អ្នកស្រាវជ្រាវ​អូស្ត្រាលី​កំពុង​ស្វែងរក​វិធីសាស្ត្រ​ដាំចេក​ឱ្យចេញ​រូបរាង​ស្អាត​ជាង​មុន ដើម្បី​លក់បាន​ថ្លៃ​

1497
ចែករម្លែក

​សាកលវិទ្យាល័យ​ជែ​ម​ស៍​ឃុ​គ​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២៣​ឧសភា​ថា អ្នកស្រាវជ្រាវ​អូស្ត្រាលី​នឹង​ប្រើ​ផ្សិត ដែល​រកឃើញ​ជាទូទៅ​នៅក្នុង​ដី ដើម្បី​ផលិត​ចេក ដែល​មើលទៅ​ស្អាត​ជាង​មុន និង​ប្រយុទ្ធ​ប្រឆាំងនឹង​សត្វល្អិត​។​

​នៅពេល​ចេក​លូតលាស់ វា​ជា​ញឹកញាប់​មាន​ស្នាម​ជាំ​ពី​សត្វល្អិត​។​

​ប្រធាន​ដឹកនាំ​ការសិក្សា​នេះ គឺ​វេជ្ជបណ្ឌិត ថូ​ប៊ី​ន ន័​រ​ហ្វៀ​ល និយាយថា “​ពពួកសត្វ​ល្អិត​គឺ​មិន​ប៉ះពាល់​ដល់​គុណភាព​ទទួលទាន​របស់​ចេក​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ចេក​ធ្លាក់​ថ្លៃ​លក់​មិនសូវ​ដាច់​”​។​

​ដើម្បី​បំបាត់​បញ្ហា​នេះ ក្រុម​ស្រាវជ្រាវ​នឹង​ពិនិត្យមើល​ការដាំ​ផ្សិត​ឈ្មោះ Beauveria Bassiana ធ្វើជា​ថ្នាំ​សម្លាប់​សត្វល្អិត​ជីវសាស្ត្រ​។​

​ប៉ុន្តែ​ជាដំបូង​ក្រុម​អ្នកស្រាវជ្រាវ​នឹងធ្វើ​ការស្ទង់មតិ​និង​ស៊ើបអង្កេត​កន្លែង​ដែល​ផ្សិត​នេះ​ដុះ​ដោយ​ឯកឯង​។ បន្ទាប់មក​ពូជ​ផ្សិត​ដែល​ប្រមូលបាន​ពី​កសិដ្ឋាន​នឹងត្រូវ​យកមក​ពិនិត្យ​នៅក្នុង​មន្ទីរពិសោធន៍​ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​របស់​វា​លើ​សត្វល្អិត​។​

​ក្រៅពី​ការធ្វើ​តេស្ត​ដោយផ្ទាល់ ការវិភាគ​ម៉ូលេគុល​ក៏​នឹង​ត្រូវបាន​ធ្វើឡើង​ផងដែរ​។​

​លោក​ន័​រ​ហ្វៀ​ល​និយាយថា មានគុណ​សម្បត្តិ​ជាច្រើន​ក្នុង​ការប្រើ​ជម្រើសធម្មជាតិ​ប្រឆាំងនឹង​សត្វល្អិត​។​

​លោក​និយាយថា “​ការប្រើប្រាស់​ជីវសាស្ត្រ​ធម្មជាតិ​ជំនួស​ឱ្យ​ថ្នាំ​សម្លាប់​សត្វល្អិត​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ដោយ​ប្រែ​វា​ទៅជា​របស់​មាន​ប្រយោជន៍​។ ប្រសិនបើ​យើង​អាច​រក្សា​ផ្សិត​នៅ​កសិដ្ឋាន​បាន វា​អាចមាន​និរន្តរភាព​ផ្នែក​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការចំណាយ​លើ​ការគ្រប់គ្រង​”​។​

​ការសិក្សា​នេះ​ត្រូវគេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស