អ្នកស្រុក​ឧដុង្គ​ត្អូញត្អែរ​ពី​គ្រាប់ត្នោត​ខ្សត់ខ្សោយ​ធ្វើឱ្យ​ការលក់​កំពីងត្នោត​ធ្លាក់​ចំណូល​

1924
ចែករម្លែក
  • 11
    Shares

​ដោយ​: ដេប៉ូ / កណ្តាល​: ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​អ្នក​ប្រកប​របរ​លក់​កំពីងត្នោត​នៅ​តំបន់​ស្រុក​ឧដុង្គ​បាន​ត្អូញត្អែរថា ដោយសារ​គ្រាប់ត្នោត​មិនសូវ​សំបូរ ទិញ​មិនសូវ​បាន​ដូច​កាលពីមុន​ទៀត ធ្វើឱ្យ​មុខ របស់​ពួកគាត់​ធ្លាក់​ចំណូល​ចុះ​បន្តបន្ទាប់​។​

​ពិតណាស់​អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ ការប្រកបមុខរបរ​លក់​កំពីងត្នោត​របស់​អ្នកស្រុក​ឧដុង្គ​គឺ​បានក្លាយ​ជាការ​រកប្រាក់​ចំណូល​បន្ទាប់បន្សំ​ក្រៅពី​ធ្វើស្រែ​ចំការ របស់​អ្នកភូមិ ដែល​ធ្វើឱ្យ​ពួកគាត់​អាច​រក​ផល​កម្រៃ​គ្រាន់​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

​ក្នុងចំណោម​ភូមិ​ដែល​សំបូរ​អ្នកស្រុក​ប្រកប​របរ​លក់​កំពីងត្នោត​នេះ​គឺ​ស្ថិតនៅ​ភូមិ​ស្តុក ភូមិ​អង្គ​សេរី ភូមិ​ក្រោល​ខៀវ ដែល​ស្ថិតនៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត កណ្តាល​។ ក្រុម​អ្នកភូមិ​ទាំងនេះ​ភាគច្រើន​សុទ្ធតែ​ទទួល​ទិញ​គ្រាប់​ត្នោ ត​ដែល​គេ​ដឹក​យកមក​លក់​ពី​ខេត្តកំពង់ស្ពឺ​មក​គរ​ទុក ហើយ​ក្នុង​រយៈពេល​ត្រឹមតែ​១​ខែ​ទៅ​១​ខែ​កន្លះ ពេល​ផ្លែ​ត្នោត​ដុស​ឬ​សវែង​ហើយ​ពូក​គាត់​ក៏​កាប់​បោះ​ដុំ ឬ​យកទៅលក់​ខ្លួនឯង​នៅ​ផ្សារ​ទេសចរណ៍​ក្រោម​ភ្នំ​ឧដុង្គ​។​

បុរស​វ័យ​២៨​ឆ្នាំ​ដែលមាន​ឈ្មោះ ភុំ​សុផល​សព្វថ្ងៃ​រស់នៅ​ភូមិ​អង្គ​សេរី ឃុំ​ភ្នំ​បាត​កំពុងតែ​កាប់​កំពីងត្នោត​យ៉ាង​ប្រញាប់ប្រញាល់ ដើម្បី​បោះ​ដុំ​លក់​បន្ត​ទៅឱ្យ​អតិថិជន​របស់ខ្លួន នោះបាន​ឆ្លៀត​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា រៀងរាល់​ដើមខែ​ឧសភា​គាត់​តែង​ទិញ​គ្រាប់ត្នោត​អ្នក​ដឹក​តាម​រថយន្ត ឬ​គោយន្ត​ពី​ខេត្តកំពង់ស្ពឺ​មក​គរ​ទុកឱ្យ​ដុះ​កំពីង​។ ក្នុង​រយៈពេល​ប្រមាណ​មួយខែ​ទើប​កាប់​ឱ្យគេ​យកទៅលក់​នៅ​ផ្សារ​ក្រោម​ភ្នំ​ឧដុង្គ ឬ​ទៅ​លក់​នៅ​ភ្នំពេញ​។​

