អ្នកសេដ្ឋកិច្ច​យល់ឃើញថា វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ឈានដល់​របស់​ថ្មី​មួយ​

321

(​ភ្នំពេញ )៖​ស្របពេល​ការដាក់ចេញ​បទបញ្ញត្តិ​នានា​ពី​ធនាគារជាតិ​នៃ​កម្ពុជា តម្រូវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា​ដំឡើង​ទុនបម្រុង​​របស់ខ្លួន អ្នកសេដ្ឋកិច្ច​កម្ពុជា​បាន​លើកឡើងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ឈានដល់​របត់​ថ្មី​មួយ​។​
​ ​

​លោក​ង៉ែត ជូ​ ​

​លោក​ង៉ែត ជូ​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​Emerging Market Consulting​បាន​ថ្លែង​ឲ្យ​ដឹង​​នៅលើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ខ្លួន​កាលពី​ថ្ងៃទី​១៨ សីហា​កន្លងមក​ថា​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឈានដល់​​របត់​ថ្មី​មួយ ដែល​អ្នកវិនិយោគ​ក្នុង​វិស័យនេះ​បាននិងកំពុង​យកចិត្តទុកដាក់ ដើម្បី​បន្ត​ឈរជើង​នៅលើ​ទីផ្សារ​បាន​ដោយ​ផ្អែកលើ​​មូលដ្ឋាន​មួយចំនួន​ដូចជា ទី​១ ការតម្រូវ​ដំឡើង​ដើមទុន​ចុះបញ្ជី ដែល​គ្រឹះស្ថាន​តូចៗ​មួយចំនួន​ត្រូវ​លក់​ទៅ​ឲ្យ​អ្នកវិនិយោគ​ដែលមាន​​ល​ទ្ឋ​ភាព ឬ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គ្រឹះស្ថាន​ដទៃ​។ នេះ​ជាស​ញ្ញា​ដ៏​វិជ្ជមាន​ព្រោះ​សព្វថ្ងៃ​កម្ពុ​ជាមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនពេក​​រហូតដល់​៦២ ដែល​ធ្វើ​ឲ្យ​ខ្វះ​ប្រ​សិ​ទ្ឋ​ភាព​ក្នុង​ការផ្តល់សេវា​។​
​ ​
​ទី​២ សម្ពាធ​ដែល​ត្រូវ​បញ្ចុះ​អត្រា​ការប្រាក់ តាមរយៈ​ការប្រកួតប្រជែង​ខ្លាំង យុ​ទ្ឋ​សាស្ត្រ​រួមមាន កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិ​ការបង្កើន​ការផ្តល់​កម្ចី​ខ្នាត​មធ្យម និង​ខ្នាត​ធំ ទី​៣ ការប្រើ​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​ប្រ​សិ​ទ្ឋ​ភាព​ប្រតិបត្តិការ​ដូចជា​ការសង​ត្រលប់​តាម​ទូរស័ព្ទដៃ​​ទំនើប ទី​៤ វិស័យនេះ​ត្រូវ​បន្ត​អប់រំ​មហាជន​ពី​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​អតិថិជន​ប្រើ​កម្ចី​ត្រូវ​គោលដៅ និង​និរន្តរភាព​ជីវភាព​អតិថិជន ជា​និរន្តរភាព​របស់​ស្ថាប័ន និង​វិស័យ​ទាំងមូល​។​
​ ​
​លោក​ង៉ែត ជូ​បាន​បន្តថា “​វិស័យ​មីក្រូហិរញ្ញវត្ថុ​បានរួម​ចំណែក​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា ជា​មោទនភាព​ធនាគារ​អេស៊ីលីដា ធនាគារ​ស្ថាបនា​បាន​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​ឡាវ ភូមា​”​។​
​ ​
​លោក​ជា ផល្លា​រិ​ន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អ​ម្រិ​ត​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការកំណត់​ដើមទុន​នេះ​មិនមែនជា​រឿង​ថ្មី​ទេ​ព្រោះ​​ធនាគារជាតិ​កាលពី​ឆ្នាំមុន​បានកំណត់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​ដំឡើង​ទុនបម្រុង​របស់ខ្លួន ដោយ​មីក្រូហិរញ្ញវត្ថុ​ធម្មតា​ត្រូវ​ដំឡើង​ទុន​ដល់​៣​លាន​ដុល្លារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ត្រូវ​ដំឡើង​ទុន​ដល់​៣០​លាន​ដុល្លារ ធនាគារ​ឯកទេស​ត្រូវ​ដំឡើង​ទុន​ដល់​១៥​លាន​ដុល្លារ និង​ធនាគារពាណិជ្ជ​ត្រូវ​ដំឡើង​ទុន​ដល់​៧៥​លាន​ដុល្លារ​។​
​ ​
​លោក​បន្តថា “​ការដំឡើង​ទុនបម្រុង ដែល​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ជា​ការល្អ​សម្រាប់​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​ធនាគារ​នានា ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនោះ​អាច​ពង្រឹង​ខ្លួន និង​មាន​ភាព​ប្រុងប្រយ័ត្ន​ជាង​មុន ក្នុង​ការធ្វើ​ប្រតិបត្តិការ​របស់ខ្លួន​និង​អាច​ឲ្យ​ការផ្តល់​​ឥណទាន​កាន់​តែមាន​គុណភាព ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ឥណទាន​ដែល​បាន​បញ្ចេញ​មិនមាន​ហានិភ័យ​ខ្ពស់​”​។​
​ ​
​លោក​ជា ផល្លា​រិ​ន​បាន​បន្តថា “​នេះ​ជាការ​ដាក់ចេញ​នូវ​បទបញ្ញត្តិ​របស់​ធនាគា​រ​ជាតិ ដែល​ឳ​សាន​វាទ​នៃ​ការកំណត់​នេះ​នឹង​បញ្ចប់​នៅ​​ខែ​មិនា​ឆ្នាំ​២០១៨ ជា​ពេលដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​អាច​ច្របាប់​បញ្ចូល​គ្នា ឬ​លក់​ឲ្យ​ស្ថាប័ន​ធំៗ​”​។​លោក​បន្តថា​“​រហូតមកទល់​​ពេលនេះ​គ្រឹះស្ថាន​មួយចំនួន អាច​កំពុង​សម្លឹងមើល​ដៃគូ​របស់ខ្លួន ដើម្បី​ច្របាច់​បញ្ចូល​គ្នា ច​ចារ​និង​សិក្សា​ពីគ្នា​ទៅវិញទៅមក​​ថា​អាចធ្វើ​ការងារ​មួយ​គ្នា​បាន​ឬ​អត់​”៕​ដោយ​ច្រាយ ចំណាន​/sn