អ្នកលេង​២​ក្រុម​ដេញ​វាយ​កាប់​ចាក់​គ្នា​ដោយសារ​គំនុំ​, របួសធ្ងន់​ម្នាក់​

751
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ : យុវជន​២​ក្រុម ១​ក្រុម​បាន​ជិះ​ម៉ូតូ​មកដល់​បន្ទប់​ជនរងគ្រោះ បង្ក​ដេញ​វាយ​កាប់​ចាក់​គ្នា បណ្តាល​ឲ្យ​ម្នាក់​របួសធ្ងន់​។ មូលហេតុ នោះ​ជា​រឿង​គំនំ​តិចតួច​សោះ​។ ហេតុការណ៍​ហិង្សា​នោះ កើតឡើង​កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នោះ ជនរងគ្រោះ​ព្រមទាំង​មិត្តភក្តិ​២​នាក់​ចេញពី​កន្លែងធ្វើការ លុះដល់​មុខ​បន្ទប់​ស្នាក់នៅ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់ ក្នុងនោះ​២​នាក់​បញ្ឆេះ​ម៉ូតូ​២​គ្រឿង​យាម​រង់ចាំ និង​២​នាក់​ទៀត ស្ទាក់​ចាំ​វាយ​ជនរងគ្រោះ​មុខ​បន្ទប់​ស្នាក់នៅ​យ៉ាង​សាហាវព្រៃផ្សៃ​។ ជនដៃដល់​ម្នាក់​វាយ​ជនរងគ្រោះ​នឹ​ឈើ​ជ្រុង​ចំក​ពី​ខាងក្រោយ​។ លុះ​ដួល​ត្រូវ​ជនសង្ស័យ​វាយ​ផ្ទៃ​មុខរបួស​ជាច្រើន​កន្លែង ថែមទៀត​បណ្តាល​ឲ្យ​សន្លប់​។​

​សមត្ថកិច្ច និង​អ្នក​នៅក្បែរនោះ​និយាយថា ពេលនោះ​មិត្ត​ភ័​ក្រ​បាន​ទៅ​ជួយ​ជនរងគ្រោះ តែ​ត្រូវ​ជនសង្ស័យ​ម្នាក់ទៀត​កាន់​កាំបិត​បុ័ងតោ​ប្រុង​កាប់​។ សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ឈ្មោះ មាន ជៀន​សុជា អាយុ​១៧​ឆ្នាំ ជា​កម្មករ​នៅ​ហាង​លក់​បាយ​ម្ហូប​របស់​ចិន​មួយកន្លែង ជិត​កាស៊ីណូ​។ ក្រោយពី​កើតហេតុ​ហើយ ត្រូវបាន​មិត្ត​ភ័​ក្រ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ទាន់ពេល​។​

​ចំពោះ​អត្តសញ្ញាណ​ជនដៃដល់ សមត្ថកិច្ច​ថា បាន​ស្គាល់ បានកំណត់​ហើយ​។ រីឯ​មូលហេតុ​នៃ​អំពើហិង្សា​ដោយ​ចេតនា​ប៉ង​ទុកជាមុន​ផង​ទៀត​នេះ គឺ​បណ្តាលមកពី​ពួកគេ​ទាំង​ជនបង្ក និង​ជនរងគ្រោះ​ជា​កម្មករ​រួម​អាជីព​ជាមួយគ្នា ហើយ​មាន​គំនុំ​ចាស់​បន្តិចបន្តួច​៕ ល​