អ្នកសង្កេតការណ៍​អន្តរជាតិៈ ការបោះឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការគំរាមកំហែង​

953
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកសង្កេតការណ៍​អន្តរជាតិ បាន​វាយតម្លៃ​អំពី​ស្ថានការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ការគំរាមកំហែង គ្មាន​អំពើហិង្សា និង​មាន​សន្តិសុខ​សុ​វត្ថ​ភាពល្អប្រសើរ ជាពិសេស​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨២​ភាគរយ បាន​ចេញទៅ​បោះឆ្នោត ដើម្បី​បង្ហាញ​ឆន្ទៈរ​វ​បស់​ខ្លួន​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​អ្នកសង្កេតការណ៍​អន្តរជាតិ បានធ្វើ​សន្និសីទកាសែត​សង្ខេប​ព្រឹត្តិការ​ស្តីពី​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កាំបូឌី​យ៉ា​។​

​លោក Dato’s yusopbinhajimansor អ្នកសង្កេតការណ៍​ម៉ាឡេស៊ី បាន​ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា គឺមាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ជាង ៨២​ភាគរយ គឺជា​ចំនួន​មួយ​ច្រើន នេះ​បង្ហាញ​ពី​អត្ថន័យ​ប្រជាធិបតេយ្យ​។ ហើយ​ការបោះឆ្នោត​មាន​តម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ។ ការបោះឆ្នោត​មាន​ភាពយុត្តិធម៌ មាន​គណបក្សនយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​។ ហើយ​ដំណើរការ​រាប់​សន្លឹកឆ្នោត​ក៏បាន​ប្រព្រឹត្តទៅ​ល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់​ល្អប្រសើរ គ្មាន​អំពើហិង្សា​។ លោក​បន្តថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ខិតខំ​បំពេញការងារ​របស់ខ្លួន​បាន​យ៉ាង​ល្អ និង​ប្រកបដោយ​វិជ្ជាជីវៈ ស្របតាម​ច្បាប់​។​

​លោក Sergey Sirotkin សមាជិក​គណៈកម្មការ​បោះឆ្នោត​មកពី​ប្រទេស​រុស្ស៊ី បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាង​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​តម្លាភាព ការបោះឆ្នោត​បើកចំហរ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ការបោះឆ្នោត​ប្រកបដោយ​វិជ្ជាជីវៈ​។ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​បានចេញ​ទៅ​បោះឆ្នោត ដើម្បី​សម្តែង​ឆន្ទៈ​របស់ខ្លួន ក្នុងការ​ជ្រើសរើស​មេដឹកនាំ​។

​លោក Frederick Roy kharkongor ប្រធាន​អ្នកសង្កេតការណ៍​បោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌា បាន​និយាយថា ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន ព្រះសង្ឃ​ត្រូវបាន​អនុញ្ញាត​អោយទៅ​បោះឆ្នោត​ផងដែរ​។ ការបោះឆ្នោត​មិនមាន​អ្វី​លាក់បាំង គឺមាន​ការបើក​ជំហរ និង​មាន​តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ដោយមាន​ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ និង​មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​បោះឆ្នោត​។ លោក​បាន​បន្តថា ការរាប់​សន្លឹកឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត គឺ​ប្រកបដោយ​តម្លាភាព និង​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​។​

​លោកស្រី Pham Thu Huong អ្នកសង្កេតការណ៍​មកពី​ប្រទេស​វៀតណាម បាន​ថ្លែងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​ការបោះឆ្នោត​ដោយមាន​របៀបរៀបរយ​ល្អ ប្រព្រឹត្តទៅបាន​ល្អប្រសើរ និង​ការបោះឆ្នោត​មាន​តម្លាភាព សេរី​យុត្តិធម៌ ត្រឹមត្រូវ តាមបែប​ប្រជាធិបតេយ្យ​។ ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន និង​ដោយ​ទឹកមុខ​ញញឹម​។ ដោយ​លោកស្រី​បាន​លើកឡើងថា គ​.​ជ​.​ប បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​វិជ្ជាជីវៈ មាន​សន្តិសុខ សុវត្ថិភាព ស្របតាម​ច្បាប់ នីតិវិធី​។ សូម​អបអរសាទរ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត​ដោយ​ជោគជ័យ​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​ន​យោ​បា​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង​៕ ល​

#