អ្នកវិទ្យាសាស្ត្រ​បង្កើត​ចាន​បង្គន់​ឆ្លាត ​អាច​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់ តាមរយៈ​ការពិនិត្យ​ដឹង​ជាមុន​នូវ​រោគសញ្ញា​នៃ​ជំងឺខ្សោយបេះដូង​

319
ចែករម្លែក
  • 5
    Shares

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​ចាន​បង្គន់​មួយ ដែល​អាច​រកឃើញ​ជាមុន​នូវ​រោគសញ្ញា​នៃ​ជំងឺខ្សោយបេះដូង មុន​ពេលដែល​រោគសញ្ញា​ទាំងនោះ​លេច​រូបរាង​ឡើង​។​

​ឧបករណ៍​នេះ​គឺ​បំពាក់​នៅ​ពីលើ​ចាន​បង្គន់​ធម្មតា​និង​មាន​ឧបករណ៍​ចាប់​សញ្ញា​ដែល​អាច​វាស់​អត្រា​ចង្វាក់បេះដូង សម្ពាធ​ឈាម​និង​កម្រិត​អុកស៊ីហ៊្សែន​របស់​អ្នកជំងឺ តាមរយៈ​ជើង​របស់​ពួកគេ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាងថា ផលិតផល​នេះ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់លាន​នាក់​និង​ជួយ​សម្រួល​ដល់​អ្នកជំងឺ​ដែល​ប្រឈម​គ្រោះថ្នាក់​ខ្ពស់ ជាមួយ​ព័ត៌មាន​ត្រឹមត្រូវ​ច្បាស់លាស់​និង​ទាន់ពេលវេលា​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា បច្ចុប្បន្ន​មានតម្លៃ ១.៥០០ ផោន (​ជិត​២​ពាន់​ដុល្លារ​) ក្នុង​មួយ​ចាន​បង្គន់ វា​មិនមាន​តម្លៃថោក​នោះទេ ​ប៉ុន្តែ​វា​អាច​សន្សំ​ប្រាក់​ពី​ការ​ទៅ​មន្ទីរពេទ្យ​និង​លើកកម្ពស់​សុខភាព​រប​ស់មនុស្ស​។​

​ក្រុម​អ្នកបង្កើត​ចាន​បង្គន់​នៅ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​រ៉ូ​ឆេ​ស្ទើ ​នៅ​ទីក្រុង​ញូវយ៉ក​បាន​បង្កើត​និង​ផលិត​ចាន​បង្គន់​នេះ​ឡើង ដោយ​សង្ឃឹមថានឹង​កាត់បន្ថយ​អត្រា​ចំណាយ​នៅ​មន្ទីរពេទ្យ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា អ្នកជំងឺ​ខ្សោយបេះដូង​ប្រហែល​មួយ​ភាគ​បួន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ម្តងទៀត​ក្នុងអំឡុងពេល ៣០ ថ្ងៃ​បន្ទាប់ពី​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​៤៥​ភាគរយ​ទៀត​ត្រូវបាន​បញ្ជូនមក​ពេទ្យ​វិញ​ក្នុង​រយៈពេល ៦ សប្តាហ៍​។​

​តាមរយៈ​ការត្រួតពិនិត្យ​អ្នកជំងឺ​នៅផ្ទះ​និង​មិន​តម្រូវឱ្យ​ពួកគេ​ធ្វើ​អ្វី​ទៀត​ស្មុគស្មាញ​នោះ គ្រូពេទ្យ​អាច​រក្សា​ការតាមដាន​អ្នកជំងឺ​បាន​យ៉ាង​ដិតដល់​។​

​ទិន្នន័យ​ពី​ចាន​បង្គន់ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ WiFi អាច​ផ្ទេរ​ទៅ​វេជ្ជបណ្ឌិត​ដោយ​ស្វ័យប្រវត្តិ ប្រសិនបើ​ចាំបាច់ ដូច្នេះ​វេជ្ជបណ្ឌិត​អាច​សម្រេច​ចិត្តបាន​ថា​តើ​អ្នកជំងឺ​ចាំបាច់​ត្រូវ​ព្យាបាល​ឬ​អត់​៕ ដោយ៖ កញ្ញាដាលីស/Ha

ចាន​បង្គន់​ឆ្លាត​នេះ​អាច​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ខ្សោយបេះដូង​រាប់លាន​នាក់