អ្នកអវកាសស្រីរបស់អង្គការណាសាបង្កើតឯតទគ្គកម្មជាស្ត្រីស្ថិតនៅលើទីអវកាសយូរជាងគេបំផុត ឥឡូវបានចុះមកផែនដីដោយសុវត្ថិភាព

264
ចែករម្លែក

អវកាសយានិករបស់អង្គការណាសា លោកស្រី គ្រីស្ទីណា កុច (Christina Koch) ដែលបានចំណាយពេលជិត ១១ ខែនៅក្នុងគន្លងតារាវិថីដើម្បីបង្កើតឯតទគ្គកម្មសម្រាប់ការស្ថិតនៅលើទីអវកាសយូរជាងគេបំផុតដោយស្ត្រី បានចុះចតដោយសុវត្ថិភាពកាលពីថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈនៅកាហ្សាក់ស្ថានរួមជាមួយសហសេវិកពីរនាក់ទៀតមកពីស្ថានីយអវកាសអន្តរជាតិ។

យាន Soyuz ដែលដឹកលោកស្រីកុច មេបញ្ជាការស្ថានីយលោក លូកា ផាមីតាណូ នៃទីភ្នាក់ងារអវកាសអឺរ៉ុប និង អវកាសយានិករុស្ស៊ីលោក អាឡិចសាន់ឌ័រ សក្វូតសូវ (Alexander Skvortsov) បានចុះនៅភាគអាគ្នេយ៍នៃទីក្រុងឆេសស្កាហ្គាន ប្រទេសកាហ្សាក់ស្ថាននៅម៉ោង ៣ និង ១២ នាទីថ្ងៃព្រហស្បតិ៍។

លោកស្រីកុចបានបញ្ចប់បេសកកម្មរយៈពេល ៣២៨ ថ្ងៃបន្ទាប់ពីការហោះហើរលើកដំបូងរបស់លោកស្រីចូលទៅក្នុងទីអវកាស ដោយផ្តល់ឱ្យអ្នកស្រាវជ្រាវនូវឱកាសដើម្បីសង្កេតមើលពីផលប៉ះពាល់នៃការស្នាក់នៅលើយានអវកាសរយៈពេលយូរចំពោះស្ត្រី។ ការសិក្សានេះមានសារៈសំខាន់ ដោយហេតុថាអង្គការណាសាមានគម្រោងវិលត្រឡប់ទៅឋានព្រះចន្ទវិញក្រោមកម្មវិធី Artemis និង ត្រៀមឱ្យមនុស្សរុករកនៅភពព្រះអង្គារ។

លោកស្រីកុចញញឹមនិងលើកមេដៃ ខណៈក្រុមគាំទ្របានជួយលោកស្រីចេញពីយាននិងដាក់លោកស្រីនៅលើកៅអីសម្រាប់ការពិនិត្យសុខភាពភ្លាមៗបន្ទាប់ពីការហោះហើរ រួមជាមួយមិត្តរួមក្រុមរបស់លោកស្រី។ ក្រុមមន្ត្រីអវកាសរុស្ស៊ីនិយាយថា ពួកគេទាំងបីមានសុខភាពល្អធម្មតា។

លោកស្រីកុច ដែលធំដឹងក្តីនៅទីក្រុងជែកសុនវីលរដ្ឋន័រខារ៉ូលីណាហើយឥឡូវនេះរស់នៅក្បែរឈូងសមុទ្រម៉ិកស៊ិកក្នុងទីក្រុងហ្គាល់វេស្តូន រដ្ឋតិចសាស់ជាមួយប្តីរបស់លោកស្រីឈ្មោះ បុប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពីខែមុនថា ការចូលរួមក្នុងទីអវកាសក្នុងនាមជាស្ត្រីដំបូងគេបង្អស់គឺជាចំណុចលេចធ្លោបំផុតនៃបេសកកម្មរបស់លោកស្រី។

លោកស្រីកុចនិយាយថា លោកស្រីនិងអវកាសយានិករបស់អង្គការណាសាឈ្មោះ ជេសស៊ីកា មៀ បានកោតសរសើរថា ការដើរនៅលើទីអវកាសកាលពីថ្ងៃទី ១៨ ខែតុលា “អាចជាការលើកទឹកចិត្តសម្រាប់អ្នករុករកអវកាសនាពេលអនាគត”៕ ដោយ៖ កញ្ញាដាលីស