អ្នកឧកញ៉ា​គិត ធាង ត្រូវបាន​ចាប់ខ្លួន​,អាចបញ្ជូនទៅតុលាការថ្ងៃស្អែក​

744
ចែករម្លែក
  • 1.4K
    Shares
អ្នកឧកញ៉ាគិត ធាង(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​,ឆាយានាថ,សរិទ្ធ/​ភ្នំពេញៈ​សមត្ថកិច្ច​បាន​នាំខ្លួន​អ្នកឧកញ៉ា គិត ធាង ម្ចាស់​ទីតាំង​អាជីវកម្ម រ៉ក់ អ៊ិន​ធឺ​ធេ​ន​មេន សិន​ធ័​រ កាលពី​ព្រលប់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ប្រមាណ​ជិត ៥០​គីឡូក្រាម នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ ដែល​សមត្ថកិច្ច​បង្ក្រាប​នាពេល​កន្លងទៅ​។ការនាំខ្លួននេះតាមដីការតុលាការ។​

អ្នកឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ពី​ផ្ទះ​នៅ​ជិត​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ស្ថិតក្នុង​សង្កាត់​បឹងកក់​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ប្រាប់​រស្មី​កម្ពុជា​។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា ពិតជា​មានការ​នាំខ្លួន​អ្នកឧកញ៉ា គិត ធាង ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិតប្រាកដ​មែន​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​។


​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​ដីការនាំខ្លួន​របស់​សាលា​ដំ​បូ​ងរាជធានី​ភ្នំពេញ ដើម្បី​នាំខ្លួន​ឧកញ៉ា គិត ធាង មក​កន្លែង​ស្នងការ​ធ្វើការ​សាកសួរ ។អាហ្នឹង​អនុវត្តតាម​ដីការនាំខ្លួន​របស់​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ ពីព្រោះ​គាត់​ជា​ម្ចាស់​ទីតាំង​សមត្ថកិច្ច​និង​តុលាការ​ត្រូវ​ហៅ​សួរ​ហើយ​”​។​

ដោយឡែកតាមប្រភពដែលអាចជឿទុកចិត្តបានឲ្យដឹងថាអ្នកឧកញ៉ាគិតធាងទំនងជានឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកទី១២ខែមីនា។


គួររំលឹក​អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើ​ការចុះទៅ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​យប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ បាន​រកឃើញ​ថ្នាំញៀន​ជិត ៥០​គីឡូក្រាម រួមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​ជាង ៣០០​នាក់។បន្ទាប់ពីធ្វើការសាកសួរគេបានរកឃើញ​​ជនសង្ស័យ​ចំនួន ៣០​នាក់ក្នងនេះ មាន​ជនជាតិខ្មែរ​ចំនួន​១៧​នាក់ និង​ជនជាតិ​ចិន​ចំនួន​១៣​នាក់​(ចិនត្រូវបានបណ្តេញចេញ)៕សរន

សកម្មភាពព័ទ្ធផ្ទះអ្នកឧកញ៉ាគិតធាង