អ្នកសារព័ត៌មាន​កម្ពុ​ជា​និង​អន្តរជាតិ​មក​ស្វែងយល់​ទឹកផុស​ពីក្រោម​ដី​ជាទី​ទាក់ទាញ​ទេសចរ​ចិន​និង​ពិភពលោក

597
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ្នកសារព័ត៌មាន​កាសែត​រស្មី​កម្ពុជា​និង​អ្នកកាសែត​មកពី​ប្រទេស​ជាង​១០​ទៀត ដែល​រួមមាន​ចិន​, អង់គ្លេស​, អាមេរិក​, អ៊ុយ​ក្រែ​ន​, រុស្ស៊ី​, ប៉ា​គី​ស្ថាន​,​ជប៉ុន​,​កូរ៉េខាងត្បូង​,​កា​ហ្សា​ក់​ស្ថាន​, ម៉ុង​ហ្គោ​លី​,​និង​ឡាវ​។​កាលពីដើម​ខែកញ្ញា​ឆ្នាំ​២០១៩​បានមក​ស្វែងយល់​និង​ទស្សនា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​គឺ​ទឹក​ចេញពី​ដី​(Spring)​ដែលមាន​អាយុកាល​រាប់​សតវត្សរ៍​និង​មិនចេះ​រីងស្ងួត​នៅ​សង្កាត់​លី​ស៊ែរ​(Lixia) ទីក្រុង ជីន​ណាន ខេត្ត​សាន​តុង ប្រទេស​ចិន​។​

​នៅពេល​ព្រះអាទិត្យ​រះ​នៅ​តំបន់​ទឹកផុស​មួយ​ដែល​គេ​ហៅថា ទឹកផុស​ខ្លា​ខ្មៅ​(Black Tiger Spring) ទីក្រុង​ជីន​ណាន​ខេត្ត​ភាគ​ខាងលិច​ប្រទេស​ចិន​សាន​តុង​គេ​សង្កេតឃើញ​មនុស្ស​ជាច្រើន​តម្រង់​ជួរ​គ្នា​មក​ដួស​ទឹក​ដែល​ផុស​ចេញពី​ដី​និង​ថ្ម ដាក់​ធុង​។​ពួកគាត់​បាន​យក​ទឹក​នេះ​ទៅ​សម្រាប់ធ្វើ​ម្ហូប បោកគក់ និង​សម្រាប់​ហូប​។​នេះ​ជាស​កម្ម​ភាពជា​រៀងរាល់ថ្ងៃ​របស់​អ្នកស្រុក​មូលដ្ឋាន​នៅទីនេះ​។​

​ទីក្រុង​ជីន​ណាន​មាន​ទឹកផុស​បែបនេះ​ជាង​៨០០​កន្លែង​ដែល​ក្នុងនោះ​មាន​ទឹកផុស​ល្បីឈ្មោះ​ចំនួន​៧២​កន្លែង ដូចជា ទឹកផុស ប៉ា​វធូ​(Baotu) ទឹកផុស​ខ្លា​ខ្មៅ​(Black Tiger Spring)​ទឹកផុស​ម៉ូ​ឈ័​រន​(Moquan spring)​និង​ទឹកផុស​ស៊ូ​យុ​(ShuyuSpring)​។​ទឹកផុស​ខ្លា​ខ្មៅ​មាន​ប្រភព​ចេញ​ហូរ​ពីក្រោម​ដី​និង​ផ្ទាំង​ថ្ម​ដែល​បង្កើត​សម្លេង​ស្រដៀង​នឹង​ខ្លា​គ្រហឹម​។​ក្នុង​មួយថ្ងៃ​ទឹក​ហូរ​ចេញ​ប្រមាណ​៤១០០០​ម៉ែត្រគូប​។​នៅ​ខែមិថុនា​ឆ្នាំ​២០១៩​តំបន់​ទឹកផុស​ក្រោម​ដី​នៅ​ទីក្រុង​ជីន​ណាន​បាន​ត្រូវ​ប​ញ្ជូ​ល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ថ្មី​។​

នៅក្នុង​កិច្ច​សន្និសីទ​សម្ព័ន្ធភាព​ទីក្រុង​ទេសភាព​ទេសចរណ៍​ទឹកផុស​អន្តរជាតិ​នាពេល​ថ្មីៗ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ លោក ស៊ុន ស៊ូ​តៅ (Sun Shutao) អី​បាល​ក្រុង​ជីន​ណាន បាន​មានប្រសាសន៍ថា​« អស់​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​មកហើយ​ដែល​ប្រជាជន​បានរស់នៅ​ជាមួយ​ទឹកផុស​នេះ​។​ទឹកផុស​មាន​សារៈសំខាន់​សម្រាប់​ទីក្រុង​ទាំងមូល »​។​លោក​បាន​បន្តថា​« វប្បធម៌​និង​ទេសភាព​ធម្មជាតិ​តែមួយគត់ គឺជា​គំរូ​របស់​មនុស្ស​ដែល​គោរព​ដល់​ធម្មជាតិ​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​»​។​

​តំបន់​ទឹកផុស​ខ្លា​ខ្មៅ​ព័ទ្ធជុំវិញ​ដោយ​ឧទ្យាន​ប្រវត្តិសាស្ត្រ​ប៉ា​វធូ​ដែលមាន​ដើមឈើ​និង​ព្រៃ​យ៉ាង​ក្រាស់​។​ឧទ្យាន​ប៉ា​វធូ​ស្ថិតនៅ​កណ្តាល​ទីក្រុង​ជីន​ណាន​និង​បាន​ត្រូវ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៥៦​ដោយ​គ្របដណ្តប់​លើដី​ទំហំ​ជាង​១០​ហិកតា​។​សួន​នេះ​មាន​ទឹកផុស​ជាច្រើន​កន្លែង​ជាពិសេស​ទឹកផុស​ប៉ា​វធូ​ដែលមាន​ឈ្មោះ​ល្បីល្បាញ​ទទួលស្គាល់​ជាស​កល​។​

