អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​រកឃើញ​វិធីសាស្ត្រ​ថ្មី​អាច​ច្នៃ​កាកសំណល់​ប្លា​ស្ទិ​កក​ខ្វក់​ទៅជា​ថាមពល​អគ្គិសនី​

268
ចែករម្លែក

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​បង្កើត​វិធីសាស្ដ្រ “​ដំបូងបង្អស់​នៅលើ​ពិភពលោក​” ដែល​អាចធ្វើឱ្យ​ប្លា​ស្ទិ​ក​មិនអាច​កែច្នៃ​បានក្លាយ​ទៅជា​ឥន្ធនៈ​អ៊ីដ្រូសែន ដែល​អាច​ប្រើ​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​រថយន្ត​និង​ផ្ទះសម្បែង​។​

​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ឆេ​ស្ទើរ​បស់​អង់គ្លេស​បាន​ផ្តោតលើ​វត្ថុ​ធាតុ​ជាច្រើន​ដែល​មិនអាច​យកមក​កែច្នៃ​ឡើងវិញ​បាន​ដូចជា​ថង់​ជ័រ​វេច​ខ្ចប់​អាហារ​ឬ​ប្លា​ស្ទិ​ក​ដែល​ស្រង់​បាន​ពី​ឆ្នេរសមុទ្រ​។​

​ពួកគេ​សង្ឃឹម​ប្រែក្លាយ​វា​ទៅជា​ឥន្ធនៈ​អ៊ីដ្រូសែន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​និង​ថាមពល​អគ្គិសនី ខណៈ​មិន​បន្សល់ទុក​នូវ​កាកសំណល់​ប្លា​ស្ទិ​ក​នោះទេ​។​

​ក្រុម​អ្នក​អភិវឌ្ឍ​អះអាងថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​ក្រុម​អ្នកជំនាញ​បាន​បង្កើត​វិធីសាស្ត្រ​មួយ​ដែល​ប្រើ​គ្រប់​ប្រភេទ​ប្លា​ស្ទិ​កក​ខ្វក់​និង​មិន​បន្សល់ទុក​នូវ​កាកសំណល់​។​

​ដំណើរការ​កែច្នៃ​គឺពាក់ព័ន្ធ​នឹង​ការប្រមូល​យក​ប្លា​ស្ទិ​កក​ខ្វក់​មិនទាន់​លាង​និង​មិនទាន់​បែងចែក​ប្រភេទ មក​កាត់​ជា​ពីរ​បំណែក​ប្រវែង​៥​សង់ទីម៉ែត្រ មុនពេល​ដុត​រំលាយ​វា​ក្នុង​កម្តៅ ១.០០០ អង្សា​។ ឧស្ម័ន​ដែល​បង្កើតឡើង​ក្នុង​ដំណើរការ​នេះ បន្ទាប់មក​គឺ​ត្រូវ​បំ​លែង​ទៅជា​ថាមពល​អគ្គិសនី​។

​គេ​សង្ឃឹមថា​បច្ចេកវិជ្ជា​ដែលមាន​ប៉ាតង់​រួចរាល់​មួយ​នេះ​នឹងមិន​ត្រឹម​អាច​ផ្តល់​ថាមពល​ដល់​រោងចក្រ​របស់ខ្លួន​នៅ​ទីក្រុង​កំពង់ផែ​អែល​ឡេស​មៀ ក្នុង​ខេត្ត​ឆេស​ស័​រ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ទះ​ចំនួន ៧.០០០ ខ្នង​ក្នុង​មួយថ្ងៃ​និង​រថយន្ត​ប្រើ​ឥន្ធនៈ​អ៊ីដ្រូសែន​បាន ៧.០០០ គ្រឿង​រាល់​ពីរ​សប្តាហ៍​ក្នុង​ចក្រភព​អង់គ្លេស​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស