អ្នកវិភាគ​មើលឃើញ “​រោគសញ្ញា​កាន់តែ​ច្រើនឡើង​នៃ​បដិវត្តន៍​ពណ៌​” នៅ​ហុងកុង​

818
ចែករម្លែក

​ការបដិសេធ​របស់​ចិន​ក្នុងការ​អនុញ្ញាតឱ្យ​នាវាចម្បាំង​អាម៉េរិក​ចូល​ចត​នៅ​ហុងកុង​គួរតែ​ត្រូវគេ​បកស្រាយ​ថា​ជា​ប្រតិកម្ម​ធម្មតា​ចំពោះ​ការប៉ុនប៉ង​របស់​សហ​រដ្ឋ​អាម៉េរិក​ក្នុង​ការធ្វើអន្តរាគមន៍​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក ចេង អាន​គួ​ង អ្នកជំនាញ​ម្នា​ក់នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ណាន​ជី​ង​។​

​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នាពេល​បច្ចុប្បន្ន​នៅ​ហុងកុង​អាច​បណ្តាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ប៉ុន្តែ​ទំនងជា​មិនមាន​ផលវិបាក​ខាង​នយោបាយ​ទេ​។ នេះ​បើតាម​សម្តី​របស់លោក​អា​ឡិច​សាន់​ឌ័​រ ឡូ​ម៉ា​នូវ ប្រធាន​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ព្រី​ម៉ា​កូវ (Primakov) នៃ​បណ្ឌិត្យសភា​សេដ្ឋកិច្ចពិភពលោក​និង​ទំនាក់ទំនង​អន្តរជាតិ​រុស្ស៊ី និង​ជា​អ្នកជំនាញ​នៅ​ក្រុមប្រឹក្សា​កិច្ចការ​អន្តជាតិ​រុស្ស៊ី​។​

​កាលពី​ថ្ងៃទី ១៤ ខែសីហា មេបញ្ជាការ លោក​ណា​តេ គ្រី​ស្ទា​ន​សិន អ្នកនាំពាក្យ​រង​របស់​កង​នាវា​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាម៉េរិក​បាន​ជូនដំណឹង​ថា ចិន​បាន​ច្រានចោល​សំណើ​របស់​អាម៉េរិក​ដែល​សុំ​ការអនុញ្ញាតឱ្យ​នាវាចម្បាំង​របស់ខ្លួន​ចំនួន ២ គ្រឿង​ចូលមក​កំពង់ផែ​ហុងកុង​។ តាម​ការគ្រោងទុក នាវា USS Green Bay ដែលជា​នាវា​ដឹកជញ្ជូន​ខ្នាត​ធំ នឹង​ទៅដល់​ហុងកុង​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ ហើយ​នាវា​បំពាក់​មី​ស៊ី​ល​បញ្ជា​ទិស USS Lake Erie នឹង​ទៅដល់​កំពង់ផែ​ហុងកុង​នៅ​ខែក្រោយ​។​

​លើកចុងក្រោយ​បំផុត ដែល​នាវា​របស់​កងទ័ពជើងទឹក​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​នៅ​ហុងកុង គឺ​នៅ​ខែមេសា​។ កាលពី​ខែកញ្ញា​ឆ្នាំមុន ចិន​មិនបាន​អនុញ្ញាតិ​ឱ្យ​នាវា USS The Wasp ធ្វើដំណើរ​ទៅកាន់​ហុងកុង​ទេ​។​

​នៅ​ដើមខែ​សីហា​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាញ​ការចាប់អារម្មណ៍​ទៅលើ​ការប្រជុំ​រវាង​អ្នកការទូត​អាម៉េរិក​នៅ​ហុងកុង​ជាមួយ​សកម្មជន​មកពី​ក្រុម​បាតុកម្ម​តវ៉ា​។​

​លើសពីនេះ​ទៀត មាន​ពាក្យ​ចចាមអារ៉ាម​ថា ជនជាតិ​អាម៉េរិក​ត្រូវគេ​មើលឃើញ​ក្នុងចំណោម​ក្រុមអ្នកតវ៉ា​។ ជាការ​ឆ្លើយតប ប៉េកាំង​បានទាមទារ​យ៉ាង​ដាច់អហង្កា​ឱ្យ​សហរដ្ឋ​អាម៉េរិក​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ តើ​នេះ​ជា​ហេតុផល​សម្រាប់​ការស្ទាក់ស្ទើរ​របស់​អាជ្ញា​ធរ​ចិន​ក្នុងការ​ឃើញ​នាវា​កងទ័ពជើងទឹក​ដោត​ទង់ជាតិ​អាម៉េរិក​នៅ​ហុងកុង​?

