អ្នក​ឃុំ​លាងដៃ​ ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​ ដែលជា​ទំនៀម​ពី​បុរាណ​

276
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​: ​ដូច​សព្វមួយដង ឱ្យ​តែមាន​គ្រោះរាំងស្ងួត ឬ​ខ្សត់​ភ្លៀង អ្នកភូមិ​លាងដៃ នៃ​ស្រុក​អង្គរធំ បាន​គៀងគរ​គ្នា​ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​បួង​សួង​សុំ​ទឹកភ្លៀង​នៅ​បរិវេណ​ប្រាសាទនាគព័ន្ធ​ដែលជា​ទំនៀម​ពី​បុរាណ​។
កម្មវិធី​ឆ្នាំនេះ​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​១៣ និង​១៤ ខែសីហា ដោយមាន​ព្រះសង្ឃ​និង​អ្នកភូមិ​ចូលរួម​ប្រមាណ​២០០​អង្គ​/​នាក់​។​

​លោកយាយ ហៃ វឿន វ័យ​៧០​ឆ្នាំ​ ជា​ចាស់​ព្រឹទ្ធិ​ចា​រ្យ​មួយរូប ដែល​ផ្តើមគំនិត​រៀបចំ​ពិធីបួងសួង​សុំ​ទឹកភ្លៀង​នេះ​បានឱ្យដឹងថា ពិធី​នេះ​ជា​ទំនៀម​អ្នកភូមិ​លាងដៃ​តែង​ធ្វើ​មិនដែល​រំលង​ឡើយ គឺ​រាល់​ឆ្នាំ​ដែល​ក្រ​មាន​ភ្លៀង​ឬ​ជាប់​គ្រោះរាំងស្ងួត​ជាដើម​។ លោកយាយ​បន្ថែមថា នៅ​ឆ្នាំនេះ​សង្កេតឃើញថា​មាន​គ្រោះរាំងស្ងួត​ខ្លាំង អ្នកភូមិ​មិន​រំពឹង​ទទួលបាន​ទឹកភ្លៀង​ច្រើនពេក​ទេ​​បន្ទាប់ពី​រៀបចំ​ពិធី​សុំ​ទឹកភ្លៀង​រួច តែ​យ៉ាងណា​អ្នកភូមិ​នៅតែ​ធ្វើ​ដើម្បី​បន់​អស់​បារមី​ទេវតា​ថែរក្សា​ភពផែនដី ឱ្យ​ផ្តល់​ទឹកភ្លៀង​ជួយសង្គ្រោះ​ស្រូវ​ស្រែ​និង​ជីវិត​សត្វលោក​។​

​បារមី​ស័ក្ដិសិទ្ធិ​នៅ​ប្រាសាទនាគព័ន្ធ បានធ្វើឱ្យ​អ្នកភូមិ​នៅ​ទីនោះ​មាន​ជំនឿ​ជាខ្លាំង ដោយសារ​រាល់ពេល​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​ម្ដងៗ គឺ​តែងមាន​ភ្លៀង​ធ្លាក់​រហូត​។ លោកយាយ ហៃ វឿន បញ្ជាក់ថា អំឡុងពេល​កំពុង​បួងសួង​នៅ​ល្ងាច​ថ្ងៃទី​១៣ ស្រាប់​តែមាន​ភ្លៀង​មួយ​មេ​ធ្វើឱ្យ​អ្នកភូមិ​ទទឹកជោក​ខ្លួន​តែម្ដង​ ខណៈដែល​ពេលមុនៗ​ពុំមាន​ភ្លៀង​សោះ​នោះ​។ លោកយាយ​បន្តថា នៅទីនេះ​ឱ្យតែ​បន់​គឺ​ដឹង​តែ​បាន​។​

​ចំណែក​លោកយាយ ឌួង ឆោម អ្នកដឹកនាំ​រៀបចំ​ពិធី​នេះ​មួយ​ដែរ​នោះបាន​និយាយថា អ្នកភូមិ​មាន​ជំនឿ​នឹង​ពិធី​នេះ​ណាស់ ហើយ​តែង​មិន​សុខ​ស្រណុក​នៅពេល​មិនបាន​ធ្វើ​ពិធី​នេះ​។ លោកយាយ​ថា បុណ្យ​សុំ​ទឹកភ្លៀង​នេះ​មិនមែន​សុំ​តែ​ទឹកភ្លៀង​មួយ​មុខ​ទេ គឺ​បន់ស្រន់​សុំ​សេចក្ដីសុខ​ជូន​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ទាំងមូល​ផងដែរ​។ ជាមួយគ្នានេះ ក្នុងនាម​ជា​ចាស់ទុំ​មួយរូប និង​ជា​អ្នក​ប្រឹងប្រែង​ខំ​ធ្វើ​ពិធី​នេះ​ត​ពី​ដូច​តា​មក ។លោកយាយ ឌួង ឆោម ចង់ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ បន្តធ្វើ​ពិធី​នេះ​ជាប់​រហូត​ទៅ ដ្បិតថា​ជា​ទំនៀម​ពី​បុរាណ ក៏ដូចជា​អត្ដ​សញ្ញាណ​មួយ​របស់​អ្នកភូមិ​លាងដៃ​នេះ​ផងដែរ​។ សម្រាប់​ពិធី​នេះដែរ បើតាម​ការពន្យល់​រប​ស់លោក​យាយ ឌួង ឆោម គឺមាន​សារសំខាន់​ណាស់​ដើម្បី​បង្ហាញ​ពី​ស្នា​ដៃដល់​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុងការ​អភិរក្ស​ប្រពៃណី​ពី​ដូនតា​ខ្មែរ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ចង់ដឹង​ចង់​ឈ្វេងយល់​ក្នុង​ពិធី​នេះ​៕​Ha