​បុរស​ដែល​ប្រកប​របរ​លក់​កំពីងត្នោត បោះ​ដុំ​រូបនេះ​បាន​ប្រាប់ឱ្យដឹង​បន្ថែមថា “​ខ្ញុំ​ទិញ​ពី​គេ​អ្នក ដឹក​គ្រាប់ត្នោត​ពី​ខេត្តកំពង់ស្ពឺ​មក​លក់​នោះ​យូរៗ​ទើប​គេ​ដឹក​តាម​រថយន្ត​ឬ​គោយន្ដ ម្តង​ទេ​។​អ្នកស្រុក​នៅ​ទីនោះ​ច្រើន​ទិញ​គ្រាប់ត្នោត​មក​គរ​ទុកជា​ច្រើន ចាប់ពី​២០​ស្លឹក​ទៅ​១០០​ស្លឹក​(១​ស្លឹក​១០​ផ្លូន​”​ឡើងទៅ ”​។ បុរស​រូបនេះ​បានឱ្យដឹង​ពីមុខ​របរ​របស់ខ្លួន​ថា “​ជាដំបូង​គេ​ត្រូវ​ប្រមូល​ទិញ​គ្រាប់ត្នោត​ចាស់ៗ យកមក​គរ​ទុក​រហូតដល់​ដុះ​ចេញ​ជា​ឫស ដើម្បី​កាប់​យក​កំពីង​ទៅ​លក់រាយ ឬ​លក់ដុំ ដើម្បីឱ្យ​ម៉ូយ​យកទៅលក់​បន្តទៀត​”​។​

បើតាម​បុរស​រូបនេះ​បាន​អះអាង​ដែរ​ថា ពួកគាត់​ច្រើន​ទិញ​គ្រាប់ត្នោត​ពី​អ្នក​នៅ​ម្តុំ​ស្រុក​ថ្អោ​ង​ឬ ស្រុក​សំរោង​ទង​ជាដើម ដោយសារ​នៅ​ទីនោះ​សម្បូណ៌​ត្នោត​ណាស់​។
​ដោយឡែក​លោកយាយ​ភឹម អ្នកទិញ​គ្រាប់ត្នោត​គរ​ទុក​យក​កំពីង​លក់​មួយរូប​ទៀត​នៅ​តំបន់ភ្នំ​បា​តុ​បាន​រៀបរាប់ ឱ្យដឹងថា ចាប់ពី​ដើមខែ​ឧសភា​ដែល​សំបូរ​គ្រាប់ត្នោត​ទុំ​ពួកគាត់​តែង​ទិញ​គេ​ដឹក​មក​លក់​ទាំង​រថយន្ត ឬ​គោយន្ត​ចាប់ពី​២០​ទៅ​១០០​ឆ្នាំ ស្លឹក​សម្រាប់​គរ​ទុក​លក់​ដោយ​ក្នុងនេះ​មួយ​ស្លឹក​អាច​ចំណេញ​ចាប់ពី​២​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​។​ ​

​ស្ត្រី​វ័យ​ចំណាស់​អាយុ​៦៥​ឆ្នាំ​រូបនេះ​បានឱ្យដឹង​ពី​របៀប​ទុក​កំពីងត្នោត​លក់​ថាបើ​គេ​ចង់បាន​កំពីង​ល្អ ហើយ​ឆ្ងាញ់​គឺ​នៅពេល​ផ្លែ​ត្នោត​ដុះ​ឬ​សវែង​ហើយ​គេ​ធ្វើការ​ក្រៀវ​វា ដោយ​ក្នុងនេះ​គេ​ធ្វើការ​ក្តិច​ឬ​ស​ផ្នែក​ខាងចុង​ចេញ​បើ​មិន​ដូច្នេះ​ទេ​កំពីង​នោះ​ស្ពោត​ឬ​ខូច​ញ៉ាំ​មិនសូវ​ឆ្ងាញ់​ឡើយ​។​
​ក្នុង​អាជីព​បន្ទាប់បន្សំ​សម្រាប់​គ្រាន់​រកថ​វិការ​ដោះស្រាយ​ជីវភាព ស្ត្រី​រូបនេះ​បានឱ្យ​ដឹងផង​ថា​
​ក្រោយពី​គាត់​ទិញ​បាន​ហើយ​ត្រូវយក​គ្រាប់ត្នោត​ទាំងនោះ​ទៅ​គ្រប​ទុក​ប្រមាណ​មួយខែ​ក្រោយមក​ទើប​គេ​កា​ប់យក​កំពីង​។ ប្រការ​ដែល​គេ​យកទៅ​គ្រប​ទុក​បែបនេះ ព្រោះ​ថាបើ​គ្រាប់ត្នោត​វា​ត្រូវ​ថ្ងៃ​ច្រើនពេក កំពីងត្នោត​នឹង​ឡើង​ក្រហម​ធ្វើ​ឲ្យ​អន់​រសជាតិ ឬមួយ​ក៏​ទទួលទាន​ពុំ​ឆ្ងាញ់​។​