​អ្នកជំនាញ​ចិន លោក​ចេង អាន​គួ​ង បាន​និយាយថា “​អន្តរាគមន៍​របស់​អា​ម៉េ​រិ​ក​នៅក្នុង​បញ្ហា​ហុងកុង​គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន (​នៅ​ពីក្រោយ​ការបដិសេធ​នេះ​) ប៉ុន្តែ​មិនមែន​មានតែ​កត្តា​មួយ​នេះ​ទេ​។ ស្ថានភាព​បច្ចុប្បន្ន​នៅ​ហុងកុង​គឺ​ពោរពេញ​ទៅដោយ​ល្បិចកល​ជាច្រើន​។ វា​មាន​ភាពច្របូកច្របល់​ណាស់​។ មាន​ភស្តុតាង​ច្បាស់លាស់​នៃ​ការជ្រៀតជ្រែក​របស់​អាម៉េរិក ហើយ​ប្រាកដ​ណាស់​គឺមាន​ចៅហ្វាយនាយ​អាយ៉ង​។ ដូច្នេះ ការបដិសេធ​របស់​ចិន​គឺអាច​រំពឹង​កើតឡើង គ្មាន​អី​ចម្លែក​ទេ​។ ការអនុញ្ញាតឱ្យ​នាវាចម្បាំង​អាម៉េរិក​ចូល​ចត​នៅ​ហុងកុង​គឺជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ចិន​។ ចិន​អាច​អនុញ្ញាតឱ្យ​នាវាចម្បាំង​អាម៉េរិកាំង​ចូល​ចត​ឬ​អត់ គឺជា​សិទ្ធិ​របស់​ចិន​។ ចំពោះ​ហេតុផល​នៃ​ការហាមឃាត់​នេះ ក្រៅពី​ស្ថានការណ៍​នៅ​ហុងកុង ការបដិសេធ​មិនឱ្យ​ចូល​ចត​នេះ អាច​ត្រូវបាន​បកស្រាយ​ដោយ​បញ្ហា​បច្ចេកទេស​មួយចំនួន​។ ម្យ៉ាងទៀត ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក បរិយាកាស​ជារួម​ក្នុង​ទំនាក់ទំនង​ទ្វេភាគី គឺ មាន​ភាព​តានតឹង​ខ្លាំង​។ សេចក្តីថ្លែងការណ៍​ប្រឆាំង​ចិន​ដោយ​សមាជិកសភា​អាម៉េរិក​និង​តំណាង​នៅ​ស្ថាប័ន​ប្រតិបត្តិ កំពុងមាន​លក្ខណៈ​កាន់តែ​លេចធ្លោ​ខ្លាំង​ឡើង​។ ដូច្នេះ​ក្នុងស្ថានភាព​នេះ គេ​មិន​ពិបាក​យល់​ពី​បំណង​របស់​ចិន​នោះទេ ក្នុងការ​បដិសេធ​នាវា​ចម្បាំង​អាម៉េរិក​ចូលមក​ហុងកុង​”​។​

  • ការិយាល័យ​ស្នងការ​នៃ​ក្រសួងការបរទេស​ចិន​នៅ​ហុងកុង​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​សីហា ចិន​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ពីបទ​ឃុបឃិត​ជាមួយ​បក្ខពួក​ឧក្រិដ្ឋកម្ម​និង​បទ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្រឆាំងនឹង​ជន​ជាតិចិន​នៅក្នុង​ទីក្រុង​ហុងកុង​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ការិយាល័យ​ស្នងការ​របស់​ក្រសួងការបរទេស​ចិន​នៅ​ហុងកុង​។​

​ការចោទប្រកាន់​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអត្ថាធិប្បាយ​ជាច្រើន​ដែល​ធ្វើឡើង​ដោយ​សមាជិកសភា​អាម៉េរិក​ក៏ដូចជា​អ្នកនយោបាយ​អាម៉េរិក​មួយចំនួនទៀត​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៅ​ហុងកុង​។​

