អ្នកវិទ្យាសាស្ត្រ​៣​នាក់​ឈ្នះ​ពានរង្វាន់​ណូបែល​គីមីវិទ្យា​

801

​អ្នកវិទ្យាសាស្ត្រ​អាមេរិក​លោកស្រី ហ្វ្រា​ន់​សេស អា​ណុល (Frances Arnold) និង​លោក ច​ច ស្មី​ត (George Smith) និង​អ្នកស្រាវជ្រាវ​អង់គ្លេស​លោក ហ្គ្រេ​ហ្គោ​រី វីន​ធឺ (Gregory Winter) បានឈ្នះ​រង្វាន់​ណូបែល​គីមីវិទ្យា​កាលពី​ថ្ងៃ​ពុធ​ទី​៣​តុលា សម្រាប់​ការអនុវត្ត​គោលការណ៍​នៃ​ការវិវត្ត​ដើម្បី​អភិវឌ្ឍ​ប្រូតេអ៊ីន​ដែល​ប្រើប្រាស់​នៅក្នុង​អ្វីៗ​គ្រប់យ៉ាង​រាប់​ចាប់ពី​ជីវ​ឥន្ធនៈ​ថ្មីៗ​រហូតដល់​ឱសថ​លក់ដាច់​បំផុត​លើ​ពិភពលោក​។​

​លោកស្រី អា​ណុល ដែលជា​ស្ត្រី​ទី ៥ ឈ្នះ​ពានរង្វាន់​ដ៏​ល្បីល្បាញ​បំផុត​ផ្នែក​គីមីវិទ្យា ចាប់តាំងពី​លោកស្រី ម៉ា​រី គូ​រី (Marie Curie) បានទទួល​ពាន​នេះ​កាលពី​ឆ្នាំ ១៩១១​នោះ បានឈ្នះ​ប្រាក់រង្វាន់​ពាក់កណ្តាល​នៃ​ទឹកប្រាក់​សរុប​ចំនួន ៩ លាន​ក្រូ​ន័​រ​របស់​ស៊ុយអែត (​ប្រហែល ១,០១ លាន​ដុល្លារ​) ខណៈដែល​លោក​ស្មី​ត​និង​លោក​វីន​ធឺ ចែកគ្នា​ម្នាក់​ពាក់កណ្តាល​នូវ​ទឹកប្រាក់​នៅសល់​។​

​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ស៊ុយ​អ៊ែត​បាន​និយាយថា “​ជ័យលាភី​ណូបែល​គីមីវិទ្យា​ឆ្នាំ ២០១៨ ទាំង​៣​រូប​បាន​គ្រប់គ្រង​ការវិវត្ត​និង​បាន​ប្រើ​វា​សម្រាប់​គោលបំណង​ដែល​នាំមក​នូវ​អត្ថប្រយោជន៍​ធំ​បំផុត​ដល់​មនុស្សជាតិ​”​។​

​ជីវិត​នៅលើ​ផែនដី​កកើតឡើង​បាន​គឺ​ដោយសារតែ​ជាង ៣,៧ ពាន់​លាន​ឆ្នាំមុន សរីរៈ​សា​ព៌ា​ង្គ​កាយ​បាន​សម្រប​ខ្លួន​ទៅនឹង​បរិយាកាស​របស់​ពួកវា ជាមួយនឹង​ការវិវត្ត ដែល​ដោះស្រាយ​បញ្ហា​គីមី​ដ៏​ស្មុគស្មាញ​។ ឧទាហរណ៍​ជាក់ស្តែង ត្រី​អាច​ហែល​នៅ​មហាសមុទ្រ​តំបន់​ប៉ូល​បាន ព្រោះ​វា​មាន​ប្រូតេអ៊ីន​ប្រឆាំង​ភាព​ត្រជាក់​នៅក្នុង​ឈាម​របស់​វា​។​

​អ្នក​ទាំង​៣​បាន​ប្រើ​គោលការណ៍​នៃ​ការវិវត្ត ពោលគឺ​ការផ្លាស់ប្តូរ​ហ្សែ​ន​និង​ការសម្រិតសម្រាំង ដើម្បី​បង្កើត​ប្រូតេអ៊ីន ដែល​ឥឡូវ​ត្រូវបាន​គេ​ប្រើ​នៅក្នុង​វិស័យ​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រ​ទាំ​អ​៣​នាក់​បានឈ្នះ​ពានរង្វាន់​ណូបែល​គីមីវិទ្យា​កាលពី​ថ្ងៃ​ពុធ​នៅ​ស៊ុយអែត
លោកស្រី ហ្វ្រា​ន់​សេស អា​ណុល
លោក​ហ្គ្រេ​ហ្គោ​រី វីន​ធឺ
លោក ច​ច ស្មី​ត