ស្រីស្រស់​ជាប់ពន្ធនាគារ ១០ ឆ្នាំ​ពីបទ​កាន់កាប់​ថ្នាំញៀន​តម្លៃ ១,៨ លាន​ដុល្លារ​

490
ចែករម្លែក

ចៅក្រម​អង់គ្លេស​ម្នាក់​បាន​និយាយថា​ស្ត្រី​រូបនេះ​បានដឹង​ពីអ្វី​ដែល​នាង​កំពុង​ប្រព្រឹត្ត ពីព្រោះ​បើ​វិនិច្ឆ័យ​លើ​បរិមាណ​គ្រឿងញៀន​ដែល​ប៉ូលិស​រកឃើញ​នោះ នាង​ច្បាស់​ជា​ទទួលបាន​ការជឿទុកចិត្ត​ពី​បក្ខពួក​របស់​នាង​។​

​នាង ស្តេ​ហ្វា​នី នែ​ល​សុន (Stephanie Nelson) ជា​អ្នកឯកទេស​ខាង​ថែរក្សា​សម្ផស្ស​វ័យ ៣០ ឆ្នាំ​និង​ជា​ម្ដាយកូន​មួយ ដែល​រីករាយ​នឹង​ជីវិត​ហ៊ី​ហា​នៅលើ​នាវា​ប្រណីត​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​នោះ ត្រូវបាន​ជាប់គុក ១០ ឆ្នាំ បន្ទាប់ពី​ប៉ូលិស​រកឃើញ​កូកាអ៊ីន ១៥ គីឡូក្រាម​តម្លៃ​១,៨​លាន​ដុល្លារ​នៅក្នុង​គូទ​ឡាន​របស់​នាង​។​

​នាង​នែ​ល​សុន ដែលមាន​កូនប្រុស​អាយុ​៧​ឆ្នាំ គឺ​កំពុងមាន​ផ្ទៃពោះ​ប្រាំ​ខែ នៅពេលដែល​នាង​ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​។​

​ការរកឃើញ​ថ្នាំញៀន​កូកាអ៊ីន​តម្លៃ​ប្រមាណ ១,៨ លាន​ដុល្លារ​នៅលើ​ផ្លូវ​មួយ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ប៉ូលិស​ឃាត់​ឡាន Hyundai របស់​នាង​នៅក្រៅ​ក្រុង​ឡុង​ដ៍​កាលពី​ខែមិថុនា​។ ខណៈ​ការឆែកឆេរ​ពីដំបូង​រក​មិនឃើញ​អ្វី​នោះ ការត្រួតពិនិត្យ​កាន់តែ​ស៊ីជម្រៅ​លើក​ទី​ពីរបាន​រកឃើញ​ឃ្លុប​កែច្នៃ​មួយ​នៅ​គូទ​ឡាន​ដែលមាន​សោ​មេដែក ដែល​អាច​បើក​បាន​ទាល់តែ​បញ្ឆេះ​ម៉ាស៊ីន​ឡាន​។​

​របាយការណ៍​សារព័ត៌​មានបាន​អះអាងថា នៅក្នុង​ឃ្លុប​នោះគេ​រកឃើញ​កូកាអ៊ីន​សុទ្ធ​៨៣​ភាគរយ​ចំនួន ១៥ គីឡូក្រាម​។ ទូរស័ព្ទ​ម៉ាក BQ Aquaris មួយគ្រឿង​ក៏ត្រូវ​បាន​រកឃើញ​ក្នុង​ឃ្លុប​នោះ​ផងដែរ ដែល​ក្រុម​អ្នកស៊ើប​អង្កេត​ពណ៌នា​ថា “​ទំនើប​ខ្លាំង​” និង​មិនអាច​ធ្វើឱ្យ​បែក​បាន​នោះឡើយ​។ ទូរស័ព្ទ​ម៉ាក​ដដែល​នេះ​ក៏​រកឃើញ​ផងដែរ​នៅលើ​ខ្លួន​លោ​កច​ន ម៉ាក​ខាំ អាយុ ៥៣ ឆ្នាំ ជា​ឪពុក​កូន​៣ ដែល​ត្រូវ​ជាប់គុក​១០​ឆ្នាំ​ពីបទ​សមគំនិត​ផ្គត់ផ្គង់​កូកាអ៊ីន​ដល់​នាង​នែ​ល​សុន​។