​ដោយឡែក​អ្នក​អង្គុយ​លក់​កំពីងត្នោត​នៅ​ផ្សារ​ក្រោម​ភ្នំ​ឧដុង្គ​វិញ យុវតី​ឈ្មោះ ឃុ​ត​ធានី​ដែល​ជួយ​ម្តាយ​លក់​កំពីងត្នោត​ម្តងម្កាល​នោះបាន​ឱ្យដឹងថា​កំពីងត្នោត​ដែល​ពួកគេ​កាប់​យកមក​លក់​នេះ​ក្នុង​មួយថង់​ចាប់ពី​១៥​គ្រាប់​ដល់​២០​គ្រាប់​ក្នុងតម្លៃ​៥​ពាន់​ដល់​៦​ពាន់​រៀល​។​ចំពោះ​មុខរបរ​នេះ​ក៏​ប្រឈម​បញ្ហា​មួយចំនួន​ដែរ​គឺ​បើ​កំពីងត្នោត​ស្អុយ​ប្រើការ​ពុំ​កើត​នាំឱ្យ​ខាត​ដែរ​។​

​យុវតី​រូបនេះ​បានឱ្យ​ដឹងផង​ថា “​អ្នកទិញ​សព្វថ្ងៃនេះ​តថ្លៃ​ខ្លាំងណាស់ ខ្ញុំ​លក់​មិនសូវ​ចំណេញ​ទេ ហើយ​បើ​គ្រាប់ត្នោត​ស្អុយ​ច្រើន​ផង​គឺ​ពិតជា​ខាតដើម​ហើយ​។​ខ្ញុំ​សុំ​កុំឱ្យ​អ្នកទិញ​តថ្លៃ​ពេក​ពីព្រោះ​ពួក​ខ្ញុំ​ក៏​ពិបាក​រកប្រាក់​ចំណេញ​ណាស់​ពេលនេះ​”​។​

​កំពុង​អង្គុយ​លក់​កំពីងត្នោត​នៅ​ផ្សារ​ក្រោម​ភ្នំ​ឧដុង្គ​នេះ​ដូចគ្នា អ្នកស្រី​ម៉ាន​ភិ​រិម​ដែល​កំពុង កាប់​គ្រាប់ត្នោត​យក​កំពីង​យ៉ាង​ប្រញាប់ប្រញាល់​ដើម្បី​ដាក់ចូល​ថង់​ទុក​លក់​ឱ្យ​ភ្ញៀវ​នោះបាន​រៀបរាប់​
​ប្រាប់​ឱ្យដឹងថា “​ពេលនេះ​គ្រាប់ត្នោត​មិនសូវ​សំបូរ​ទេ ហើយ​ភាគ​ច្រើ​ស្ងុ​យ​ថែមទៀត​ធ្វើឱ្យ​ថ្ងៃ​ខ្លះ​ទិញ​ពី​គេ​មក​ខាតដើម​ក៏មានដែរ​”​។​

​ក្នុង​ទឹកមុខ​បង្ហាញ​ក្តី​នឿយណាយ​ស្ត្រី​វ័យ​ខ្ទង់​៤០​ឆ្នាំ​រូបនេះ ដែល​ដៃ​កំពុងកាន់​កំបិត​កាប់​កំពីង​គ្រាប់ត្នោត​បណ្តើរ​ប្រាប់​អ្នកយក​ពត៌មាន​យើង​បណ្តើ​រថា​”​ឆ្នាំនេះ​គ្រាប់ត្នោត​ក៏​មិនសូវ​សំបូរ ឯ​អ្នក​ដើរលេង​ទីនេះ​ក៏​មិនសូវ​សំបូរ​លុយ​ទិញ​ដូច​កាលពីមុន​ដែរ​។​ម្នាក់ៗ​បានតែ​សួរ​ហើយ​ឱ្យ​តម្លៃថោកៗ​មិន​ដល់​ថ្លៃ​ហើយក៏​ដើរចេញ​ទៅវិញ​។​មិនដឹងថា​យ៉ាងម៉េច​ស្រាប់តែ​អ្នកទិញ​ដូច​ខ្សត់​លុយ​ជាមុន​ណាស់​!​ប្រហែល​គេ​រក​មិនបាន​ហើយ​មើលទៅ​”​។​

​គួរ​បញ្ជាក់ថា​កំពីងត្នោត​ត្រូវបាន​គេ​និយម​បរិភោគ​ជាទូទៅ​ដោយសារ​តែ​វា​ជា​របស់​ធម្មជាតិ ហើយ​មាន​រស់ជាតិ​ឆ្ងាញ់ និង​បើ​បាន​បរិភោគ​ហើយ​តែង​ជាប់ចិត្ត​។ ក្រៅពី​ការបរិភោគ​មិន​ខ្លាច​ប៉ះពាល់​សុខភាព ហើយ​ផ្លែឈើ​របស់​ដូនតា​ខ្មែរ​យើង​នេះ នៅមាន​តម្លៃថោក​និង​អាច​ទុក​បានយូរ​ថែមទៀត​៕