អ្នកស្រី សរ កេស​រ៉ា ជំរុញ​រឿង “​ធ្មប់​” ទទួលជោគជ័យ​ខ្លាំង​នៅ​អាមេរិក​

1312
ចែករម្លែក

​ភ្នំពេញ​៖ ជា​រឿង​មួយ​ដែលជា​មោទនភាព​សម្រាប់​កម្ពុជា ទៀតហើយ ដែល​រឿង “​ធ្មប់​” របស់​ផលិតករ ហ៊ុយ យ៉ា​ឡេង បានទទួល​ជោគជ័យ​ខ្លាំង លើស​ការរំពឹងទុក​ក្រោយពី​បាន យកទៅ​ចូលរួម​នៅក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ក្រុង​កម្ពុជា “Cambodia town film Festival” រៀបចំឡើង​នៅ កាលីហ្វ័រ​នៀរ​(California) កាលពីពេល​កន្លង​។​

​ក្រោយពី​បាន​ជោគជ័យ​រឿងនេះ តារា​សម្តែង​ជើងចាស់ សរ កេស​រ៉ា បាន​បង្ហើប​ឲ្យ​ដឹងថា ផលិតករ​ក្នុងស្រុក​ដែល​ជឿជាក់ថា​រឿង​ល្អ ហើយ​ចង់​យកទៅ​បញ្ចាំង​នៅក្រៅ​ប្រទេស អាច​យកទៅ​បាន ដោយ​លោកស្រី​នឹង​ជួយ​រត់ការ ក្នុង​បំណង​លើកស្ទួយ​សិល្បៈ​ភាពយន្ត​ខ្មែរ​។

​តារា​សម្តែង​ជើងចាស់ និង​ជា​ម្ចាស់​ផលិតកម្ម អ្នកស្រី សរ កេស​រ៉ា បាន​ប្រាប់​តាម​ហ្វេ​ស​ប៊ុ​ក ពី​ក្រៅប្រទេស​ថា រឿង “​ធ្មប់​” ដែល​អ្នកស្រី​ជួយ​រត់ការ​យកមក​ប​ញ្ចាំ​ង នៅក្នុង​កម្មវិធី Cambodia town film Festival រៀបចំឡើង​នៅ California ដែលមាន​ការ​មក​ចូលរួម ពី​ក្រុមការងារ តួឯក​ស្រី កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង​តួឯក​ប្រុស គឺ​ទទួលបាន​ការសរសើរ និង​ស្វាគមន៍​ខ្លាំង ពី​បងប្អូន​រស់នៅ​ទីនេះ​។

​បងប្អូន​នៅក្រៅ​ប្រទេស​ក៏​ចង់អោយ​អ្នកស្រី​នាំយក​រឿង​ខ្មែរ​ដែល​ល្អមើល​ផ្សេងទៀត មក​ចូលរួម កម្មវិធី​ខាងលើ និង​បញ្ចាំង​អោយ​បងប្អូន​ទស្សនា និង​បាន​ស្វែងយល់​ពី​ភាព​រីកចម្រើន​របស់ ភាពយន្ត​ខ្មែរ​នាពេល​បច្ចុប្បន្ន​។

​អ្នកស្រី​បន្តថា ជា​អ្នកសិល្បៈ​និង​ជា​ម្ចាស់​ផលិតកម្ម​ផង​នោះ គឺមាន​មោទនភាព ដែល​ភាពយន្ត​ខ្មែរ តារា​សម្តែង​ខ្មែរ ជោគជ័យ​បែបនេះ​។ ហើយ​អ្នកស្រី​និង​បន្ត​ជួយ​ដល់​ផលិតករ​ផ្សេងទៀត យក​រឿង​មក​បញ្ចាំង​នៅតាម​បណ្តាល​ប្រទេស​ផ្សេងទៀត ព្រោះ​បងប្អូន​ខ្មែរ​នៅក្រៅ​ប្រទេស ចង់អោយ​អ្នកស្រី​ធ្វើការ​ងារ​នេះ​។

​សម្រាប់​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន និង​ក្រុមការងារ ក្នុង​រឿង “​ធ្មប់​” ក៏​បង្ហាញ​អារម្មណ៍​រំភើប ចំពោះ​ជោគជ័យ​មួយ​នេះ​មិនតិច​ទេ​។ ហើយ​កាន់តែ​ពិសេស​នោះ​គឺ​បងប្អូន​នៅក្រៅ​ប្រទេស ស្រលាញ់​គាំទ្រ​សិល្បៈ​ខ្មែរ​ខ្លាំង​មែនទែន​៕ ដោយ​: បូ​រិ​ន

#