អ្នក​ខេត្តមណ្ឌលគិរី​រំភើប ត្បិត​អ្នកទេសចរ​មកលេង​ខេត្ត​នេះ រហូត​គ្មាន​បន្ទប់​ស្នាក់នៅ​

1768
ចែករម្លែក
  • 119
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ផ្ទះសំណាក់ សណ្ឋាគារ ឬ​បន្ទប់​ស្នាក់​នៅបាន​ពេញ​ណែន​ទាំងអស់ ខណៈ​ភ្ញៀវទេសចរ បានជ្រើសរើស​ខេត្តមណ្ឌលគិរី ជាទី​តាំង​លំហែកាយ​នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​ក្រុង​សែន​មនោ​រម្យ គេ​សង្កេតឃើញ​ពី​ចំនួន​រថយន្ត​ដ៏​ច្រើន​កំពុង​កកស្ទះ​លើផ្លូវ​សាធារណៈ ស្រប​ពេលដែល​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាង​ពីរពាន់​បន្ទប់ ត្រូវបាន​ភ្ញៀវ​ជួល​យក​ទាំងអស់​។​

​នៅតាម​ដងផ្លូវ​ចាប់ពី​ស្រុក​អូ​រាំង​ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ គេ​សង្កេតឃើញ​រថយន្ត​ឈប់​ត​កន្ទុយ​គ្នា ដើម្បី​ថតរូប​ភ្នំ​ស្មៅ និង​ចម្ការ​ស្រល់​។ ហើយ​បណ្តា​ទីតាំង​ទេសចរណ៍​របស់​ខេត្ត​មួយ​នេះ ក៏​កំពុងតែ​មមាញឹក​ទទួល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

​លោក ជា វណ្ណៈ រស់នៅ​ខេត្តក្រចេះ លោក​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោក​បាន​សម្រេចចិត្ត​ជ្រើសរើស​រី​ស៊​ត មួយកន្លែង​ក្នុង​ក្រុង​នេះ ដោយ​កក់​មុន​រយៈពេល​១​ខែ ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ នា​ថ្ងៃបុណ្យ​អ៊ុ​ទូក​ឆ្នាំនេះ​។

​ចំណែក​លោក សុ វណ្ណ​រិ​ទ្ធ ដែល​រស់នៅ​ខេត្តព្រះវិហារ ឯណោះ​វិញ ត្រូវ​សម្រេចចិត្ត​សុំ​ផ្ទះ​អ្នកស្រុក​សម្រាក ខណៈ​លោក​ពុំបាន​កក់​ផ្ទះសំណាក់​មុន​។ នៅមាន​ភ្ញៀវ​ជាច្រើន​ទៀត ដែល​ត្រូវ​សម្រាក​តាម​រថយន្ត បោះតង់ ឬ​ត្រូវ​បង្ហួស​មក​ស្រុក​ក្បែរៗ​ក្រុង ដើម្បី​បាន​ផ្ទះសំណាក់​សម្រាក​។​

​ខេត្តមណ្ឌលគិរី ត្រូវបាន​អ្នកទេសចរ ជ្រើសរើស​ជាទី​តាំង​លំហែរ​កាយ​បែប​ធម្មជាតិ ហើយ​ខេត្ត​មួយ​នេះ​ក៏​កំពុងតែ​អភិវឌ្ឍ​សក្តានុពល​របស់ខ្លួន​ប​ន្ថែ​ម ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នក​ទេចរ​ផងដែរ​។​

​មន្ត្រី​នៃ​មន្ទីរ​ទេ​ចរណ៍​ខេត្តមណ្ឌលគិរី មិនអាច​សន្និដ្ឋានបាន​អំពី​ចំនួន​អ្នក​ទេចរ​បាន​នៅឡើយ​នៅ​ថ្ងៃទី​២២​វិច្ឆិកា​នេះ ព្រោះ​ភ្ញៀវ​កំពុង​បន្ត​គ្នា​មកលេង​។ មន្ត្រី​ខាងលើ​រំពឹងថា ភ្ញៀវ​នឹង​កើនឡើង​ច្រើន​ជា​ឆ្នាំ​២០១៧​កន្លងទៅ​ជាក់​ជាពុំខាន​។ លោក​ថា ឆ្នាំ​២០១៧ ភ្ញៀវ​បានមក​លេង​ថ្ងៃបុណ្យ​អុំទូក​នេះ ចំនួន​១៣.៧៧២​នាក់​៕