អ្នក​ក្រុង​ហាណូយ​កំពុង​មាន​បញ្ហា​ទឹក​ស្អាត ដោយសារ​ប្រភពទឹក​ម៉ាស៊ីន​ក្នុង​ក្រុង​មាន​លាយ​ប្រេង និង​សារធាតុ​គីមី​កំរិត​ខ្ពស់​

249
ចែករម្លែក

​នៅក្នុង​ការព្រមាន​ប៉ះពាល់​អ្នក​ក្រុង​ហាណូយ​ពាក់កណ្តាល អាជ្ញាធរ​បាន​និយាយថា ទន្លេ​ដា ដែល​ជា​ប្រភព​ទឹក​ម៉ាស៊ីន​ក្នុង​ក្រុង ត្រូវ​បំពុល​ដោយ​សារធាតុ​គីមី​និង​ប្រេង​ប្រើ​រួច​​ហើយ​វា​មិន​មាន​សុវត្ថិភាព​សំរាប់​ការប្រើប្រាស់​ទេ​។​

​ការពិសោធន៍​បាន​រកឃើញថា ទឹក​ក្នុង​ទន្លេ​នេះ​មាន​ប្រេង​ប្រើ​រួច សារធាតុ ស្ទី​រីន​(styrene)​កំរិត​ខ្ពស់ និង​សារធាតុ​ដែល​ទំនងជា កាស៊ីណូ​ហ្សេ​និក​( carcinogenic)​។​

​បើ​តាម​សារព័ត៌មាន​VnExpress អ្នក​ក្រុង​ហាណូយ​ជាច្រើន​មិន​បាន​ប្រើ​ទឹក​ម៉ាស៊ីន​អស់​ប៉ុន្មាន​ថ្ងៃ​មកហើយ​ហើយ​ត្រូវ​រង់ចាំ​ដល់​យប់​ជ្រៅៗ​ដើម្បី​ទទួល​ទឹក​ពី​រថយន្ត​ដឹក​ទឹក​​របស់​អាជ្ញាធរ​ក្រុង​។​អ្នក​ក្រុង​ខ្លះ​ត្រូវ​បង្ខំចិត្ត​ប្រើ​ទឹក​សុទ្ធ​ច្រក​ដប ច្រក​ធុង​ដើម្បី​ផឹក​និង​ចំអិន​អាហារ​រហូត​ដល់​ដុះធ្មេញ​ចាប់តាំងពី​ផ្ទុះ​ព័ត៌មាន​អំពី​ទឹក​ម៉ាស៊ីន​មិន​មាន​សុវត្ថិភាព​​មក​។​

​អ្នក​ក្រុង​ហាណូយ​រង់ចាំ​ទទួល​ទឹក​ពី​រថយន្ត​ដឹក​ទឹក​កាលពី​ល្ងាច​ថ្ងៃ​១៥​តុលា​

​អ្នក​ក្រុង​ហាណូយ​មួយចំនួន​ប្រើ​ទឹក​សុទ្ធ​ក្នុង​ដប​និង​ធុង​សំរាប់​ផឹក​និង​ចំអិន​អាហារ​។​ក្រោយពី​អាជ្ញាធរ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ទឹក​ម៉ាស៊ីន​មិន​មាន​សុវត្ថិភាព​មក ទឹក​សុទ្ធ​​តាម​ហាង​និង​ផ្សារ​ត្រូវគេ​ទិញ​យក​ស្ទើរ​អស់​។​

​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ម្នាក់ បាន​អះអាង​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​តុលា​ថា ទឹក​ម៉ាស៊ីន​នៅ​ទូទាំង​តំបន់​អាគ្នេយ៍​នៃ​ទីក្រុង​មាន​លាយ​សារធាតុ​ស្ទីរីន​និង​កាស៊ីណូ​ហ្សេ​និក​។​

​ក្នុងពេល​ជាមួយគ្នា ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ម៉ាស៊ីន​ក៏​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​សំរាប់​ក្រុង​ហាណូយ ក្រោយ​អាជ្ញាធរ​ប្រកាស​ថា​ទឹក​ម៉ាស៊ីន​មាន​បញ្ហា ដើម្បី​សម្អាត​ទុយោ​និង​អាង​​ស្តុក​ទឹក ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជាប់​ប្រេង​។​ការផ្អាក​នេះ​នាំអោយ​ប៉ះពាល់​គ្រួសារ​ជាង​២៥០.០០០​នៅ​ក្រុង​ហាណូយ​៕​ដោយ​៖​វាសនា​