​នាង​នែ​ល​សុន​អះអាងថា នាង​គ្រាន់តែ​ជា “​អ្នក​ដឹកជញ្ជូន​បន្ត​អត់​ដឹងអី​ម្នាក់​” ធ្វើ​ការងារ​ដឹកជញ្ជូន​អីវ៉ាន់​ឱ្យ​អតីត​ដៃគូ​របស់​នាង ដែល​គេ​ពណ៌នា​ថា “​កោងកាច​” និង ជា​មនុស្ស​ដែល​នាង​ខ្លបខ្លាច​។ នាង​នែ​ល​សុន​និយាយថា នាង​មិនបាន​ឆែក​មើលមុខ “​ទំនិញ​” នេះ​ទេ​។ ចំណែក​លោក​ម៉ាក​ខាំ​ក៏​និយាយ​សម្រាល​តួនាទី​របស់គាត់​ក្នុង​ផែនការ​នេះដែរ ដោយ​និយាយថា គាត់​ត្រូវគេ​បង់លុយ​តែ ១៣០ ដុល្លារ​ដើម្បី​ប្រគល់​ទំនិញ​ឱ្យ​នាង​នែ​ល​សុន​។ ទោះយ៉ាងណា ចៅក្រម​មិនបាន​ងាករេ​ជឿ​តាម​ការអះអាង​របស់​ពួកគេ​នោះទេ​។

​ចៅក្រម​បាន​ប្រាប់​ទៅ​ចុងចោទ​ទាំងពីរ​នៅក្នុង​តុលាការ​ថា “​បុគ្គល​ដូចជា​រូបអ្នក​ច្បាស់​ជា​បំពេញ​តួនាទី​សំខាន់​ក្នុងការ​ធានា​ដល់​ការដឹកជញ្ជូន​គ្រឿងញៀន​ដោយ​សុវត្ថិភាព​ឆ្លងកាត់​ព្រំដែន​ប្រទេស​នានា និង ទៅកាន់​ភាគ​ខាងជើង​ប្រទេស​អង់គ្លេស​។ បុគ្គល​ដូចជា​រូបអ្នក​ច្បាស់​ជា​ទទួលបាន​ការជឿទុកចិត្ត​ខ្ពស់ ពីព្រោះ​តម្លៃ​នៃ​គ្រឿងញៀន​នេះ​គឺ​ធំ​សម្បើម​ណាស់​។ ពួក​អ្នក​ត្រូវបាន​គេ​ជឿទុកចិត្ត ហើយ​ការ​សមគំនិត​ប្រភេទ​នេះ​មិនអាច​ទៅរួច​នោះទេ បើ​គ្មាន​តួនាទី​ប្រឹងប្រែង​របស់​អ្នក​ទាំងពីរ​”​។

​ចៅក្រម​ឈ្មោះ​ស្តេត​ម៉ាន់​ស្នើឱ្យ​មានការ​អនុញ្ញាត​ដល់​នាង​នែ​ល​សុន​ដើម្បី​ពរ​ពោះ​ដល់​ចប់​ចុង​ចប់​ដើម “​តាម​គ្រប់​វិធី​ដែល​អាចទៅរួច​” និង​អនុញ្ញាតឱ្យ​នាង​អាច​នៅ​ជាមួយ​កូន​របស់​នាង “​បានយូរ​តាម​ដែល​អាជ្ញាធរ​ពន្ធនាគារ​អនុញ្ញាត​” ដោយ​បន្ថែមថា កូនប្រុស​ច្បង​របស់​នាង​នឹងត្រូវ​មើលថែ​ដោយ​ជីដូន​របស់​វា​៕ ដោយ៖ កញ្ញាដាលីស