​ទីនេះ​មាន​ប្រវត្តិ​ជាង​៣៥០០​ឆ្នាំ​មកហើយ​។​នៅពេល​អធិរាជ​ធាន​ឡុង​(EmperorQianlong១៧១១=១៧៩៩)​បាន​យាង​ទត​ទីក្រុង​ជីន​ណាន​ព្រះអង្គ​បាន​សោយ​តែ​ដែល​ប្រើ​ទឹកផុស​ពី​ដី​នេះ​។​រសជាតិ​តែ​បានធ្វើឱ្យ​ព្រះអង្គ​សព្វ​ព្រះ​ហ​ឬ​ទ័យ​យ៉ាងខ្លាំង​និង​បាន​ប្រសិទ្ធ​នាម​ថា​«​ទឹកផុស​ល្អ​បំផុត​នៅក្រោម​ឋានសួគ៌​»​។​
​ដំណើររឿង​នៃ​ព្រះរាជទស្សនកិច្ច​របស់​អធិរាជ​ធាន​ឡុង​បាន​ត្រូវ​ឆ្លាក់​នៅលើ​ថ្ម​ក្បែរ​ទឹកផុស​នោះ​។​នៅជាប់​នឹង​តំបន់​ទឹកផុស​ខ្លា​ខ្មៅ​មាន​បឹង​ដ៏​ធំ​និង​ស្រស់ស្អាត​មួយ​ឈ្មោះ​បឹង​តា​មីង​(DamingLake)​។​បឹង​នេះ​មាន​ទឹកផុស​ជាច្រើន​កន្លែង​មានទឹក​ថ្លាឈ្វេង​មាន​ដើម​ឈូក​និង​មាន​ព្រៃឈើ​ព័ទ្ធជុំវិញ​។​បឹង​នេះ​មាន​ទំហំ​៥៨​ហិកតា​និង​មាន​ជំរៅ​ជាង​២​ម៉ែត្រ​។​នៅ​ចំ​កណ្តាល​បឹង​មាន​ប្រាសាទ​ខ្ពស់​មួយ​ដែល​អ្នកទស្សនា​អាច​ឡើង​ទៅលើ​ដើម្បី​ថត​និង​មើល​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ផ្ទៃ​បឹង​ទាំងមូល​។​

គួរឱ្យ​ដឹងថា​៖​ជីន​ណាន​ជា​រដ្ឋធានី​របស់​ខេត្ត​សាន​តុង​ក្នុងប្រទេស​ចិន​ភាគ​ខាងកើត​។​ជីន​ណាន​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​វប្បធម៌​ដែល​គ្របដណ្តប់​១០២៤៤​គីឡូម៉ែត្រ​ការ៉េ​និង​មាន​ប្រជាជន​ជាង​១០​លាន​នាក់​។​ទីក្រុង​ជីន​ណាន​ល្បីឈ្មោះ​ខាង​អភិរក្ស​បិ​រ​ស្ថាន​និង​ទទួលបាន​ពានរង្វាន់​ថ្នាក់ជាតិ​និង​អន្តរជាតិ​ជាច្រើន​។​ទីក្រុង​នេះ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាង​១៩០​ដែល​ក្នុងនោះ​ជាមួយ​កម្ពុជា​ផងដែរ​។​ក្រុមហ៊ុន​បរទេស​ជាង​១.០០០​ក្រុមហ៊ុន​កំពុង​វិនិយោគ​ក្នុង​ទីក្រុង​ជីន​ណាន​។​នៅ​ឆ្នាំ​២០១៨ ទំហំ​នាំចេញ​នាំចូល​មាន​ជាង​១៣​ប៊ី​លាន​ដុល្លារ​។​

​សូមជម្រាបថា​កាសែត​ដ៏​ធំ​របស់​ចិន​ChinaDaily​និង​រដ្ឋបាលខេត្ត​សាន​តុង​បាន​អញ្ជើញ​អ្នកសារព័ត៌មាន​១២​ប្រទេស​មកពី​កម្ពុជា​(​រស្មី​កម្ពុជា​)​ចិន​អង់គ្លេស​អាមេរិក​អ៊ុយ​ក្រែ​ន​រុស្សី​ប៉ា​គី​ស្ថាន​ជប៉ុន​កូរ៉េខាងត្បូង​កា​ហ្សា​ក់​ស្ថាន​ម៉ុង​ហ្គោ​លី​និង​ឡាវ​ចូលរួម​ក្នុង​កម្មវិធី​DiscoverJinan​ពីថ្ងៃ​ទី​៨​ដល់​១២​ខែកញ្ញា​ឆ្នាំ​២០១៩៕S/

​ចំណងជើង​រូ​បថ​តៈ​អ្នកសារព័ត៌មាន​កម្ពុជា​និង​អន្តរជាតិ មក​ស្វែងយល់​ពី​ទីក្រុង​ជីន​ណាន និង ទឹកផុស​ពីក្រោម​ដី​ជាទី​ទាក់ទាញ​ទេសចរ​ចិន​និង​ពិភពលោក​(​រូប​៖​សុផល​)