អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជាង​៥០​ម៉ឺន​នាក់ ចាប់ពី​ថ្ងៃទី​១​កញ្ញា​-៩​វិច្ឆិកា ឆ្នាំ​២០១៧

217

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតឬ គ​.​ជ​.​ប បានប្រកាសថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ឆ្នាំ​២០១៧​បាន​បិទ​​បញ្ចប់​ហើយ កាលពី​ម៉ោង ៥ ល្ងាច ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ លទ្ធផល​បណ្តោះអាសន្នរ​បស់ គ​.​ជ​.​ប បង្ហាញថា គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា មកដល់​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ជាង ៥០​ម៉ឺន​នាក់​បានមក​​ចុះឈ្មោះ​បោះឆ្នោត​។ ចំនួន​នេះ គឺ​ស្មើនឹង​ជាង​៣០ភាគរយ នៃ​ចំនួន​អ្នក​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត ដែល គ​.​ជ​.​ប បាន​ប៉ាន់​ស្មានថា មាន​ជាង ១​លាន ៦​សែន​នាក់​។​

​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ត្រូវបាន​ធ្វើឡើង តាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​ទូទាំង​១៦៤៦ ឃុំ​សង្កាត់ ទូទាំងប្រទេស​ចាប់ពី​អនុវត្ត​ពីថ្ងៃ​​ទី​១ ខែកញ្ញា ហើយ​ត្រូវ​បិទ​បញ្ចប់ នៅ​ម៉ោង ៥​ល្ងាច ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ គ​.​ជ​.​ប បាន​ប៉ាន់​ស្មានថា មាន​ប្រជាពលរដ្ឋ​ដែលមាន​​អាយុ ១៨​ឆ្នាំ​ឡើងទៅ ចំនួន ៩.៨៨២.៧៤៦ នាក់ ហើយ​ក្នុងនោះ មាន​អ្នក​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន ១.៦២៦.២៥២ នាក់​។ រីឯ​អ្នកបោះឆ្នោត ដែលមាន​ក្នុង​បញ្ជី​បោះឆ្នោត​ចាស់ ឆ្នាំ​២០១៦ មាន​ចំនួន ៧.៨៥៥.០៣៣ នាក់​។​

​លោក ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គជប បាន​ឲ្យ​ដឹងថា រហូតដល់​ព្រលប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​គ​.​ជ​.​ប​មិនទាន់​អាច​ប្រ​​កាស​លទ្ធផល​សរុប​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ជា​ផ្លូវការ បានទេ​ព្រោះ​ការបញ្ជូន​ទិន្ន័យ​ពី​បណ្ដា​ឃុំ​សង្កាត់​មួយចំនួន​មក​គ​.​ជ​.​ប​​ជួប​ការលំបាក​ដោយសារតែ​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល និង​តំបន់​ខ្លះ គ្មាន​សេវា​អ៊ី​ន​ធើ​ណែ​ត​។​ប៉ុន្តែ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​​ថ្មី​ជា​ផ្លូវការ​នេះ អាច​នឹង​ដឹង នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​។​

​យ៉ាងណាក៏ដោយ លទ្ធផល​បឋម​នៃ​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នេះ ត្រូវបាន គ​.​ជ​.​ប​ប្រកាសថា មាន​ពលរដ្ឋ​ជាង ៥០​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត ដែល​ក្នុងនោះ គិត​ត្រឹម​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន ៥២៥.៤៥៩ នាក់​។​

​ទោះបីជា​ភាគរយ​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ដែលមាន​ត្រឹមតែ​ជាង ៥០​ម៉ឺន​នាក់ ត្រូវ​ជាជាង​៣០%​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះ​​ឆ្នោត​ថ្មី​សរុប ដែល​គ​.​ជ​.​ប ប៉ាន់​ស្មានថា មាន​ជាង ១,៦ លាន​នាក់​ក៏ដោយ ក៏​លោក​ហង្ស​ពុទ្ធា អ្នកនាំពាក្យ​គជប បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស បានមក​ចុះឈ្មោះ​បោះឆ្នោត​ស្ទើរតែ​អស់ ១០០% ហើយ​។ រីឯ​ជាង ១​លាន​នាក់​ទៀត​នោះ​ដែល​មិន​​ទាន់​ចុះឈ្មោះ​បោះឆ្នោត គឺជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក ទៅ​រស់នៅ និង​ធ្វើការ​នៅក្រៅ​ប្រទេស​។​

​សូមបញ្ជាក់ថា បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ ដែលមាន​ជាង ៨​លាន ៣ សែន​នាក់ ដែល​គ​.​ជ​.​ប បានធ្វើ​បច្ចុប្បន្នភាព នាពេលនេះ ត្រូវបាន​គជប រៀបចំឡើង ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕MN​ដោយ​៖ ម៉េង​ឆៃ​/SN