អ្នកស្រុក​ស្រឡាំងកាំង ពេល​ឃើញ​ទឹកអូរ​របស់ខ្លួន​ក្លាយជា​ទន្លេ​ឈាម​យ៉ាង​ចម្លែក​

965
ចែករម្លែក
  • 122
    Shares

​អ្នកស្រុក​រស់នៅ​ស្រុក​គួ​យ​ភីង (Cuiping) ក្រុង​អ៊ី​ពិន (Yibin) ខេត្ត​ស៊ី​ឈាន់ ប្រទេស​ចិន​ភាគ​និរតី មានការ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង បន្ទាប់​សុខៗ​ទឹកអូរ​ស៊ា​ង​ពី (Xiangbi River) របស់​ពួកគេ បាន​ប្រែ​ទៅជា​ទន្លេ​ឈាម​យ៉ាង​ចម្លែក​កាលពី​សប្តាហ៍​មុន​។

​ដោយ​ឃើញ​បាតុភូត​ចម្លែក​បែបនេះ អ្នកស្រុក​បាន​ថត​ផ្តិត​យក​ទិដ្ឋភាព​នេះ​បង្ហោះ​តាម​បណ្តាញ ទំនាក់ទំនង​សង្គម​។ ក្រោយ​ករណីនេះ​ខ្ចរខ្ចាយ មន្ត្រី​មូលដ្ឋាន​បាន​ចេញមុខ​អះអាងថា បាតុភូត​នេះ គឺ​បង្កឡើង​ដោយ​ទឹក​ថ្នាំ ដែល​ធ្លាយ​ចេញពី​រោងចក្រ​វេច​ខ្ចប់​មួយកន្លែង​។

​ក្រុមមន្ត្រី​បាន​លើក​ទំនប់​បណ្តោះអាសន្ន ដើម្បី​កុំឱ្យ​ទឹក​កខ្វក់​រាលដាល​ទៅមុខ​បន្ថែមទៀត​។​ ជា​សំណាងល្អ គេ​ដឹងថា អូរ​នេះ​មិនមែនជា​ប្រភពទឹក​សម្រាប់​ អ្នកស្រុក​ទទួលទាន​ឡើយ​។ ​ជា​វិធានការ ការិយាល័យ​បរិស្ថាន​ស្រុក​នឹង​ប្រមូល​សំណាក ទឹក​កខ្វក់​នេះ​យកទៅ​ប្រៀបធៀប ជាមួយ​ភ័ស្តុតាង ដែល​ប្រមូលបាន​ពី​រោងចក្រ​វេច​ខ្ចប់​ខាងលើ​។ ហើយ​រោងចក្រ​នឹង​ប្រឈម ការផាកពិន័យ​យោងទៅតាម​លទ្ធផល​ធ្វើតេស្ត​ប្រៀបធៀប​៕ ប្រែ​សម្រួល​: ខុម​