​នេះ​ជា​សេចក្តីថ្លែងការណ៍​ទី ២ ដែល​ចេញ​ដោយ​អ្នកការទូត​ចិន​ក្នុង​រយៈពេល ២៤ ម៉ោង​។ មួយថ្ងៃ​មុននេះ​អ្នកតំណាង​ផ្លូវការ​នៃ​ក្រសួងការបរទេស​ចិន​បាន​និយាយថា​អ្នកនយោបាយ​អាម៉េរិក​តាំង​នាម​ឱ្យ​ផលប្រយោជន៍​ឯកជន​របស់​ពួកគេ បាន​ដើរតួ​ឥត​អៀនខ្មាស់​ជា​ឆត្រ​ការពារ​និង​ពាំ​នាំមក​នូវ​បាតុកម្មហិង្សា​ជ្រុលនិយម ហើយ​និយាយ​បង្កាច់បង្ខូច​និង​ចោទប្រកាន់​ក្រុមប៉ូលិស​ហុងកុង ដែល​ស្ថិតក្រោម​សម្ពាធ​ហួស​កម្រិត​របស់ខ្លួន​រួចទៅហើយ​ក្នុងការ​បន្ត​អនុវត្ត​ច្បាប់​។

​សកម្មភាព​របស់​អាម៉េរិក​បាន​នាំឱ្យ​ចិន​ចេញ​សេចក្តី​ថ្កោលទោស​ជា​ឯកច្ឆន្ទ​។ អារម្មណ៍​ជាតិនិយម​របស់​ចិន​នេះ​ត្រូវបាន​ចែករំលែក​លើ​អន​ឡាញ​ដោយ​ជនរួមជាតិ ៧ លាន​នាក់​ដែល​រស់នៅក្នុង​ទីក្រុង​ហុងកុង​។​

​មួយថ្ងៃ​មុននេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​រុស្ស៊ី​លោក​ចាង ហាន​ហ៊ុយ បាន​ប្រៀបធៀប​ស្ថានភាព​នៅ​ហុងកុង​ជាមួយនឹង “​បដិវត្តន៍​ពណ៌​”​។ អ្នកការទូត​រូបនេះ​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមអ្នកកាសែត​រុស្ស៊ី​ថា “​កម្លាំង​លោកខាងលិច​គ្រប់គ្រង​វា​នៅ​ពីក្រោយ​ឆាក​យ៉ាងច្បាស់​ក្រឡែត​”​។ យោងតាម​គាត់​បានឱ្យដឹងថា ពួកគេ​ចង់​បង្កើត​ភាពវឹកវរ​ដើម្បី​ធ្វើឱ្យ​ខូច​ប្រព័ន្ធគ្រប់គ្រង​មួយ​ហៅថា “​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​” ដើម្បី​បង្កើត​ការលំបាក​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ចិន​។​

​លោក អា​ឡិច​សាន់​ឌ័​រ ឡូ​ម៉ា​នូវ ក៏បាន​កត់សម្គាល់​ផងដែរ​ថា រោគសញ្ញា​កាន់តែ​ច្រើនឡើង​នៃ​បដិវត្តន៍​ពណ៌​កំពុង​លេចចេញ​ជា​រូបរាង​នៅ​ហុងកុង​។​

​អ្នកជំនាញ​រូបនេះ​បាន​បញ្ជាក់ថា “​នេះ​គឺជា​ការចាត់តាំង​បណ្តាញ​នៃ​ការតវ៉ា​។ នេះ​គឺជា​ការតវ៉ា​ដែលមាន​លំដាប់លំដោយ ពោលគឺ​រចនាសម្ព័ន្ធ​ចាត់តាំង​ដែលមាន​ភាពបត់បែនរ​បស់​អ្នកចូលរួម ដែល​អាច​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​បាន​”​។ ទោះយ៉ាងណា លោក​បាន​កត់សម្គាល់ថា កុបកម្ម​បច្ចុប្បន្ន​នៅ​ហុងកុង​អាច​បង្ក​ការខូចខាត​ខ្លះ​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ប៉ុន្តែ​ទំនងជា​មិនមាន​ផលវិបាក​ខាង​នយោបាយ​ទេ​។​

​លោក​ឡូ​ម៉ា​នូវ​និយាយថា “​មិនចាំបាច់​និយាយ​ទេ នេះ​មិនមែនជា “​បដិវត្តន៍​ពណ៌​” ពិតប្រាកដ​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​នៅក្នុង​ប្រទេស​ចិន​ទេ​។ លើសពីនេះទៅទៀត ផ្ទុយទៅវិញ​វា​ហាក់ដូចជា ឥរិយាបទ​ប្រឆាំងនឹង​ចិន​កាន់តែខ្លាំង​ឡើងៗ​របស់​ក្រុមបាតុករ​ហុងកុង បាន​នាំឱ្យមាន​ការរួបរួម​ស្នេហា​ជាតិចិន​កាន់តែខ្លាំង​។ វា​តែងតែ​កើតឡើង​នៅក្នុង​សង្គម​ចិន ដែល​ក្នុងករណី​ទាំងនោះ នៅពេលដែល​មានការ​គំរាមកំហែង​ពិតប្រាកដ​នៃ​ការបំបែកបំបាក់​ចិន ចិន​តែង​រង​ការអន្តរាគមន៍​ពី​បរទេស​”​។​

