អ្នក​ចិញ្ចឹម​ជ្រូក​ខាត១៥២លាន​ដុល្លារ​​ត្រឹម​រយៈពេល៦ខែ

493

(​ភ្នំពេញ​)៖ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា លោក ជេ​ត ភិរម្យ បាន​ថ្លែង​អំពី​ការខាតបង់​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ថា​ “ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងប្រទេស​កម្ពុជា បាន​ខាតបង់​ទឹកប្រាក់​យ៉ាងហោចណាស់​១៥២ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​រយៈពេល ៦ ខែ​ចុង​ក្រោយនេះ បន្ទាប់ពី​មានការ​នាំចូល​ជ្រូក​រស់​ពី​វៀតណាម​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ការត្រួតពិនិត្យ និង​យ៉ាងគំហុក​ចូលមក​លក់​ក្នុងប្រទេស​កម្ពុជា ។​

​ការខាតបង់​នោះ ដោយហេតុ ៣ យ៉ាង​គឺ ១. ដោយសារ​លក់​ជ្រូក​មិន​ចេញ​ធ្វើឱ្យ​គ្មាន​ប្រាក់ចំណូល , ២. បង្ខំចិត្ត​លក់​ជ្រូក​ក្នុង​តម្លៃថោក ឬ ទាប​ជាង​តម្លៃ​ដើម​នៃ​ការចិញ្ចឹម ពោលគឺ​បង្ខំចិត្ត​លក់​ក្នុងតម្លៃ​ខាតដើម និង ៣. ខាត​ព្រោះ​ត្រូវ​ចំណាយ​ទៅលើ​ចំណី​ជ្រូក​និង​ថ្លៃ​ពលកម្ម​” ។​

​លោក ជេ​ត ភិរម្យ ថ្លែង​ដូច្នេះ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ជាមួយ​រស្មី​កម្ពុជា នៅ​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ។​

​លោក បាន​បញ្ជាក់ថា ទិន្នន័យ​ដែលថា​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ខាតបង់​យ៉ាងហោច​១៥២ លាន​ដុល្លារ​នេះ គឺជា​លទ្ធផល​បូកសរុប​នៃ កិច្ចប្រជុំ​របស់​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ជាមួយ​តំណាង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក កាលពី​រសៀល​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ នៅឯ​ការិយាល័យ​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា វាល​ស្បូវ ហើយ​ថា​លទ្ធផល​នេះ គឺជា​ការ​បូកសរុប​របស់​កសិដ្ឋាន​ចិ​ញ្ច​ជ្រូក​ធំៗ​ជា​​លក្ខណៈ​ឧស្សាហកម្ម​ប្រមាណ​ជា​៥០ ដែល​បាន​ចូល​ជា​សមាជិកសមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ដែល​តែប៉ុណ្ណោះ​គឺ​មិនទាន់​គិតដល់​ការខាតបង់​របស់​កសិដ្ឋាន​ដែល​មិនបាន​ចូល​ជា​សមាជិកសមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា និង​កសិករ ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ផង​ទេ ។​

​សូម​រំលឹកថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយសារតែ​ប្រទេស​ចិន​ឈប់​ឱ្យ​នាំ​ជ្រូក​សាច់​របស់​ប្រទេស​វៀតណាម​ចូល​ប្រទេស​ចិន​ដោយសារតែ​​បញ្ហា​សុខភាព ទើប​ជ្រូក​វៀតណាម​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ។ ដោយហេតុនេះ ជ្រូក​សាច់​រាប់លាន​ក្បាល​គ្មាន​ទីផ្សារ​របស់​វៀតណាម​ត្រូវបាន​គេ​នាំ​ចូលមក​លក់​ក្នុងប្រទេស​កម្ពុជា ក្នុងតម្លៃ​យ៉ាង​ថោក​ជាង​តម្លៃ​ដើម ពោលគឺ​ជ្រូក​រស់ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ប្រមាណ​ជា ៣.២០០ រៀល ខណៈ​ថ្លៃដើម​នៃ​ជ្រូក​រស់ ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៦.៥០០​រៀល ទៅ ៧.៥០០​រៀល ។​

​ប្រការនេះ​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ជា​លក្ខណៈ​គ្រួសារ​បានចាប់ផ្តើម​ក្ស័យធន​បណ្តើរៗ​ហើយ​ខណៈ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​​ឧស្សាហកម្ម និង ជា​លក្ខណៈ​គ្រួសារ​ខ្លះទៀត​កំពុង​ត្រដរខ្យល់​ធ្ងន់ធ្ងរ​ទៅៗ អាច​ប្រឈម​នឹង​ក្ស័យធន​ក្នុងពេល​មិនយូរ​។ នេះ​មិនទាន់​ដល់​​ផលប៉ះពាល់​ចំពោះ​សុខភាព​អ្នក​បរិភោគ​ផង ៕ ដោយ ៖មេសា

ជ្រូក​នាំចូល​បាននិងកំពុង​គំរាមកំហែង​និង ផ្តាច់ជីវិត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ​
​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ចាប់ផ្តើម​ក្ស័យធន​បណ្តើរៗ​ហើយ និង កំពុង​វេទនា​ដោយ​បំណុល វ័ណ្ដ​ក កសិដ្ឋាន​ខ្លះ​ជ្រូក​ស្ទើរតែ​ចេះ​និយាយ​( រូបៈ មេសា​)