អ្នកវិទ្យាសាស្ត្រ​ចិន​ប្រកាស​អំពី​ការបង្កើត​ទារក​ភ្លោះ​កែ​ហ្សែ​ន​ជា​លើកដំបូង​លើ​ពិភពលោក ដែល​អាច​ទប់ទល់​បាន​នឹង​មេរោគ​ហ៊ី​វ​/​អេដស៍​

1248
ចែករម្លែក
  • 142
    Shares

​អ្នកវិទ្យាសាស្ត្រ​ចិន​លោក ហឺ ចៀន​គុយ បាន​និយាយថា លោក​បាន​ជួយ​បង្កើត​ទារក​ដែល​បាន​កែ​ហ្សែ​ន​ដំបូង​គេ​បង្អស់​របស់​ពិភពលោក គឺ​កូនភ្លោះ​ដែល​កើត​នៅ​ខែ​នេះ ដែល DNA របស់​កូន​នេះ​ត្រូវបាន​គាត់​ផ្លាស់ប្តូរ​ជាមួយនឹង​ឧបករណ៍​ថ្មី​មួយ​ដ៏​មាន​អានុភាព ដែល​អាច​នឹងមាន​លទ្ធភាព​ទប់​ទល់នឹង​ការឆ្លង​មេរោគ​ហ៊ី​វ​/​អេដស៍​នាពេល​អនាគត​។​

​គាត់​បាន​លាតត្រដាង​ដំណឹង​នេះ​នៅ​ហុងកុង មួយ​ថ្ងៃមុន​សន្និសីទ​អន្តរជាតិ​មួយ​ស្តីអំពី​ការកែប្រែ​ហ្សែ​ន ដែល​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រុម​របស់គាត់​បាន​ប្រើប្រាស់​ឧបករណ៍​កែ​ហ្សែ​ន CRISPR-Cas9 ដែល​អាច​កំណត់​ទីតាំង DNA យ៉ាងច្បាស់​លាស់ និង​ធ្វើ​ប្រតិបត្តិការ DNA ដើម្បី​ផ្គត់ផ្គង់​ហ្សែ​ន​ចាំបាច់ ឬ បិទ​ហ្សែ​ន ដែល​បង្កឱ្យមាន​បញ្ហា​។​

​ទោះយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន AP បាន​និយាយថា ការប្រកាស​នេះ​មិនអាច​ត្រូវបាន​បញ្ជា​ក់ដោយ​ឯករាជ្យ​បានទេ ព្រោះ​វា​មិន​ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី ដូច​សព្វមួយដង សម្រាប់​ការស្រាវជ្រាវ​ណា​ដែល​ជោគជ័យ​។ AP ធ្លាប់​សម្ភាស​ផ្តាច់មុខ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​នេះ​ពីមុន​ផងដែរ​។​

​ការកែ​ហ្សែ​ន​ក៏​អាច​បង្កើន​បញ្ហា​សីលធម៌​និង​ក្រមសីលធម៌​ផងដែរ​។ អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​ថ្កោលទោស “​ការពិសោធ​លើ​មនុស្ស​” ខណៈ​អ្នកឯកទេស​ដទៃទៀត​រួមទាំង​អ្នកឯកទេស​ខាង​ហ្សែ​ន​ដ៏​ល្បីឈ្មោះ​មួយរូប​មកពី​សាកលវិទ្យាល័យ​ហា​វើដ គឺ​លោ​កច​ច ឆឺ​ច បាន​ការពារ​ការប៉ុនប៉ង​កែ​ហ្សែ​ន​សម្រាប់​ទប់ទល់​នឹង​មេរោគ​អេដស៍ ដោយ​ហៅ​វា​ថា “​សម​ហេតុផល​”៕ ដោយ៖ កញ្ញាដាលីស