​អ្នកជំនាញ​រូបនេះ​ក៏បាន​ទាញ​ចំណាប់អារម្មណ៍​ទៅលើ​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​ផងដែរ ដែល​ភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ទៅនឹង​ការដោះស្រាយ​ការតវ៉ា​នៅ​ហុងកុង​តាមរបៀប “​មនុស្សធម៌​”​។ សារ​បង្ហោះ​អំពី​រឿងនេះ​បាន​លេចចេញ​នៅលើ​បណ្តាញ​សង្គម Twitter ។​

​ប្រធានាធិបតី​ត្រាំ​ថែមទាំង​មិនបាន​បដិសេធ​នោះឡើយ​នូវ​លទ្ធភាព​នៃ​ការជួប​ជាមួយ​មេដឹកនាំ​ចិន​លោក​ស៊ី ជីន​ពីង ដើម្បី​ជា​ប្រយោជន៍​ដល់​រឿងនេះ​។ គាត់​បានសរសេរថា “​ខ្ញុំ​គ្មាន​ការសង្ស័យ​ទេ​ថា ប្រសិនបើ​លោក​ប្រធានាធិបតី​ស៊ី (​ជីន​ពីង​) ចង់​ដោះស្រាយ​បញ្ហា​ហុងកុង​យ៉ាង​ឆាប់រហ័ស​និង​ប្រកបដោយ​មនុស្សធម៌ គាត់​ច្បាស់​ជា​អាច​ធ្វើបាន​។ ជួបគ្នា​ផ្ទាល់​?”​។​

​អត្ថាធិប្បាយ​អំពី​គំនិត​ដែលថា​ប្រធានាធិបតី​អាម៉េរិក​អាច​នឹងធ្វើ​កិច្ចប្រជុំ​និង​ធ្វើ​កិច្ចចរចា​ជាមួយ​មេដឹកនាំ​ចិន​អំពី​បញ្ហា​ថ្មីៗ​ទាំងនេះ អ្នកជំនាញ​រុស្ស៊ី​លោក​អា​ឡិច​សាន់​ឌ័​រ ឡូ​ម៉ា​នូវ បាន​កត់សម្គាល់ថា ក្នុង​រយៈពេល​មួយឆ្នាំ​កន្លះ​មកនេះ លោក​ត្រាំ​បាន​បំផ្លាញចោល​ទាំងស្រុង​នូវ​ការជឿទុកចិត្ត​ទាំងអស់​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក រួមទាំង​ការជឿទុកចិត្ត​ផ្ទាល់ខ្លួន​រវាង​គាត់​និង​លោក​ស៊ី ជីន​ពីង​។​

​ចរិត​របស់គាត់​ក្នុង​ការចរចា​អ្វីមួយ​ជាមួយ​មេដឹកនាំ​ចិន​និង​បន្ទាប់មក​ឧទាហរណ៍​ជាក់ស្តែង​គឺ​ការ​គំរាម​វាយ​ពន្ធ​ថ្មី គឺ​មិនអាច​ទទួលយក​បានទេ​ចំពោះ​ប្រទេស​ចិន​។ នៅក្នុង​ប្រទេស​ចិន ពួកគេ​តែងតែ​ភ្ជាប់​សារៈសំខាន់​យ៉ាងខ្លាំង​ទៅនឹង​ពាក្យសម្តី កិច្ចព្រមព្រៀង និង​ការសន្យា ដែល​ធ្វើឡើង​ដោយ​ប្រធានាធិបតី​អាម៉េរិក​។ ជាក់ស្តែង លោក​ត្រាំ​បានធ្វើឱ្យ​ចិន​ខកចិត្ត​ទាំងស្រុង​។​

​លោក​អា​ឡិច​សាន់​ឌ័​រ ឡូ​ម៉ា​នូវ បាន​និយាយថា លោក​ត្រាំ​អាចបង្កើត​បញ្ហា​បាន តែ​មិនអាច​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទេ​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​ហុងកុង​លើក​ទង់ជាតិ​អាម៉េរិក​អំឡុង​ការតវ៉ា​ថ្មីៗ​នេះ