អ្នកវិទ្យាសាស្ត្រ​បង្កើត​អំប្រ៊ីយ៉ុង​ដើម្បី​សង្គ្រោះ​រមាស​ជិត​ផុត​ពូជ​

548

​ប៉ុន្មាន​ខែ​បន្ទាប់ពី​ការស្លាប់​របស់​រមាស​ឈ្មោះ ស៊ូដង់ ដែលជា​រមាស​ឈ្មោល​សម្បុរ​សភាគ​ខាងជើង​ចុងក្រោយ​របស់​ពិភពលោក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​កក្កដា​ថា ពួកគេ​បាន​បង្កើត​អំប្រ៊ីយ៉ុង ដែលមាន DNA របស់​ស៊ូដង់ ដោយ​សង្ឃឹមថានឹង​ជួយសង្គ្រោះ​ពូជ​រមាស​នេះ​ពី​ការ​ផុត​ពូជ​។​

​ដោយ​នៅសល់​រមាស​សម្បុ​រស​ភាគ​ខាងជើង (NWR) ២ ក្បាល ដែលជា​រមាស​ញី​អាច​បង្កាត់​ពូជ​បាន​ចុងក្រោយ ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា​បច្ចេកទេស​ដ៏​សំខាន់​របស់​ពួកគេ​នឹង​នាំឱ្យមាន​ការបង្កើតឡើង​វិញ​នូវ​ចំនួន​រមាស​នេះ​។​

​លោក ថូ​ម៉ាស ហ៊ីល​ឌ័​រ​ប្រ៊ែ​ន ប្រធាន​ផ្នែក​គ្រប់គ្រង​ការបន្ត​ពូជ​នៅ​វិទ្យាស្ថាន​លី​ប​នី​ស (Leibniz) សម្រាប់​ការអភិរក្ស​សត្វព្រៃ​និង​សួនសត្វ​នៅ​ទីក្រុង​បែរ​ឡាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​អំពី​ការងារ​នេះ​ថា “​គោលដៅ​របស់​យើង​គឺ​ចង់ឱ្យ​កូន​រមាស​សម្បុរ​ស​ទី​១ ក្នុង​រយៈពេល ៣ ឆ្នាំ​។ ដោយ​គិតពី​ការ​ផើម​រយៈពេល ១៦​ខែ យើង​មាន​ពេល​ច្រើនជាង​មួយឆ្នាំ​ដើម្បី​ទទួលបាន​ជោគជ័យ​”​។

​លោក​ហ៊ីល​ឌ័​រ​ប្រ៊ែ​ន​និយាយថា ឥឡូវនេះ​ដោយ​បង្កក​អំប្រ៊ីយ៉ុង​ទុក​រួចរាល់​ហើយ​នោះ គឺ “​មានឱកាស​ខ្ពស់​ណាស់​ក្នុងការ​ធ្វើឱ្យ​រមាស​ផើម នៅពេលណា​ដែល​គេ​បញ្ចូល​អំប្រ៊ីយ៉ុង​នោះ​ទៅក្នុង​រមាស​ញី​”​។​

​បច្ចុប្បន្ន​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថានឹង​ប្រើ​បច្ចេកទេស​នេះ​ដើម្បី​ប្រមូល​ស៊ុត​ពីរ​មាស​ញី​ទាំង​២​ក្បាល​ចុងក្រោយ​គឺ ឈ្មោះ ណា​ជីន និង ហ្វា​ទូ ដែលជា​កូន​និង​ចៅ​របស់​រមាស​ឈ្មោះ​ស៊ូដង់​។ ពួកវា​សព្វថ្ងៃ​កំពុង​រស់នៅក្នុង​ឧទ្យាន​ជាតិ​កេ​ន​យ៉ា​៕ ដោយ៖ កញ្ញាដាលីស

ណា​ជីន និង ហ្វា​ទូ ជា​រមាស​ញី​សម្បុរ​ស​ចុងក្រោយ កំពុង​រស់នៅ​កេ​ន​យ៉ា