អ្នកសម្របសម្រួលរ​អ​.​ស​.​ប សាទរ​កម្ពុជា​ដែល​ត្រូវបាន​ជ្រើសតាំង​នៅក្នុង​ស្ថាប័ន​ជាន់ខ្ពស់​របស់​អ​.​ស​.​ប​

1021
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/ ភ្នំពេញ ៖ លោកស្រី Pauline TAMESIS អ្នកសម្របសម្រួល​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បានធ្វើ​លិខិត​អបអរសាទរ​កម្ពុជា ដែល​ត្រូវបាន​ជ្រើសតាំង​នៅក្នុង​ស្ថាប័ន​ជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​។ លិខិត​អបអរសាទរ​នេះ លោកស្រី Pauline TAMESIS បាន​ផ្ញើជូន​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១៩ ខែមិថុនា​ឆ្នាំ​២០១៨ ដែល​ក្រសួងការបរទេស​កម្ពុ​ជា ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​។​

​នៅក្នុង​សេចក្តីប្រកាស​ព័​ត៍​មានរ​បស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោកស្រី Pauline TAMESIS បានលើកឡើង​នៅក្នុង​លិខិត​របស់​លោកស្រី “​ក្នុងឋានៈ​តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ខ្ញុំ​សូម​សម្តែង​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម ​៖ ទី១.សម្រាប់​ការជ្រើសតាំង​កម្ពុជា​ជា​អនុប្រធាន​សម័យប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​ទី​២. សម្រាប់​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ មាន​អាណត្តិ​មួយឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩”​។​

លោកស្រី Pauline TAMESIS បាន​បន្ត​លើកឡើងថា “​យើងខ្ញុំ​ចាត់ទុក​ឱកាស​ទាំងពីរ​នេះ ជា​កាលានុវត្តភាព​ដ៏​សំខាន់​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការដឹកនាំ ការប្តេជ្ញាចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ដើម្បី​សម្រេច​​ឲ្យ​បាន​នូវ​គោលដៅ​អាទិភាព នៃ​កិច្ច​អភិវឌ្ឍ​ជាតិ និង​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​”​។​

លោកស្រី Pauline TAMESIS បានបញ្ជាក់​បន្ថែមថា “​ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ សម្តែង​សាជាថ្មី​ជូន​ចំពោះ​ឯកឧត្តម នូវ​ការប្តេជ្ញា​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា គាំទ្រ​រាជរដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាជន​កម្ពុជា ក្នុងការ​សម្រេច​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ទាំងអស់គ្នា​”​។​

គួរ​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​សម័យប្រជុំ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ និង​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​សម្លេងគាំទ្រ​១៨៣ លើ​១៨៨៕B

លោកស្រី Pauline TAMESIS និង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន (​រូប​ថ​តៈ​ឯកសារ​)​