អ្នកវិទ្យាសាស្ត្រ​បង្ហាញ​ក្តីសង្ឃឹម​ខ្ពស់ និង​ក្តីរំភើប​ឥតឧបមា ចំពោះ​លទ្ធផល​តេស្ត​សាកល្បង​រកមើល​ជំងឺមហារីក​

381

​អ្នកវិទ្យាសាស្ត្រ​បាន​បោះជំហាន​ឆ្ពោះទៅរក​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ដ៏​ធំ​បំផុត​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ដែល​នោះ​គឺ​ការធ្វើ​តេស្ត​ឈាម​ជា​សកល​សម្រាប់​រកមើល​ជំងឺមហារីក​។​

​ក្រុម​ស្រាវជ្រាវ​មួយ​នៅ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន (Johns Hopkins University) បាន​សាកល្បង​វិធីសាស្ត្រ​មួយ ដែល​រកឃើញ​ទម្រង់​ទូទៅ​ចំនួន ៨ នៃ​ជំងឺមហារីក​។​

​ចក្ខុវិស័យ​របស់​ពួកគេ​គឺ​ការធ្វើ​តេស្ត​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក​ឱ្យបាន​ទាន់ពេលវេលា​និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ ក្រុម​អ្នកជំនាញ​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយថា ការធ្វើ​តេស្ត​នេះ​គឺ​ពិតជា “​គួរឱ្យ​រំភើប​ខ្លាំងណាស់​”​។​

​ដុំ​សាច់​ជាធម្មតា​បញ្ចេញ​នូវ​ដាន​តូចៗ​នៃ DNA ដែល​ប្រែ​រូបរាង​របស់​វា និង​សារធាតុ​ប្រូតេអ៊ីន ដែល​ពួកវា​បញ្ជូន​ចូលទៅក្នុង​ចរន្តឈាម​។​

​ការធ្វើ​តេស្ត​រក​ជំងឺមហារីក​នេះ​គឺ​ពិនិត្យមើល​ការ​ប្រែ​រូបរាង​ហ្សែ​ន​ចំនួន ១៦ ដែល​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ជំងឺមហារីក និង​ប្រូតេអ៊ីន ៨ ដែល​តែងតែ​ត្រូវបាន​បញ្ចេញ​ជា​ញឹកញាប់​។​

​វា​ត្រូវបាន​គេ​សាកល្បង​លើ​អ្នកជំងឺ ១.០០៥ នាក់​ដែលមាន​ជំងឺមហារីក​អូវែ ថ្លើម ក្រពះ លំពែង បំពង់​អាហារ ពោះវៀនធំ សួត ឬ សុដន់ ដែល​មិនទាន់​ឆ្លង​រាលដាល​ទៅ​ជាលិកា​ដទៃទៀត​។​

​សរុប​ជារួម ការធ្វើ​តេស្ត​នេះ​រកឃើញ​ជំងឺមហារីក ៧០ ភាគរយ​។​

​លោក​វេជ្ជបណ្ឌិត គ្រី​ស្ទា​ន ថូ​ម៉ា​សេត​ទី (Cristian Tomasetti) មកពី​សាលា​ជំនាញ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ីថា “​ការរកឃើញ​មហារីក​ជាមុន​នេះ​គឺ​ពិតជា​សំខាន់​ណាស់ ហើយ​លទ្ធផល​គឺ​ពិតជា​គួរឱ្យ​រំភើប​ខ្លាំងណាស់​។ ខ្ញុំ​គិតថា នេះ​អាចមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ករណី​ស្លាប់​ដោយសារ​ជំងឺមហារីក​”​។​

​ការរកឃើញ​ជំងឺមហារីក​កាន់តែ​ឆាប់ ឱកាស​ព្យាបាល​ជំងឺ​នេះ​ឱ្យ​ជាសះស្បើយ​គឺ​កាន់​តែមាន​ច្រើន​៕ ដោយ៖ កញ្ញាដាលីស