អ្នក​គ្រប់​អាយុ​មក​ចុះឈ្មោះ​បោះឆ្នោត​បានតែ​ជាង​៣២​ភាគរយ​

283

(​ភ្នំពេញ​) ៖ រយៈពេល​៦៩​ថ្ងៃ​នៃ​ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ទៅ​​ចុះឈ្មោះ​ជាង​៥២​ម៉ឺន​នាក់​ហើយ​សរុប​ចំនួន​ពលរដ្ឋ​ឈ្មោះ​បោះឆ្នោត​បណ្ដោះអាសន្ន​មាន​ចំនួន​៨.៣៧០.៥៨៥​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​ ​
​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា រយៈពេល​៦៩​ថ្ងៃ នៃ​ដំណើរ​ការបើក​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥២៥.៤៥៩​នាក់​ហើយ ស្មើនឹង ៣២,៣១​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​
​ ​
​សេចក្ដីប្រកាស​បាន​បន្ត​ថា រយៈពេល​៦៩​ថ្ងៃ​ដូចគ្នា ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​ចំនួន ១៩.៩០៧​នាក់ និង​អ្នក​ត្រូវ​កែតម្រូវ​ឈ្មោះ​មាន​ចំនួន ៥.៤៩៣​នក់​។​
​ ​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧​មាន​ជាង​១,៦​លាន​​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ប្រមាណ​៩,៨​លាន​នាក់​។​ចំនួន​អ្នក​ចុះឈ្មោះ​បោះ​​ឆ្នោត​ថ្មី​នេះ នៅមាន​អត្រា​តិច​តូច​នៅឡើយ (​ជាង​៣២​ភាគរយ​) បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឈ្មោះ​បោះឆ្នោត​ថ្មី​១,៦​លាន​នាក់​៕​ដោយ​៖​វិបុល​/sn