អ្នកវិទ្យាសាស្ត្រ​អាមេរិក​និង​ចិន​បង្កើត​វ៉ា​ក់​ប្រឆាំងនឹង​វីរុស​គ្រុនផ្តាសាយ​ជា​សកល​លើកដំបូង​

876
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​និង​ចិន​បាន​បង្កើត​វ៉ាក់សាំង​ភាគល្អិត​ណា​ណូ (Nanoparticle) ថ្មី​មួយ ដែលមាន​ប្រសិទ្ធភាព​ការពារ​សត្វ​កណ្តុរ​ប្រឆាំងនឹង​វីរុស​គ្រុនផ្តាសាយ​ប្រភេទ A​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​កក្កដា នៅក្នុង​របាយការណ៍រ​បស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ជាតិ​របស់​អាមេរិក​។​

​វ៉ាក់សាំង​២​ស្រទាប់ ដែល​ផលិតឡើង​ដោយ​សមាស​ធាតុគីមី​ឈ្មោះ Peptides បានបង្ហាញ​ពី​សក្តានុពល​ខ្លាំងក្លា​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ផ្តាសាយ​ជាច្រើន​ប្រភេទ ដោយ​ផ្តល់នូវ​វិធីសាស្ត្រ​គួរ​ជាទី​រំពឹង​សម្រាប់​ការបង្កើត​វ៉ាក់សាំង​ផ្តាសាយ​ជាស​កល​។​

​ខុសពី​វ៉ាក់សាំង​ការពារ​វីរុស​គ្រុនផ្តាសាយ​តាម​រដូវ ដែល​ត្រូវធ្វើ​បច្ចុប្បន្ន​ភាពជា​រៀងរាល់ឆ្នាំ​និង​ប្រឈម​ហានិភ័យ​នៃ​ភាពមិន​ត្រូវ​គ្នា​នឹង​ប្រភេទ​ជំងឺ​គ្រុនផ្តាសាយ​រាតត្បាត​នោះ វ៉ាក់សាំង​ផ្តាសាយ​ជា​សកល​នេះ​អាចជួយ​ការពារ​យ៉ាង​ទូលំទូលាយ​ប្រឆាំងនឹង​វីរុស​គ្រុន​ផ្តាសាយធំ​ជាច្រើន​។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Georgia State University, Georgia Institute of Technology, Emory University និង​សាកលវិទ្យាល័យ Henan Normal របស់​ចិន​បានសម្រេច​ចិត្ត​ប្រើ​សមាស​ធាតុគីមី Peptides ព្រោះ​ជា​សមាសធាតុ​ផ្សំ​នៃ​អាស៊ីត​អា​មី​ណូ ២ ឬ​ច្រើន ដែលមាន​នៅក្នុង​ខ្សែសង្វាក់​តែមួយ​។​

​យោងតាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ភាគល្អិត​ណា​ណូ​គឺ​ចេះ​ធ្វើ​ត្រាប់​តាម​រោគសញ្ញា​វីរុស​និង​ផ្តួចផ្តើម​សញ្ញា​គ្រោះថ្នាក់ ដែល​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ឆ្លើយតប​យ៉ាងសកម្ម​។​

​ពួកគេ​រកឃើញថា កណ្តុរ​ដែល​ទទួល​វ៉ាក់សាំង​ភាគល្អិត​ណា​ណូ អាច​រួច​រស់​ជីវិត​ពី​ជំងឺ​គ្រុនផ្តាសាយ A ខណៈដែល​កណ្តុរ​ផ្សេងទៀត​ដែល​ទទួល​វ៉ាក់សាំង​ធម្មតា គឺ​ងាប់​អស់​នៅ​មួយ​សប្តាហ៍​ក្រោយ​។

​លោក វ៉ាង ប៉ាវ​ចុង អ្នកនិពន្ធ​ជាន់ខ្ពស់​នៃ​ការសិក្សារ​នេះ​មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជីវ​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Georgia State University បាន​និយាយថា វិធីសាស្ត្រ​អភិវឌ្ឍន៍​វ៉ាក់សាំង​នេះ​ក៏​អាច​ប្រើប្រាស់​ដើម្បី​បង្កើត​វ៉ាក់សាំង​សម្រាប់​ជំងឺមហារីក និង ជំងឺ​បង្កឡើង​ដោយ​បាក់តេរី​ផ្សេងៗ​ទៀតផង​ដែរ​៕ ដោយ៖ កញ្ញាដាលីស