អ្នក​ចោល​សំរាម​នឹងរង​ការពិន័យ​ខណៈដែល​ថ្នាក់ដឹកនាំ​ខេត្ត​តម្រូវឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រឹតបន្តឹង​

782
ចែករម្លែក

ដោយ​: បូកគោ / កំពត​: អ្នក​បោះចោល​សំរាម​ពាសវាល​ពាសកាល​នឹងរង​ការផាកពិន័យ​ដោយ​មិន​អត់ឱន​ឡើយ បន្ទាប់ពី​បាន​បញ្ជ្រាប​ឱ្យមាន​ការយល់ដឹង​ពាក់ព័ន្ធ​បញ្ហា​សោភ័ណភាព អនាម័យ និង​បរិស្ថាន​។ ថ្នាក់ដឹកនាំ​ខេត្ត​បន្ត​ដាក់​កំហិត​ដល់​ក្រុមហ៊ុន​សម្អាត​ក្រុង ក៏ដូចជា​អាជ្ញាធរ​ស្រុក​ក្រុង និង​មូលដ្ឋាន​គិតគូរ​ឱ្យបាន​ហ្មត់ចត់​បំផុត​។​

​នា​ពិធី​សម្អាត​សំរាម​លើផ្លូវ​វាង​ក្រុង​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ លោកស្រី​មិញ ច័ន្ទ​សូរិយា ប្រធានការិយាល័យ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​បានបញ្ជាក់​ថា​ក្រសួងបរិស្ថាន ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​មានការ​គិតគូរ​យកចិត្ត​ទុកដាក់​ជា​ចម្បង​នូវ​បញ្ហា​សោភ័ណភាព អនាម័យ និង​បរិស្ថាន​។ ការថែរក្សា​បរិស្ថាន ក៏ដូចជា​ការគ្រប់គ្រង​សំរាម​នៅតាម​តំបន់​នានា​ជា​ភារកិច្ច និង​តួនាទី​របស់​មន្ត្រី​មូលដ្ឋាន​នីមួយៗ​ដែល​ថ្នាក់​ខេត្ត​បាន​ផ្ទេរ​ការទទួល​បន្ទុក​ជូន​កាល​ជិត​មួយឆ្នាំ​កន្លងមក​។ លោកស្រី​បាន​បន្តថា​កន្លងមក ក៏ដូចជា​ពេលបច្ចុប្បន្ន មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជ្រាប និង​កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្រុង ទាំង​បណ្តា​ស្រុក ពាក់ព័ន្ធ​នឹង​បញ្ហា​សោភ័ណភាព អនាម័យ ព្រមទាំង​បរិស្ថាន​នេះ​។ តទៅ ក្នុងករណី​ដែលមាន​ជនខិលខូច​នៅតែ​បន្ត​ចោល​សំរាម​ពាសវាល​ពាសកាល​ក្រោយ​ទទួលបាន​ការអប់រំ​ម្តង​ជា​ពីរដង​រួចមក នោះអាជ្ញាធរ​នឹង​ចាត់ការ​ផាកពិន័យ​តាម​នីតិវិធី​ដោយ​មិន​លើកលែង​ឡើយ​។​

