អ្នក​ឃុំ​ជុំ​ក្រៀល​អភិរក្ស​កីឡា​ប្រណាំង​​គោ​អូស​រនាស់​សម្រាប់​កម្សាន្ត​រាល់​ពិធីបុណ្យ​ភ្ជុំ​

481
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ រាល់ថ្ងៃ​មួយ​កើត​ខែអស្សុជ​ដែលជា​ទិវា​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គណៈកម្មការ​វត្ត​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត​តែង​ធ្វើ​ពិធី​ប្រណាំង​គោ​អូស​រនាស់​ដើម្បី​ទស្សនា​កម្សាន្ត​សប្បាយ​ក្រោម​ការចូលរួម​ពី​ម្ចាស់​គោ​តាម​បណ្តា​មូលដ្ឋាន​នានា​។ ល្បែង​កីឡា​បែប​ប្រពៃណី​បន្សល់ទុក​ពី​ដូនតា​ប្រចាំ​ភូមិសាស្ត្រ​មួយ​នេះ​ទទួលបាន​នូវ​កិច្ច​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដោយ​ក្តី​មោទន​បំផុត​។​

លោក​សុខ យ៉ង សមាជិក​គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​ប្រាប់​ឱ្យដឹងថា​ឆ្នាំនេះ ប្រជាពលរដ្ឋ​ពី​បណ្តា​ឃុំ​នានា​ក្នុងស្រុក​ទឹកឈូ​បានមក​ទស្សនាការ​ប្រណាំង​គោ​អូស​រនាស់​ច្រើនជាង​ឆ្នាំ​កន្លងទៅ​។ ជាមួយនឹង​ភាពសប្បាយ​រីករាយ អ្នកចូលរួម​ក៏បាន​បរិច្ចាគ​ថវិកា​ដោយ​ទឹកចិត្ត​ស្មោះសរ​ដើម្បី​គាំទ្រ​ដំណើរ​ការឱ្យ​កាន់តែ​រស់​រវើក ឡើង​។

សមាជិក​គណៈកម្មការ​ដដែល​បាន​អំពាវនាវ​ថា សម្រាប់​ឆ្នាំក្រោយៗ​ទៀត លោក​សូម​ឲ្យ​អ្នក​មក​ទស្សនា​ពេលនេះ​ជួយ​បញ្ជ្រាប​ដល់​បងប្អូន​សាច់ញាតិ​ដើម្បី​លើកទឹកចិត្ត និង​អភិរក្ស​ល្បែង​កីឡា​កេរដំណែល​ដូនតា​ដែល បាន​ថែរក្សា និង​បន្សល់​ទុកជា​យូរ​មក​ហើយ​នោះ​ឱ្យ​គង់វង្ស​យូរអង្វែង​។ លើសពីនោះ លោក​ក៏​សូម​អំពាវនាវ​ដល់ ប្រជា​កសិករ​ដែលមាន​គោ​ល្អៗ​មេត្តា​បន្ត​យកចិត្តទុកដាក់​ថែរក្សា និង​បង្ហាត់បង្រៀន​សម្រាប់​ចូលរួម​ប្រណាំង​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជិត​ឆ្ងាយ​បន្ថែមទៀត​។​

លោក​ពៅ រតនៈ ប្រធានការិយាល័យ​អភិវឌ្ឍន៍​វប្បធម៌​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពត​បានបញ្ជាក់​ថា​ការប្រណាំង​គោ​អូស​រនាស់​ជា​លក្ខណៈ​ប្រពៃណី​ដែល​អ្នក​ឃុំ​ជុំ​ក្រៀល​បាន​ប្រកាន់យក​តាំងពី​ដូនតា​និង​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំនេះ សម្រាប់​តំបន់​ផ្សេងៗ​មិន​ធ្លាប់មាន​ទេ​។ ក្រៅពី​ការបង្កើត​ឱកាស​សប្បាយ ការធ្វើ ឡើង​ទៀងទាត់​នេះ​ពិតជា​ក្នុងន័យ​អភិរក្ស​ផង និង​ផ្សព្វផ្សាយ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹងផង​។

លោក​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា ការប្រណាំង​តែង​ធ្វើឡើង​ក្នុង​ថ្ងៃមួយ​កើត​ខែអស្សុជ​ដែលជា​ទិវា​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បំណង​ឱ្យ​ភ្ញៀវ​មក​ទស្សនា​កម្សាន្ត​សប្បាយ​។ ការិយាល័យ​ជំនាញ​នឹងសិក្សា​ដើម្បី​ចងក្រង​ខ្លឹមសារ​ពាក់ព័ន្ធ​ការប្រណាំង​គោ​អូស​រនាស់​នេះ​ទុកជា​ឯកសារ​ទៅ​ថ្ងៃក្រោយ​។​

លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​មានប្រសាសន៍​ថាបើ​អ្នក​ឃុំ​ជុំ​ក្រៀល​បន្ត​រក្សា​ល្បែង​កីឡា​ប្រពៃណី​នេះ​បាន​ខ្ជាប់ខ្ជួន ហើយ​មន្ត្រី​ជំនាញ​មានការ​លើកទឹកចិត្ត នោះ​ថ្ងៃក្រោយ​សហគមន៍​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​តា​រយៈ​ការប្រកួត​បង្ហាញ​ភ្ញៀវ​មើល​កម្សាន្ត​ដោយ​មិនចាំបាច់​ដល់ពេល​បុណ្យទាន​ដូច​បច្ចុប្បន្ន​ទេ​។ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​គេ​រក្សាបាន​នូវ​ប្រភេទ​កីឡា​គោ​តូ​រ៉ូ​ដើម្បី​សម្តែង​ជូន​ភ្ញៀវ​ដោយ​មិន​គិតពី​រដូវ​កាល ឬ​ពិធីបុណ្យ​ឡើយ​៕​B/