ដោយ: បូកគោ / កំពត: ការចិញ្ចឹមគោក្របីរបស់ប្រជាកសិករ នាពេលបច្ចុប្បន្ន មិនមែនគោលដៅ ដើម្បីប្រើប្រាស់ជាកម្លាំងអូសទាញនោះទេ ពោលគឺមួយភាគធំនៃពពួកសត្វនេះ សម្រាប់លក់ឱ្យឈ្មួញកាប់សាច់ផ្គត់ផ្គង់នៅលើទីផ្សារ តាមតម្រូវការនៃម្ហូបអាហារប្រចាំថ្ងៃប៉ុណ្ណោះ។
ក្នុងវ័យ៥៣ឆ្នាំ កសិករសឿង មិត្ត រស់នៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតបាន រៀបរាប់ថាជាង១០ឆ្នាំមកហើយ គ្រួសារគាត់តែងតែចិញ្ចឹមសត្វក្របីជាប្រចាំមិនដែលអាក់ខានឡើយ ហើយមានចំនួនច្រើនទៀតផង។ ប៉ុន្តែឥឡូវនេះនៅតែបួនក្បាលប៉ុណ្ណោះ ព្រោះបានលក់ចេញជាបន្តបន្ទាប់។ កសិករដដែលបាននេះបញ្ជាក់ថាពីមុនការចិញ្ចឹមក្របីសម្រាប់ភ្ជួររាស់ក្នុងកិច្ចការងារធ្វើស្រែ។ ប៉ុន្តែពីរបីឆ្នាំចុងក្រោយ គាត់ឈប់ប្រើក្របីជាកម្លាំងអូសទាញទៀតហើយគឺជួលឱ្យគេភ្ជួររាស់ដោយគ្រឿងយន្តព្រោះមានភាពចំណេញច្រើនជាង។
រៀបរាប់ស្រដៀងគ្នានេះដែរ លោក ធុង ខឿន មេភូមិព្រែកក្រែងបានបញ្ជាក់ថា គ្រួសារលោកមានទាំង គោមានទាំងក្របី ហើយសុទ្ធតែពេញកម្លាំងប្រើប្រាស់។ ប៉ុន្តែរាល់ពេលធ្វើស្រែចម្ការ លោកតែងតែជួលគោយន្តឱ្យគេមកភ្ជួរ ដែលអាចបញ្ចៀសបានពីការហត់នឿយទាំងសត្វទាំងម្ចាស់ ហើយយកពេលវេលាធ្វើកិច្ចការងារផ្សេងវិញ។
លោកមេភូមិបានបន្តថា ការចិញ្ចឹមគោក្របីគ្រប់ៗ គ្រួសារនាពេលបច្ចុប្បន្ន គឺរង់ចាំឈ្មួញមកទិញយកទៅកាប់សាច់លក់។ មានតែប្រហែល២០ភាគរយប៉ុណ្ណោះ ក្នុងចំណោមគោក្របីទាំងអស់ដែលម្ចាស់នៅបន្តប្រើប្រាស់សម្រាប់ជាកម្លាំងអូសទាញ លើការងារស្រែចម្ការ និងដឹកជញ្ជូនផ្សេងៗ។ លោកធុង ខឿនបានប្រាប់ឱ្យដឹងទៀតថា មកដល់ឆ្នាំនេះ ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោតមានពលរដ្ឋចំនួន៣៩៣គ្រួសារ ដែលមានគោ៥២ក្បាល និងក្របី២៤ក្បាល។
លោកម៉េង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មបានបញ្ជាក់ឱ្យដឹងថា ក្នុងមួយខែៗ ក្រៅពីសត្វជ្រូកសត្តឃាតដ្ឋានប្រាំកន្លែងទូទាំងខេត្តកំពត ត្រូវការគោក្របីប្រមាណ២៧០ក្បាល សម្រាប់កាប់យកសាច់លក់នៅលើទីផ្សារ ដើម្បីបំពេញតម្រូវការអ្នកបរិភោគគ្រប់ស្រទាប់វណ្ណៈ។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានប្រាប់ឱ្យដឹងថា តាមការធ្វើជំរឿនថ្មីៗ ក្នុងឆ្នាំ២០១៨ នេះ នៅទូទាំងខេត្តមានគោចំនួន១៧២.៩៨៨ក្បាល និងក្របី១០.៣៧៣ក្បាល៕ ល