អ្នកវិទ្យាសាស្ត្រអះអាងថាវីរុសកូរ៉ូណាអាចឆ្លងតាមរយៈការប៉ះពាល់គ្នា

283
ចែករម្លែក

ការរកឃើញថ្មីមួយបានបង្ហាញថា វីរុសកូរ៉ូណាហាក់មានសមត្ថភាពឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់គ្នា និង ឆ្លងរវាងទីក្រុងនិងទីក្រុង។

នៅក្នុងការសិក្សាចំនួនពីរដែលចុះផ្សាយក្នុងទស្សនាវដ្តី Lancet ពួកអ្នកវិទ្យាសាស្ត្រក៏បានរាយការណ៍ផងដែរថាវីរុសនេះអាចបណ្តាលឱ្យមានរោគសញ្ញាស្រដៀងនឹងរោគសញ្ញាផ្លូវដង្ហើមរ៉ាំរ៉ៃ (ជំងឺសា) ដូចជាគ្រុនក្តៅ ក្អកស្ងួត និង ដង្ហើមខ្លីៗ។

ប៉ុន្តែអ្នកដឹកនាំការស្រាវជ្រាវមួយរូបគឺសាស្រ្តាចារ្យប៊ីន កៅនៃមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុននិងសាកលវិទ្យាល័យវេជ្ជសាស្ត្ររដ្ឋធានីក្នុងប្រទេសចិនបាននិយាយថា ត្បិតមានភាពស្រដៀងគ្នាខ្លះជាមួយជំងឺសា ក៏ប៉ុន្តែមានភាពខុសគ្នាសំខាន់ៗដែរ។

ភាពខុសគ្នាទាំងនោះរួមមានអវត្តមាននៃរោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើដូចជាហៀរសំបោរ កណ្តាស់ និង ឈឺបំពង់ក និង កង្វះនៃរោគសញ្ញាក្នុងពោះវៀន ដូចជា ជំងឺរាគរូសជាដើម ដែលប៉ះពាល់ដល់អ្នកជំងឺសារមួយចំនួន។

ក្រុមអ្នកស្រាវជ្រាវបានវិភាគលើអ្នកជំងឺចំនួន ៤១ នាក់ដំបូងដែលបានឆ្លងវីរុសកូរ៉ូណា ហើយបានរកឃើញថាអ្នកជំងឺជាងពាក់កណ្តាលមានដង្ហើមខ្លី។

ពួកអ្នកស្រាវជ្រាវនិយាយថា អ្នកជំងឺទាំងអស់ដែលដឹកចូលមន្ទីរពេទ្យមានជំងឺរលាកសួត និង ភាគច្រើនគឺគ្រុនក្តៅ (៩៨%) ក្អក (៧៦%) និងអស់កម្លាំង (៤៤%) ។

ពួកអ្នកស្រាវជ្រាវបានបន្ថែមថា ដូចជំងឺសាដែរ ករណីភាគច្រើនបានប៉ះពាល់លើមនុស្សដែលមានសុខភាពល្អ ខណៈករណីតិចជាង១ភាគ៣បានកើតឡើងចំពោះមនុស្សដែលមានជំងឺដូចជា ទឹកនោមផ្អែម (២០%) លើសឈាម (១៥%) និង ជំងឺបេះដូង (១៥%)។

ពួកអ្នកស្រាវជ្រាវនិយាយថា ខណៈប្រភពដើមនៃការចម្លងវីរុសនេះនៅមិនទាន់ដឹង ករណីភាគច្រើនត្រូវបានផ្សាភ្ជាប់ទៅនឹងផ្សារអាហារសមុទ្រហ៊ួណានក្នុងទីក្រុងវូហាន ប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រថាវីរុសកូរ៉ូណាអាចឆ្លងតាមរយៈការប៉ះពាល់គ្នាជាមួយអ្នកជំងឺ