អ្នកសេដ្ឋកិច្ច​ជាង​មួយ​ពាន់​នាក់ ព្រមាន​ត្រាំ​អោយ​គេច​កំហុសឆ្គង​ទសវត្សរ៍​១៩៣០

1185
ចែករម្លែក

​អ្នក​សេដ្ឋកិច្ច​ដែល​ពិភពលោក​ទទួលស្គាល់​ជ​១.១៤៣​នាក់ រួម​មាន​ជ័យលាភី​រង្វាន់​ណូបែល​១៥​រូប បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដែល​ព្រមាន​ប្រធានាធិបតី​អាមេរិក​​ដូ​ណា​ល់ ត្រាំ ថា​គោល​នយោបាយ​គាំពារ​និយម​របស់​លោក​បច្ចុប្បន្ន ប្រឈម​ការ​នាំទៅរក​កំហុសឆ្គង​ដ៏​អន្តរាយ​ដូច​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៣០​។​

​ការ​ផ្ញើ​លិខិត​ជូន​ប្រធានាធិបតី​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ឧសភា ធ្វើឡើង​ចំ​ខួប​ទី​៨៨​នៃ​ការព្រមាន​ស្រដៀង​គ្នា​ផ្ញើ​ជូន​សភា​អាមេរិក​ដោយ​អ្នកសេដ្ឋកិច្ច​១.០២៨​នាក់​នៅ​​ឆ្នាំ​១៩៣០ ដោយ​អំពាវនាវ​អោយ​រដ្ឋាភិបាល​ពេលនោះ ទុកចោល​គោលនយោបាយ​គាំពារ​និយម ដែល​ទីបំផុត​នាំ​ដល់​វិបត្តិ​មួយ​ដែល​គេ​អោយឈ្មោះ​ថា​”​មហា​ឱនភាព​-Great Depression”​។​

​ថ្លែង​ទៅ​កាន់​លោក​ត្រាំ អ្នកសេដ្ឋកិច្ច​១.១៤៣​នាក់​ព្រមាន​ប្រធានាធិបតី​អាមេរិក​ថា “​សភា​មិនបាន​ស្តាប់​ការណែនាំ​ពី​អ្នកសេដ្ឋកិច្ច​ទេ​នៅ​ឆ្នាំ​១៩៣០ និង​ជនជាតិ​អាមេរិក​ពេញ​ប្រទេស​ត្រូវ​បង់ថ្លៃ​ពី​ការ​មិន​ស្តាប់​នោះ​”​។​

​រី​ឆាត ថាល័​រ អ្នក​ទទួល​រង្វាន់​ណូបែល​ខាង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ស្ថិត​ចំណោម​ហត្ថលេខី​ជាង​មួយ​ពាន់​នាក់​នៅលើ​លិខិត​នេះ​។​ទីប្រឹក្សា​របស់​អតីត​ប្រធានាធិបតី បា​រ៉ាក់​​អូ​បា​ម៉ា​, ច​ច ដា​ប់ប​ល​យូ ប៊ូ​ស​និង​រ៉ូ​ណាល់ រេ​ហ្គឹ​ន ក៏​ចុះហត្ថលេខា​លើ​លិខិត​ដែល​បញ្ជាក់​ពី​សារសំខាន់​នៃ​ពាណិជ្ជកម្ម​សេរី​និង​សក​លូ​ប​នីយកម្ម​នេះ​ផងដែរ​។​

​អំពី​ពាណិជ្ជកម្ម ពួក​អ្នកសេដ្ឋកិច្ច​ព្រមាន​ថា​” ប្រទេស​នានា​មិន​អាច​ទិញ​ពី​អ្នក​ជា​អចិន្ត្រៃយ៍​ទេ បើសិន​អ្នក​មិន​អនុញ្ញាត​អោយ​គេ​លក់​មកកាន់​អ្នក​វិញ​” ។​ពួកគេ​ក៏​បាន​រំ​លេច​​អំពី​ការអនុវត្ត​ពន្ធគយ​លើ​ទំនិញ​បរទេស​ហួសហេតុ​នឹង​នាំ​អោយ​កម្មករ​អាមេរិក​ខាង​សំណង់ កសិកម្ម គមនាគមន៍ លក់រាយ ធនាគារ សណ្ឋាគារ​និង​ទឹក​ភ្លើង​”​ខាតបង់​”​យ៉ាងច្បាស់​។​

​លិខិត​ដែល​រៀបចំ​ធ្វើ​ដោយ សហភាព​អ្នក​បង់ពន្ធ​ជាតិ​អាមេរិក (NTU)​និយាយថា ការ​យក​ពន្ធ​នឹង​ប៉ះពាល់​”​ពលរដ្ឋ​ភាគច្រើន​” និង​”​មនុស្ស​តិចតួច​សង្ឃឹម​ទទួលបាន​ផល​​ពី​ការផ្លាស់ប្តូរ​ដូច្នេះ​មួយ​”​។​

NTU​ដែល​មាន​សមាជិក​៣៦២.០០០​នាក់​កាលពី​មុន​គាំទ្រ​លោក​ត្រាំ​ចំពោះ​ការប៉ុនប៉ង​របស់លោក​ដើម្បី​លុបចោល​កម្មវិធី​Obamacare​និង​ច្បាប់​កំណែ​ទំរង់​ពន្ធ​កាលពី​ឆ្នាំ​​មុន តែ​ក្រុម​នេះ​បាន​ព្រមាន​កាលពី​ខែ​មីនា​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គួរ​គិត​ឡើង​វិញ​អំពី​ការ​សំ​រេ​ចិត្ត​របស់​ខ្លួន​ក្នុងកា​អនុវត្ត​ពន្ធ​លើ​ដែកថែប​និង​អាលុយមីញ៉ូម ដោយ​​ថា​”​ពន្ធ​ពាណិជ្ជកម្ម​ថ្មី​នឹង​ដើរ​ផ្ទុយ​ពី​កិច្ចខិតខំ​របស់​ត្រាំ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បង្កើត​ការងារ​ថ្មី​នៅក្នុង​សហរដ្ឋអាមេរិក​”៕​ដោយ​៖​វាសនា​