អ្នក​ចូលចិត្ត​អាន ត្រូវចិត្ត​ស្ដូក ព្រោះ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំនេះ មាន​ស្តង់ ៨០

246

ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៨-១០ ធ្នូ ដោយ​អ្នកចូលរួម​ទាំងអស់ អាច​ដើរ​ទស្សនា និង​រក​ទិញ​សៀវភៅ​គ្រប់​ប្រភេទ​នៅតាម​ស្តង់​សៀវភៅ និង​ស្តង់​គ្រឿង​អនុស្សាវរីយ៍​ផ្សេងៗ​ជាច្រើន ដែលមាន​ដល់​ទៅ ៨០ ស្តង់​នៅ​បណ្ណាល័យ​ជាតិ​។​

​ខុសពី​ឆ្នាំមុនៗ ប្រធានបទ​សម្រាប់​ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា​នៅក្នុង​ឆ្នាំនេះ គឺ “​អាន​ច្រើន បង្កើន​ឱកាស​” ដើម្បី​ឲ្យ​យុវជន​ខ្មែរ​ចាប់យក​ការអាន​ជា​ឱកាសល្អ​មួយ​សម្រាប់​ខ្លួន​។​

​កម្មវិធី​នេះ នឹងមាន​វត្តមាន​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ខណៈដែល​កម្មវិធី​ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន ព្រមទាំង​មានការ​សហការ​ជាមួយ​បណ្ណាល័យ​ជាតិ​កម្ពុជា​។​

​ក្នុង​រយៈពេល ៣ ថ្ងៃ កម្មវិធី​ពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ នឹង​បង្កើត​សកម្មភាព​សម្រាប់​កុមារ ដូចជា និទានរឿង​ខ្លី គូស​មុខ គូរគំនូរ កម្មវិធី​កម្សាន្ត​។​

​ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​សៀវភៅ​ដែលជា​ស្នាដៃ​របស់​កវីនិពន្ធ​ខ្មែរ​។ ពិ​ព័រ​ណ៌​នេះ រួមចំណែក​គាំទ្រ​ស្នាដៃ​របស់​អ្នកនិពន្ធ ផ្សព្វផ្សាយ​វិស័យ​បោះពុម្ព​នៅ​កម្ពុជា លើកទឹកចិត្ត​សិស្ស​-​និស្សិត​ឲ្យ​ចូលចិត្ត​ការសរសេរ បង្កើន​ទម្លាប់​អាន​៕​ដោយ​៖ ថា ម៉ា​លីដា​/sn