខាង​បច្ចេកវិជ្ជា​ក្នុង​ពិភពលោក និង​ម្នាក់ទៀត ទោះ​រាង​ផ្តាច់ការ​បន្តិច តែ​ដឹងថា​ប្រជាជន​របស់គាត់​ក្រីក្រ​ខ្លាំង ហើយ​គាត់​ចង់ឱ្យ​ប្រទេស​របស់គាត់​អភិវឌ្ឍ​”​។​

​នៅ​ទូទាំង​រដ្ឋធានី​វៀតណាម ការត្រៀមខ្លួន​កំពុង​ធ្វើឡើង​សម្រាប់​កិច្ចប្រជុំ​កំពូល​ថ្ងៃទី ២៧-២៨ កុម្ភៈ​។ ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាន​បិទ​ដោយសារ​ទីតាំង​ខ្លះ​ត្រូវការ​បោសសម្អាត​ឬ​លាបថ្នាំ​លម្អ​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

លោក​ជុង ថា​ញ់​ឌុ​ក នឹង​យកប្រាក់​ចំណេញ​ទិញ​នំប៉័ង​ចែក​ជនក្រីក្រ