​លោកស្រី​មិញ ច័ន្ទ​សូរិយា បាន​បញ្ជាក់ថា ប្រភព​ចម្បង នៃ​គំនរ​សំរាម​តាម​តំបន់​នីមួយៗ​តែង​កើតចេញពី​សកម្មភាព​អាជីវកម្ម​នៅក្បែរ​តំបន់​នោះ​ដោយ អាជីវករ​មួយចំនួន​មិនបាន​ទុកដាក់​ក្នុង​ធុង​ត្រឹមត្រូវ ហើយ​ឆ្លៀតឱកាស​ដឹកយក​មកចាក់​ចោល​តាម​ទីសាធារណៈ​តែម្តង​។ បញ្ហា​សំរាម​ពិតជា​អាច​ធ្វើបាន​តាមរយៈ​ការប្រមូល​ដាក់​ក្នុង​ធុង ឬ​វេច​ខ្ចប់​ឱ្យបាន​ត្រឹមត្រូវ រួច​រក្សាទុក​នៅមុខ​ផ្ទះ ហើយ​ចូលរួម​បង់ថ្លៃ​សេវា​ជូន​ក្រុមហ៊ុន​សម្អាត ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​សុទ្ធចិត្ត​ដើម្បី​ភាពល្អ​ស្អាត​ទាំងអស់គ្នា​។ ក្នុងករណី​ដែល​ផ្ទះ ឬ​តំបន់​របស់​ពួកគាត់​មិនទាន់មាន​សេវា​ប្រមូល​សំរាម ពួកគាត់​អាច​ចងក្រង​លក្ខណៈ​ជា​ក្រុម ហើយ​ប្រាប់​ដល់​អាជ្ញាធរ​ភូមិ​ឃុំ នោះអាជ្ញាធរ​នឹង​ខិតខំ​ព្យាយាម​ស្វែងរក​សេវា​ប្រមូល​សំរាម​ឱ្យមក​ទទួល​ដល់​កន្លែង​តែម្តង ដើម្បី​បញ្ចៀស​នូវ​ការ​ចោល​ពាសវាល​ពាសកាល​ត​ទៅទៀត​។​

​ទាក់ទិន​នឹង​គំនរ​សំរាម​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន លោកស្រី​សេង សុ​ភី​ម មេឃុំ​ត្រពាំង​ធំ​បាន​រៀបរាប់ថា ដោយ​មើលឃើញ​ពី​ភាពអនាធិបតេយ្យ​ព្រោះតែ​អាជីវករ​មួយចំនួន បាន​យក​សំរាម​មកចាក់​ចោល​ក្នុងភូមិ​សាស្ត្រ​របស់លោក​ស្រី​គ្រប់គ្រង ទើប​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត ស្រុក​ឱ្យមាន​កិច្ចសហការ​ជាមួយ​មន្ត្រី​បរិស្ថាន កងកម្លាំងប្រដាប់អាវុធ​មូលដ្ឋាន​ចុះ​ធ្វើ​អនាម័យ​នាពេលនេះ​។ គំនរ​សំរាម​ដែល​កើតមាន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ​នេះ ភាគច្រើន​នាំមក​ពី​ក្រុង​កំពត​ដែល​ជនខិលខូច​បាន​ដឹក​មក​លបលួច​ចាក់​ពេលយប់ ស្របពេល​កម្លាំង​មូលដ្ឋាន​មិនទាន់មាន​គ្រប់គ្រាន់​ក្នុងការ​ឃ្លាំ​ចាំមើល​នោះ​។ ដូច្នេះ ជាការ​អំពាវនាវ​សំណូមពរ​ដល់​អស់លោក​ឈប់​យក​សំ រាម​មកចាក់​ពាសវាល​ពាសកាល​បន្តទៀត​ដើម្បី​ជៀសវាង​នូវ​ការផាកពិន័យ​តាមផ្លូវ​ច្បាប់​។​

​ដោយឡែក នា​កិច្ចប្រជុំ​នៅ​សាលាខេត្ត​ស្តីពី​បញ្ហា​បរិស្ថាន អនាម័យ និង​ការកែលម្អ​សោភ័ណភាព កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នេះដែរ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ក្រើនរំលឹក និង​ជំរុញ​ដល់​ក្រុមហ៊ុន Gaea ត្រូវ​ប្រមូល​សំរាម​ដែល​នៅ​សេសសល់​ចេញពី​ក្រុង​ឱ្យអស់​ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ចំណែក​អាជ្ញាធរ​ក្រុង​ដែលមាន​សង្កាត់​ទាំង​ប្រាំ​ជា​ចំណុះ​ត្រូវយក​ចិត្ត​ទុក​ដាល់​លើ​បញ្ហា​សំរាម និង​កាត់​តម្រឹម​មែកឈើ​តាម​បណ្តា​ផ្លូវ​នានា ព្រមទាំង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​អនាម័យ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​៕ ល​