អ្នកវិទ្យាសាស្ត្រ​រកឃើញ​ភព​ចំនួន ២.០០០ នៅក្រៅ​កញ្ចុំ​ផ្កាយ​មី​ល​គី​វ៉េ ជា​លើកដំបូង​

396

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​អ្នក​តារា​រូបសាស្ត្រ​បាន​រកឃើញ​ភព​ជាច្រើន​នៅ​ខាងក្រៅ​កញ្ចុំ​ផ្កាយ​មី​ល​គី​វ៉េ​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក្នុង​ទស្សនា​វ​ដ្តី Astrophysical Journal Letters​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អូ​ក្លា​ហូ​ម៉ា​បាន​រកឃើញ​ភព​ប្រមាណ ២.០០០ ដែលមាន​ទំហំ​ចម្រុះ គឺ​ចាប់ពី​ប៉ុន​ព្រះ​ចន្ទ​នៃ​ភពផែនដី​រហូតដល់​ទំហំ​ប៉ុន​ភព​ព្រហស្បតិ៍ តាមរយៈ​ការ​ពិនិត្យមើល​ទិន្នន័យ​ប្រមូលបាន​ដោយ​មណ្ឌល​អង្កេត​តាមដាន​កាំរស្មីអ៊ិច​ច​ន្ត្រា (Chandra X-ray) របស់​រដ្ឋបាល​អាកាស​និង​ទី​អវកាស​ជាតិ​អាមេរិក​។​

​ទោះបី​ភព​ផ្សេង​នៅ​ខាងក្រៅ​កាឡាក់ស៊ី (​កញ្ចុំ​ផ្កាយ​មី​ល​គី​វ៉េ​) របស់​យើង​ត្រូវបាន​រកឃើញ​កាលពីមុន​ក្តី ក៏ប៉ុន្តែ​អ្វីដែល​ញែក​ដាច់​ការរកឃើញ​លើក​នេះ​ពី​ការរកឃើញ​មុនៗ​គឺថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែលមាន​ភស្តុតាង​បញ្ជាក់​អំពី​ភព​នានា​នៅ​ខាងក្រៅ​កាឡាក់ស៊ី​របស់​យើង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ភព​ក្រៅ​កាឡាក់ស៊ី​ដោយ​ប្រើ​បច្ចេកទេស​មីក្រូ​លែ​ន​ទំនាញ (Gravitational Microlensing) ដែលជា​បាតុភូត​តារាសាស្ត្រ​មួយ​អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ត្រ​រកឃើញ​វត្ថុ​នៅក្នុង​ទី​អវកាស​ដោយ​ប្រើ​ពន្លឺ​ដែល​បត់បែន​ដោយ​វាល​ដែន​ទំនាញ​។​

​លោក ស៊ីន​យូ តា​យ (Xinyu Dai) អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​មាន​ក្តីរំភើប​ខ្លាំងណាស់​ចំពោះ​ការរកឃើញ​នេះ​។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​មនុស្ស​បាន​រកឃើញ​ភព​នៅ​ខាងក្រៅ​កាឡាក់ស៊ី​របស់​យើង​។ ភព​តូចៗ​ទាំងនេះ​គឺជា​ភព​ល្អ​បំផុត​សម្រាប់​ការស្រាវជ្រាវ ដែល​យើង​បាន​សង្កេត​នៅក្នុង​ការសិក្សា​នេះ​ដោយ​ប្រើ​បច្ចេកទេស​មីក្រូ​លែ​ន​ទំនាញ​។ យើង​បាន​វិភាគ​កម្រិត​ប្រេកង់​ខ្ពស់​នៃ​ភព​ទាំងនេះ​តាមរយៈ​ការបង្កើត​ទិន្នន័យ​ដើម្បី​កំណត់​ទម្ងន់​របស់​វា​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយទៀត អ្នកនិពន្ធ​ការសិក្សា​មួយរូប​ទៀត​ឈ្មោះ អេ​ឌូ​អា​ដូ ក្វេ​រ៉ា​ស់ និយាយថា​ភព​ទាំងនោះ​ស្ថិតនៅក្នុង​កាឡាក់ស៊ី​នៅ​ចម្ងាយ​ប្រហែល ៣,៨ ពាន់​លាន​ឆ្នាំ​ពន្លឺ​ពី​ផែនដី​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អូ​ក្លា​ហូ​ម៉ា​បាន​រកឃើញ​ភព​ប្រមាណ ២.០០០