អ្នកលេង​អ៊ីនធឺណិត​ចិន​ពន្លះ​ក្រុមហ៊ុន Amazon សម្រាប់​ការ​ដាក់លក់​អាវយឺត​គាំទ្រ​ឯករាជ្យ​របស់​ហុងកុង និង​ទាមទារ​ឱ្យ​លោក​ជេ​ហ្វ បេ​ហ្សូ​ស សុំទោស​

226
ចែករម្លែក

​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ចិន​កំពុង​អំពាវនាវ​ឱ្យធ្វើ​ពហិការ​ប្រឆាំងនឹង​ក្រុមហ៊ុន Amazon បន្ទាប់ពី​បានឃើញ​អាវយឺត​គាំទ្រ​ចលនា​ឯករាជ្យ​ហុងកុង ត្រូវបាន​ដាក់លក់​នៅលើ​វេ​ប​សាយ​អាម៉េរិក​មួយ​នេះ​។​

​អតិថិជន​កំពុង​ទាមទារ​ការសុំ​ទោស​ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​យក្ស​នេះ​និង​នាយក​ប្រតិបត្តិ​របស់ខ្លួន​ដែលជា​បុរស​មាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​គឺ​លោក ជេ​ហ្វ បេ​ហ្សូ​ស​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​អាថ​ល​នេះ​គឺជា​ក្រុមហ៊ុន​លោកខាងលិច​ចុងក្រោយបង្អស់​មួយ​ដែល​ប្រឈម​នឹង​ប្រតិកម្ម​នៅ​ចុង​បូព៌ា​ជុំវិញ​ជំហរ​របស់ខ្លួន​លើ​ទីក្រុង​ហុងកុង ចំពេល​មានការ​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​។​

​កាលពីដើម​សប្តាហ៍​នេះ អ្នកប្រើប្រាស់​វេ​ប​សាយ​ចិន​បាន​ប្រទះឃើញ​អាវយឺត​ជាច្រើន ដែល​បោះពុម្ព​ពាក្យស្លោក​គាំទ្រ​ដល់​ឯករាជ្យភាព​របស់​ហុងកុង កំពុង​ដាក់លក់​នៅលើ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​មួយ​នេះ​។​

​ពាក្យស្លោក​លើ​អាវយឺត​មួយ​បានសរសេរថា “​ដោះលែង​ហុងកុង និង លទ្ធិប្រជាធិបតេយ្យ ឥឡូវនេះ​ភ្លាម​”​។ អាវយឺត​មួយទៀត​សរសេរថា “​រំដោះ​ហុងកុង​, បដិវត្តន៍​ក្នុង​សម័យកាល​របស់​យើង​”​។ អាវយឺត​ទី​បី​បានបង្ហាញ​រូបភាព​នៃ​និមិត្តសញ្ញា​តំណាង​ជាតិចិន​ត្រូវបាន​បំផ្លាញ​ជាមួយ​ពាក្យ​សរសេរថា “​ហុងកុង ប៉ាត​ប្រេង​” ប្រឡាក់​នៅ​ពីលើ​វា​។​

​រូបភាព​នេះ​គឺជា​សំដៅ​ទៅលើ​ឧបទ្ទវហេតុ​មួយ​ក្នុងអំឡុង​បាតុកម្ម​កាលពី​ខែ​មុន​ដែល​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​បាន​ចាក់ទឹក​ខ្មៅ​និង​គប់​ស៊ុត​ដាក់​លើ​រូប​សញ្ញា​ជាតិ​ដែល​ព្យួរ​នៅ​ខាងក្រៅ​ការិយាល័យ​តំណាង​ទីក្រុង​ប៉េកាំង​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។

​រូបភាព​នៃ​អាវយឺត​ទាំងនេះ​បាន​ចែកចាយ​ពេញ​អ៊ីនធឺណិត ដោយ​បង្ក​កំហឹង​ក្នុងចំណោម​ប្រជាជន​ចិន​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​ថា វេ​ប​សាយ​អន​ឡាញ​ខ្នាត​យក្ស Amazon កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា បានធ្វើការ​ឆ្លើយតប​ទៅនឹង​រឿងចម្រូងចម្រាស​នេះ និង​បាន​ធានា​ដល់​ចិន​ប៉េកាំង​នូវ​ភក្តីភាព​របស់​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន Amazon បាន​ប្រាប់​វេ​ប​សាយ Chinanews.com ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន​និង​កាសែត Global Times ថា ក្រុមហ៊ុន​តែងតែ​ទទួលស្គាល់ និង​គោរព​គោលការណ៍ “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ជានិច្ច​៕ ដោយ៖ កញ្ញាដាលីស

អ្នកលេង​អ៊ីនធឺណិត​ចិន​ទាមទារ​ឱ្យ​លោក​បេ​ហ្សូ​ស​សុំទោស​រឿង​លក់​អាវយឺត​គាំទ្រ​ឯករាជ្យ​ហុងកុង

#