អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​ការកែប្រែ​ហ្សែ​ន​ដើម្បី​លុបបំបាត់​មេរោគ​ក្នុង​សត្វ​ជ្រូក ដើម្បី​បើកផ្លូវ​ដល់​ការប្តូរ​សរីរាង្គ​ជ្រូក​ដែល​គ្មាន​មេរោគ​មក​មនុស្ស​

1503

​ការបណ្តុះ​សរីរាង្គ​ផ្សាំ​របស់​មនុស្ស​នៅក្នុង​ខ្លួន​ជ្រូក​បានក្លាយ​ជាការ​រំពឹង​ទុក​កាន់តែ​ប្រាកដប្រជា​ជាង​មុន​បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់​ការកែប្រែ​ហ្សែ​ន​ដ៏​ទំនើប​ដើម្បី​លុបបំបាត់​មេរោគ​ដែល​គំរាមកំហែង​ចេញពី DNA របស់​សត្វ​ជ្រូក​។​

​វីរុស​ឈ្មោះ PERV ត្រូវបាន​បង្កប់​ជា​អចិ​ន្ត្រៃ​នៅក្នុង​ហ្សែ​ន​សត្វ​ជ្រូក​ប៉ុន្តែ​ការស្រាវជ្រាវ​បានបង្ហាញ​ថា​វា​អាច​ឆ្លងទៅ​កោសិកា​របស់​មនុស្ស​ដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ជាខ្លាំង​។​

​វត្តមាន​នៃ​វីរុស​នេះ​គឺជា​ការ​ឧបសគ្គ​ដ៏​ធំ​មួយ​ដែល​រារាំង​ការបង្កើត​សត្វ​ជ្រូក​ដែលមាន​ហ្សែ​ន​ផ្សាំ​ដើម្បី​ផ្តល់​ក្រលៀន​និង​សរីរាង្គ​ដទៃទៀត​សម្រាប់​ប្តូរ​ជាមួយ​អ្នកជំងឺ​ជាម​នុស្ស​។​

​ការស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Science បាន​និយាយថា ឧបសគ្គ​នេះ​ឥឡូវ​អាច​ត្រូវបាន​បំបាត់ចោល​វិញ​បាន​។​

​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហា​វើត​និង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ប្រើប្រាស់​ឧបករណ៍​កែច្នៃ​ហ្សែ​ន Crispr-Cas9 រួម​ជាមួយនឹង​បច្ចេកវិជ្ជា​ជួសជុល​ហ្សែ​ន​ដើម្បី​ធ្វើឱ្យ​មេរោគ​រលាយ ១០០ ភាគរយ​នៅលើ​កោសិកា​ជ្រូក​។​

​កូនជ្រូក​ដែល​ត្រូវបាន​ក្លូន​ចេញពី​កោសិកា​សរសៃប្រសាទ បានក្លាយ​ទៅជា​គ្មាន​វីរុស​។​

​វេជ្ជបណ្ឌិត​លូ​ហាន យ៉ាង សហ​ស្ថាបនិក​និង​ជា​ប្រធាន​អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមហ៊ុន​បច្ចេកវិជ្ជា eGenesis បាន​និយាយថា “​នេះ​ជា​ទស្សនា​វ​ដ្តី​លេខ​ចេញផ្សាយ​ដំបូង​គេ​បង្អស់​ហើយ ដែល​បាន​រាយការណ៍​អំពី​ការផលិត​ជ្រូក​គ្មាន​មេរោគ​។ យើង​បាន​បង្កើត​ពិធីការ​មួយ​ដើម្បី​ជំរុញ​ការកែប្រែ​ពហុ​ហ្សែ​ន ដោយ​បំបាត់​រាល់​សកម្មភាពរ​បស់​វីរុស Perv ដោយ​ប្រើ​បច្ចេកវិជ្ជា Crispr នៅក្នុង​បណ្តុំ​ពពួក​ប​សុ​បក្សី​បឋម​ដែល​អាច​ក្លូន​បាន និង​កូនជ្រូក​ដែល​មិនមាន​វីរុស ដោយ​ជោគជ័យ​”​។​

​លោក​បន្តថា “​ការស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ការរីកចម្រើន​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​អំពី​ការឆ្លង​មេរោគ​ពេល​ប្តូរ​សរីរាង្គ​ពី​ជ្រូក​មក​មនុស្ស​។​ក្រុមការងារ​របស់​យើង​នឹងធ្វើ​វិស្វកម្ម​បន្ថែមទៀត​ដើម្បី​ផលិត​សំណាក​ជ្រូក​ដែល​គ្មាន​វីរុស​ដើម្បី​ផ្តល់​ការព្យាបាល​ដោយ​ហ្សែ​ន​ដល់​មនុស្ស​”៕ ដោយ៖ កញ្ញាដាលីស