អ្នកលេង​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ និង ហាក់ ប៉ាន់​ធី ខ្ទាត​ចេញពី​ការប្រកួត​

269

(​ភ្នំពេញ​): អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ក្លិប​ពោធិ៍​ជ័យ​កីឡា​បាន​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Seroieby K-Cement នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ ហើយ​បន្ទាប់ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់ គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ នា​យប់​ថ្ងៃទី​២៣​កញ្ញា​នោះ​។​

​វាសនា​ទេពកោសល្យ​ក្នុង​ការប្រើ​ជើង​របស់គេ មិន​ដល់ នុ​រាជ មែន​តែ​កែង កណ្ដាប់ដៃ និង​ជង្គង់​របស់គេ បានធ្វើ​ឲ្យ នុ​រាជ មិនសូវ​ហ៊ាន​ប្រថុយ​ប្រើ​ស្នៀត​ពិសេស​នោះទេ ព្រោះ​បើ​ហ៊ាន​អាច​នឹង​គ្រោះថ្នាក់ ដោយសារ​កែង​របស់​វាសនា​ជាមិនខាន​។​

​ការប្រកួត​មាន​លក្ខណៈ​តឹងតែង​បន្តិច​មែន តែ​គ្រប់ទឹក​ទាំង​៣ គឺ​វាសនា​មានប្រៀប​រហូត​តែម្ដង​។ ពេលនេះ ធា នុ​រាជ ខ្ទាត​ចេញពី​ការប្រកួត​ហើយ ក្នុងខណៈដែល គឹម វាសនា កក់​បាន​កៅអី​សម្រាប់​ប្រកួត​បន្ដ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ទៀត​នោះ​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ រិ​ន សារ​ដ្ឋ របស់​ក្លិប​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក ក៏បានផ្ដល់ កាដូ ឲ្យ ហាក់ ប៉ាន់​ធី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ហាលអាវ​ដែរ​។​

​គួរ​បញ្ចា​ក់ថា ព្រឹត្តិការណ៍​នេះ ការប្រកួត​មានតែ​៣​ទឹក​ប៉ុណ្ណោះ​។ ៣​ទឹក​បែបនេះ ការប្រកួត​មាន​លក្ខណៈ​ស្វិតស្វាញ​ណាស់ គឺ​ពួកគេ​ចាប់ផ្ដើម​បញ្ចេញ​កម្លាំង​វាយប្រហារ​គ្នា ដោយ​គ្មាន​សំចៃ​តាំងពីដើម​ទឹក​ទី​១​ទៅ​តែម្ដង​។ ការប្រកួត​៣​ទឹក​នេះ សារ​ដ្ឋ មានប្រៀប​លើ​គូប្រកួត​ទាំង ៣​ទឹកតែ​ម្ដង​។​

​ចំពោះ​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់ ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ យ៉ូ​ដ ថា​នូ (Yod Thanou) ដោយ​ពិន្ទុ​។​

​សូមបញ្ជាក់ថា សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock-Out Seroieby K-Cement នេះ​មាន​អ្នក​ប្រដាល់​ចំនួន ៨​រូប​ហើយ ដែល​ខ្ទាត​ចេញពី​ការប្រកួត​។ ជាមួយគ្នានេះ ក៏មាន​អ្នក​ប្រដាល់​៨​រូប​ដែរ ដែល​ដណ្ដើមបាន​កៅអី ដើម្បី​ឡើងទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ដែល​ការប្រកួត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​៕ L ដោយ​: រ៉ូ​ហ្សា