អ្នកស្រាវជ្រាវ​រកឃើញ​ពូជ​ដាយ​ណូ​ស័​រ​ថ្មី ហោះហើរ​រំលង​លើ​ថ្ម​ប៉ប្រះ​ទឹក​និង​បឹង​ទឹកប្រៃ​នៅ​ប្រទេស​លី​បង់​កាលពី​៩៥​លាន​ឆ្នាំមុន​

422
ចែករម្លែក

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ចាត់ថ្នាក់​ដាយ​ណូ​ស័​រ​ចេះ​ហោះ​ប្រភេទ​ថ្មី​មួយ បន្ទាប់ពី​ធ្វើ​វិភាគ​លើ​ហ្វូ​ស៊ី​ល​ដែល​ប្រមូលបាន​ពី​កន្លែង​យក​ថ្មកំបោរ​មួយ​នៅ​ប្រទេស​លី​បង់​។​

​ហ្វូ​ស៊ី​ល​ទាំងនោះ​ត្រូវគេ​ជឿថា​មាន​អាយុកាល​ជាង ៩៥ លាន​ឆ្នាំ ហើយ​កើតចេញពី​សត្វ​ថេ​រ៉ូ​ស័​រ (Pterosaur) ដែលជា​ទម្រង់​ទូទៅ​បំផុត​នៃ​សត្វ​ថេ​រ៉ូ​ដាក់​តុល (Pterodactyl)​។​

​សត្វ​ថេ​រ៉ូ​ស័​រ​ពូជ​ថ្មី ដែល​គេ​ហៅថា Mimodactylus libanensis ត្រូវគេ​ជឿថា​បានរស់នៅ​ក្នុង​តំបន់ Tethys Seaway ដែលជា​ផ្ទៃ​ទឹក​រាក់​ដ៏​ធំ​សម្បើម ដែល​ឥឡូវ​បាន​ប្រែក្លាយជា​ទ្វីបអឺរ៉ុប អាហ្វ្រិក​ខាងជើង និង អាស៊ីអាគ្នេយ៍​។​

​សត្វ​ថេ​រ៉ូ​ស័​រ​ភាគច្រើន​ចិញ្ចឹមជីវិត​ដោយ​ការ​ស៊ី​សត្វ​សមុទ្រ​សំបក​រឹង (​ក្តាម​) ពី​បណ្តាញ​ថ្ម​ប៉ប្រះ​ទឹក​និង​បឹង​ទឹកប្រៃ​នៅលើ​ផ្ទៃ​ទឹក​លាតសន្ធឹង​ធំ​ល្វឹងល្វើយ ហើយ​គេ​ជឿថា​ពួកវា​បានធ្វើ​ដំណើរ​រហូតដល់​ភាគ​ខាងកើត​ប្រទេស​ចិន​។​

​លោក ម៉ៃ​ឃើ​ល ខាល់​វែ​ល បា​សាណិ​វិទូ​នៅ​សាកលវិទ្យាល័យ​អាល់​បឺ​តា បាន​ប្រាប់​វេ​ប​សាយ Phys.org ថា “​ភាព​ចម្រុះ​នៃ​សត្វ​បុរាណ​ទាំងនេះ​គឺ​ធំ​ជាង​អ្វីដែល​យើង​ធ្លាប់បាន​ប៉ាន់ស្មាន​ទៅទៀត ហើយ​ទំនង​ជាមាន​ភាព​ចម្រុះ​ធំធេង​សម្បើម​ជាង​អ្វីដែល​យើង​អាច​រកឃើញ​ពី​កំណត់ត្រា​ហ្វូ​ស៊ី​ល​”​។​

​ការរកឃើញ​ថ្មី​បាន​បង្ហាញថា​អាចមាន​ប្រភេទ​សត្វ​ស្លាប​ដាយ​ណូ​ស័​រ​បែបនេះ​ច្រើន​ដូច​ប្រភេទ​បក្សី​បច្ចុប្បន្ន​ដែរ​៕ ដោយ៖ កញ្ញាដាលីស