អ្នកស្រុក​អូស្ត្រាលី​ភៀសខ្លួន នៅពេល​សីតុណ្ហភាព​ឡើង​និង​ខ្យល់​ធ្វើអោយ​ភ្លើង​ឆេះ​ព្រៃ​កើនឡើង​

303
ចែករម្លែក

​ពលរដ្ឋ​ជាច្រើន​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អូស្ត្រាលី​ភាគ​ខាងកើត បាន​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​ធ្នូ ខណៈ​ដែល​សីតុណ្ហភាព​កើនឡើង​និង​ខ្យល់​បក់​ខ្លាំង​​កាន់តែ​បង្កើនល្បឿន​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​ស៊ីដ​នី ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​។​

​គុណភាព​ខ្យល់​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ស៊ីដនី​បាន​ធ្លាក់ចុះ​នៅពេល​ទីក្រុង​នេះ​ទទួលរង​ផ្សែង​ក្រាស់​បន្ថែមទៀត​ដោយ​រំខាន​សេវាកម្ម​ដឹកជញ្ជូន​និង​ការព្រមាន​ឱ្យ​មាន​ការ​ប្រុង​​ប្រយ័ត្ន​អំពី​សុខភាព​ពី​ក្រុម​អាជ្ញាធរ​។​

​អគ្គិភ័យ​ជាង ១០០​កន្លែង​បាន​ឆាបឆេះ​នៅ​រដ្ឋ ញូ​វ​សោត​វេល និង​រដ្ឋ​វិច​ធឺ​រៀ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ភាគច្រើន​នៃ​តំបន់​នោះ បាន​ឆេះ​ចាប់តាំងពី​ខែ​វិច្ឆិកា​។​

​អគ្គិភ័យ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់ បំផ្លាញ​ផ្ទះ​អស់​ជាង​៦៨០ ខ្នង​និង​បាន​ឆេះ​បំផ្លាញ​ដី​តំបន់​ព្រៃ​ជាង​១ លាន​ហិកតា​។​

​បន្ទាប់ពី​មាន​ភាព​ស្រាកស្រាន្ត​រយៈពេល​ខ្លី​កាល​លពី​ចុង​សប្តាហ៍​មក​នោះ ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ​បាន​ប្រែជា​អាក្រក់​ទៅ​នៅ​ថ្ងៃ​អង្គារ ខណៈ​ដែល​សីតុណ្ហភាព​ឡើងដល់​៤០ អង្សា​​សេ​និង​ខ្យល់​បក់​ខ្លាំង​ដោយ​បង្ក​ការភ័យខ្លាច​ថា​អគ្គិភ័យ​នេះ អាច​ឆេះ​រាលដាល​ដល់​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​។​

​ការព្យាករណ៍​នេះ​បាន​ធ្វើឱ្យមាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ភ្លើង​ឆេះ​ព្រៃ​ដែល​ឆេះ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​ស៊ីដ​នី​។​

​ក្រុម​អាជ្ញាធរ​បាន​ព្រមាន​ថា ដោយ​អាច​ឆេះ​ដល់​រយៈ​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​នោះ ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ ពី​ភាគ​ពាយព្យ​នៃ​ទីក្រុង​ស៊ីដនី អាច​​នឹង​រីក​រាលដាល ប្រសិនបើ​ខ្យល់​ខ្លាំង​មក​ដល់​៕​ដោយ​៖​សុខា​/sn

ផ្សែង​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​នៅ​រដ្ឋ​ញូ​វ​សោត​វេល គ្របដណ្តប់​លើ​មហោស្រព​Opera House នៅ​ទីក្រុង​ស៊ីដ​នី នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​ធ្នូ​នេះ