អ្នក​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​នឹងមាន​ទឹកស្អាត​ប្រើប្រាស់​នា​ដើមឆ្នាំ​២០១៨

513

(​កំពត​)៖ ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ដែល​កន្លងមក ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ចុងកាត់មាត់ញក​នោះ នាពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៨ ខាងមុខ ពលរដ្ឋ​នឹងមាន​ទឹកស្អាត​ប្រើប្រាស់ ដូច​អ្នករស់នៅ​បណ្តា​ទីក្រុង​នានា​ហើយ​។ តេ​ជោ​អភិវឌ្ឍន៍​ជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​សង្កាត់​ទាំង​៩៣ របស់​ខេត្តកំពត ដែល​ទើប​តែមាន​អាយុកាល​ជាង​ប្រាំ​មួយឆ្នាំ​ប៉ុណ្ណោះ​។​

​លោក សែម វុទ្ធី ម្ចាស់​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ បាន​រៀបរាប់ថា តាមពិត​សិប្បកម្ម​ទឹកស្អាត​របស់លោក​មិនទាន់មាន​ស្លាក​ឈ្មោះ ឬ​សញ្ញា​សម្គាល់​នៅឡើយ​ទេ​។ ពេលនេះ លោក​កំពុង​មមាញឹក​ក្នុងការ​ស្ថាបនា​អាង​ចម្រោះ អាង​ស្តុក​ទឹក ប្រព័ន្ធ​សង្វាក់​ផលិតកម្ម​នានា និង​ត​បណ្តាញ​បង្ហូរទឹក​ទៅកាន់​ទីប្រជុំជន ដើម្បី​បាន​ដំណើរការ​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ ឱ្យទាន់​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០១៨ តាម​ពេលវេលា​ដែល​បាន​គ្រោងទុក​។ ម្ចាស់​សិប្បកម្ម​ដដែល​នេះ​បានបញ្ជាក់​ថា​ជា​ជំហាន​ដំបូង​លោក​សំដៅ​ផ្គត់ផ្គង់​នៅ​តំបន់​ប្រជុំជន អង្គភាព ស្នាក់ការ​របស់​រដ្ឋបាល​មូលដ្ឋាន និង​បណ្តា​ភូមិឋាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្តុំគ្នា​។ បន្ទាប់ពីនោះ​លោក​នឹង​បន្ត​ពង្រាយ​បណ្តាញ​ផ្អែក​តាម​ការស្នើសុំ ព្រោះ​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ស្រះ អណ្តូង អណ្តូងស្នប់​ប្រើប្រាស់​ជាប្រចាំ​រួចរាល់​ហើយ​។

​លោក​សែម វុទ្ធី បាន​អះអាងថា ក្នុង​លក្ខខណ្ឌ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ទាំងមូល ត្រូវការ​ទឹកស្អាត​ប្រកបដោយ​ភាព​អនាម័យ​នោះ ខាង​លោក​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​គ្រប់ៗ​គ្រួសារ ទោះបី​ការទាញយក​ទឹក​មក​បញ្ចូល​អាង ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម​ចម្ងាយ​រហូតដល់​ជាង​មួយ​គីឡូម៉ែត្រ​ក៏ដោយ​។​

​លោក សាន គ្រី​យ៉ា មេឃុំ​តេ​ជោ​អភិវឌ្ឍន៍​បាន​រៀបរាប់ថា ជា​មោ​ទ​ភាព​ណាស់​ដែល​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ចាប់ផ្តើម​មាន​ទឹកស្អាត​ប្រើប្រាស់​។ នេះ​ជា​ផ្នែក​មួយ​ក្នុង​ការបង្កើន​អនាម័យ សម្រាប់​សុខភាព​គ្រួសារ ដែល​បាន​ផ្លាស់ប្តូរ​ពី​ទម្លាប់​ប្រើប្រាស់​ទឹក​មិនដឹង​ពី​ប្រភព និង​គុណភាព​ច្បាស់លាស់​នោះ​។ ដំណាក់កាល​ដំបូង សេវាកម្ម​ទឹកស្អាត​របស់​ឯកជន​នេះ នឹង​ផ្គត់​ផ្គត់​លើ​ភូមិ​ចំនួន​បី​ក្នុងចំណោម​ប្រាំមួយ​ភូមិ​របស់​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​។

​លោក​មេឃុំ​បានបញ្ជាក់​ឱ្យដឹងថា រហូតមកដល់​បច្ចុប្បន្ន ក្នុង​ឃំ​ុ​តេ​ជោ​អភិវឌ្ឍន៍​ចំណុះ​ដោយ​ភូមិ​ទាំង​ប្រាំមួយ​មាន​ប្រជាពលរដ្ឋ​១.៩៥៨​គ្រួសារ ស្មើនឹង​៧.៣៦៦​នាក់ ដោយ​៩៨​ភាគរយ ប្រកបមុខរបរ​កសិក​ម្ម​។

​សូមបញ្ជាក់ថា ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ចំណុះ​ស្រុក​ឈូក ខេត្តកំពត​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១១ ដោយ​កាត់​ផ្ទៃដី​មួយផ្នែក​ចេញពី​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​។ ឃុំ​នេះ​មាន​ព្រំប្រទល់​ខាងជើង និង​ខាងកើត​ជាប់​ដី​ខេត្តកំពង់ស្ពឺ ខាងត្បូង​ទល់​ឃុំ​ត្រពាំង​ភ្លាំង ខាងលិច​ជាប់​ដី​ខេត្ត​ព្រះសីហនុ ចម្ងាយ​៩៨​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទី​រួម​ខេត្តកំពត​។ ដោយ​គ្របដណ្តប់​លើ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ប៊ុនរ៉ានី ហ៊ុនសែន​៣១៧​កោះស្លា​ផង​នោះ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​បាន​យកចិត្តទុកដាក់​រហូត​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ សមិទ្ធផល​ដែល​បានកើត​ឡើង​ថ្មីៗ រួមមាន ផ្លូវ​កៅស៊ូ​ប្រវែង​១៨​គីឡូម៉ែត្រ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ អគារ​សាលាឃុំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ស្នាក់ការ​កងរាជអាវុធហត្ថ ផ្សារ​លក់ទំនិញ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វត្ត​អារាម មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព ស្រះ​ទឹកធំៗ អណ្តូងស្នប់ និង​អណ្តូង​លូ​ជាដើម​។ ទោះជា​បែបនេះ​ក្តី សេវាកម្ម​ទឹកស្អាត​សម្រាប់​ប្រជាពលរដ្ឋ​មិនទាន់មាន​នៅឡើយ ខណៈដែល​បណ្តាញ​អគ្គិសនី​រដ្ឋ​បាន​ផ្គត់ផ្គង់​ក្នុងភូមិ​ចំនួន​បី​ស្ថិតនៅ​ទីប្រជុំជន​៕L ដោយ​៖ បូកគោ​