អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​បង្កើត​បាក់តេរី “​ស៊ី​” តែ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស​

441
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​អ៊ីស្រាអែល​បាន​បង្កើត​បាក់តេរី​ស៊ី​តែ​កាបូនឌីអុកស៊ីត​ប៉ុណ្ណោះ​។ នេះ​យោងតាម​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វី​ស្មាន់ (WIS) នៅ​ភាគ​កណ្តាល​អ៊ីស្រាអែល​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។​

​បាក់តេរី​ទាំងនេះ ដែល​បង្កើត​ជីវម៉ាស​ទាំង​មូលនៃ​រាងកាយ​របស់​ពួកវា​ពី​កាបូន​នៅក្នុង​ខ្យល់អាកាស អាច​នឹង​ជួយ​ក្នុងការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​នាពេល​អនាគត​ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​បរិយាកាស​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​កម្តៅ​ផែនដី​។​

​យោងតាម​ការសិក្សា​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ Cell បានឱ្យដឹងថា បាក់តេរី​ទាំងនេះ​ឈប់​ពឹងផ្អែក​ទាំងស្រុង​លើ​ជាតិ​ស្ករ បន្ទាប់ពី​ដំណើរការ​ចិញ្ចឹមជីវិត​ពឹង​លើ​ស្ករ​ជិត​មួយ​ទសវត្សរ៍​។​

​អ្នកវិទ្យាសាស្ត្រ​អ៊ីស្រាអែល​មានលទ្ធភាព “​ធ្វើ​កម្មវិធី​ឡើងវិញ​” ចំពោះ​បាក់តេរី​ឈ្មោះ E.coli ដែល​ស៊ី​ស្ករ និង បញ្ចេញ​កាបូនឌីអុកស៊ីត ដូច្នេះ​ពួកវា​បាន​ស៊ី​កាបូនឌីអុកស៊ីត​ពី​បរិយាកាស និង ផលិត​ជាតិ​ស្ករ ដែល​ពួកវា​ត្រូវការ​ដើម្បី​ពង្រឹង​រាងកាយ​របស់​វា​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ផ្គូរ​ផ្គង​ហ្សែ​ន​ដែល​ចាំបាច់​សម្រាប់​ដំណើរការ​នេះ​និង​បន្ថែម​ពួកវា​មួយចំនួន​ទៅក្នុង​ហ្សែ​ន​បាក់តេរី​នៅក្នុង​បន្ទប់ពិសោធន៍​។​

​ក្រៅពីនេះ ពួក​អ្នកស្រាវជ្រាវ​បាន​បញ្ចូល​ហ្សែ​ន​មួយ​ទៅ​បាក់តេរី ដែល​អនុញ្ញាតឱ្យ​ពួកវា​ទទួលបាន​ថាមពល​ពីសារ​ធាតុ​ដែល​គេ​ហៅថា Formate​។​

​នេះ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​បាក់តេរី​ផ្លាស់ប្តូរ​របប​អាហារ​របស់​ពួកវា​នោះទេ ហើយ​ដំណើរការ “​វិ​វត្ត​នៅ​មន្ទីរពិសោធន៍​” គឺ​ត្រូវការ​ចាំបាច់​ដើម្បី​ផ្តាច់​ពួកវា​បន្តិច​ម្តងៗ​ពី​ជាតិ​ស្ករ​។​

​នៅ​ដំណាក់កាល​នីមួយៗ​នៃ​ដំណើរការ​នេះ បាក់តេរី​ទទួលបាន​ប​រិ​មាណ​ជាតិ​ស្ករ​កាន់តែ​តិច ហើយ​ក្នុងពេល​តែមួយ​ទទួលបាន​បរិមាណ​កាបូ​ន​ឌីអុកស៊ីត​និង​សារធាតុ Formate ច្រើន​។​

​កូនចៅ​របស់​បាក់តេរី​បាន​ផ្តាច់​ចេញពី​ស្ករ​បណ្តើរៗ​រហូត​ក្រោយ​រយៈពេល​ប្រហែល ៦ ខែ​នៃ​ការ​សម្រប​ខ្លួន​ទៅនឹង​របប​អាហារ​ថ្មី ដោយ​បាក់តេរី​ខ្លះ​បាន​ផ្តាច់ខ្លួន​ទាំងស្រុង​ពី​ជាតិ​ស្ករ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ជឿថា​ទម្លាប់ “​មាន​សុខ​ភាពល្អ​” នៃ​បាក់តេរី​ទាំងនេះ​អាច​សប​ញ្ជា​ពី​សុខ​ភាពល្អ​សម្រាប់​ភពផែនដី​។​

​ឧទាហរណ៍​ជាក់ស្តែង ក្រុមហ៊ុន​ជីវបច្ចេកវិជ្ជា​ជាច្រើន​ដែល​ប្រើ​ផ្សិត​ឬ​កោសិកា​បាក់តេរី​ដើម្បី​ផលិត​សារធាតុ​គីមី​សម្រាប់​ប្រើប្រាស់ អាច​នឹង​ផលិត​បាក់តេរី​ប្រភេទ​ទាំងនេះ​នៅក្នុង​កោសិកា ដោយ​ប្រើ​កាបូនឌីអុកស៊ីត​ជំនួស​ឱ្យ​បរិមាណ​ស៊ី​រ៉ូ​ពោត​ដែល​ប្រើ​សព្វថ្ងៃ​៕ ដោយ៖ កញ្ញាដាលីស

បាក់តេរី​ពិសោធន៍​របស់​អ៊ីស្រាអែល​អាច​ស៊ី​កាបូនឌីអុកស៊ីត​ក្នុង​បរិយាកាស