អ្នកវិនិយោគ​ខុន​ដូ​ក្នុងស្រុក​បាន​នាំយក​ទំនុកចិត្ត​មកកាន់​ទីផ្សារ​វិញ​

1221
ចែករម្លែក

(​ភ្នំពេញ​)៖ អ្នកវិនិយោគ​បរទេស​បានធ្វើ​ឲ្យ​ទីផ្សារ​ខុន​ដូ​បាត់បង់​ទំនុកចិត្ត នៅក្រោយពេល​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាកល​កាលពី​​ឆ្នាំ​២០០៨ ប៉ុន្តែ​ទំនុកចិត្ត​ត្រូវបាន​ទាញ​ត្រលប់​មកវិញ​ពី​អ្នកវិនិយោគ​ក្នុងស្រុក ដែល​បាន​វិនិយោគ​គំរោង​ធំៗ​ជាច្រើន​។​

​លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន​World Bridge Group​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា កាលពីមុន​វិស័យ​ខុន​ដូ​​បានចាប់ផ្តើម​ដោយ​ជនជាតិ​កូរ៉េ ប៉ុន្តែ​គំរោង​ទាំង​នោះបាន​ផ្អាក​ការសាងសង់ ដែល​ធ្វើ​ឲ្យ​ទំនុកចិត្ត​លើ​ទីផ្សារ​ធ្លាក់ចុះ​ប៉ុន្តែ​យើង​បាន​នាំ​​យក​ទំនុកចិត្ត​ត្រលប់​មកវិញ តាមរយៈ​ការវិនិយោគ​ជាមួយ​អ្នកមាន​ជំនាញ​នៅក្នុង​វិស័យនេះ មកពី​ប្រ​ទេ​សឹង្ហ​បុរី​ដែល​ពួកគេ​មាន​បទ​​ពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យនេះ​។​

​លោក​បន្តថា “​នៅពេល​ខ្ញុំ​សម្រេចចិត្ត​វិនិយោគ​លើ​ខុន​ដូ គឺ​ដោយសារ​ការរីកចំរើន​សេដ្ឋកិច្ច​និង​ការកើនឡើង​នូវ​ចំនួន​ប្រជាជន​​ក្នុង​ទីក្រុង ដែល​ខ្ញុំ​គិតថា​រហូតដល់​ឆ្នាំ​២០៣០​ប្រជាជន​ក្នុង​ក្រុង នឹង​កើន​ឡើងដល់​៥​លាន​នាក់​”​។ លោក​បន្តថា​“​ការកើនឡើង​នូវ​តំលៃ​​ដីធ្លី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិនអាច​មាន​ល​ទ្ឋ​ភាព​ទិញ​ដី​សាង​សង់ផ្ទះ​បាន​នៅពេល​តំលៃ​ដី​កើនឡើង​រហូតដល់​២៥០០​ទៅ​៣០០០​ម៉ែត្រការ៉េ ដូច្នេះ​ពួកគេ​នឹង​រស់នៅ​តាម​ខុន​ដូ​”​។​

​យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប ដែល​ទើប​បង្ហាញ​របាយការណ៍​បឋម​កាល​ពីថ្ងៃ​អង្គារ​នេះ​បាន​រកឃើញថា​ចំនួន​ខុន​​ដូ​បាន​កើន​ពី​១២១ និង​មានផ្ទះ​សរុប​ចំនួន​៤៣.៦០៤​យូ​នី​ត ដល់​១២៥​គំរោង និង​មានផ្ទះ​ចំនួន​៤៧.៧០៤​យូ​នី​ត​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការសិក្សា​ដដែល​បាន​រកឃើញ​ផងដែរ​ថា​ការលក់​ខុន​ដូ​បាន​កើនឡើង​ដែល​កាលពី​ឆមាស​ទី​១​ឆ្នាំមុន ចំនួន​ខុន​ដូ​បាន​លក់​ចេញ​មាន​ចំនួន​៦០​ភាគរយ និង​ឆ្នាំនេះ​បាន​កើនឡើង​១​ភាគរយ គឺ​កើន​ដល់​៦១​ភាគរយ​នៃ​ចំនួន​ខុន​ដូ​សរុប​ដែល​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​។

​ការសិក្សា​នេះ​បាន​រកឃើញថា គំរោង​ដែល​បញ្ចប់​ការសាងសង់​ឆ្នាំនេះ​មាន​ប្រមាណ​១៧​ភាគរយ​កើនឡើង​១​ភាគរយ​ធៀប​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន ហើយ​ខុន​ដូ ដែល​បញ្ចប់​ការសាងសង់​ភាគច្រើន​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​ខាងមុខនេះ​៕​ ​
​ដោយ​៖ច្រាយ ចំណាន​

អាគារ​ខុន​ដូ​ខ្ពស់ៗ​នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​រីក​ដូច​ផ្សិត​(​រូបថត​ឯកសារ​)​