អ្នក​ដាំ​ម្រេច​នៅ​មេមត់​អំពាវនាវ​ឲ្យ​នាំ​គ្រាប់​ម្រេច​ទៅ​លក់​ទីផ្សារ​អ៊ឺរ៉ុប​ដូច​ម្រេច​កំពត​ដែរ​

533

(​ត្បូងឃ្មុំ​)៖​ប្រជាពលរដ្ឋ​ជា​អ្នក​ដំ​ដាំ​ណាំ​ម្រេច នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ជិត​បី​ពាន់​ហិកតា ដែល​បច្ចុប្បន្ន​បាន និង​កំពុង​ប្រមូល​ផល ហើយ​បាន​បែរជា​ជួប​បញ្ហា​តម្លៃ​ធ្លាក់ចុះ​យ៉ាងគំហុក​ពី​ជាង​បី​ម៉ឺន​រៀល មក​នៅត្រឹមតែ​ជាង​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ បណ្តាល​ឲ្យ​ពួកគាត់​ជាង​៩០​ភាគរយ​បាន​វ័​ន្ត​ក​នឹង​បំណុល​ធនាគារឯកជន​។

បញ្ហា​ប្រឈម​ខាងលើនេះ​អ្នក​ដាំ​ម្រេច​បាន​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​បរទេស និង ក្រសួង​ពាក់ព័ន្ធ​មេត្តាជួយ​ពាំនាំ ឬ​ទំនាក់ទំនង​យក​គ្រាប់​ម្រេច​នៅ​មេមត់​ឲ្យ​បាន​ចូលទៅ​លក់​នៅលើ​ទីផ្សារ​រ៉ឺ​រ៉ុ​ប ឬ​ទីផ្សារ​អន្តរជាតិ ដូច​គ្រាប់​ម្រេច​នៅ​ខេត្តកំពត​ដែរ​គឺ​សុំ​ឲ្យ​មានតម្លៃ​គ្រាប់​ម្រេច​ច្បាស់លាស់ ជៀសវាង​តម្លៃ​សព្វថ្ងៃ​ដែល​ស្ថិត​លើ​បបូរមាត់​ឈ្មួញ​ក្នុងស្រុក ឬ​បរទេស​នោះ​។​

​ទាក់ទិន​នឹង​ម្រេច​នៅ​មេមត់​បន្ត​ធ្លាក់​ថ្លៃ​នេះ មន្ត្រី​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បាន​និយាយថា ខាង​ជំនាញ​បាន​យក​សំណាក់​គ្រាប់​ម្រេច​មេមត់ ទៅ​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ស្វី​ស​ធ្វើការ​វិភាគ​រួចហើយ​កាលពី​ជាង​មួយឆ្នាំ​មុន​គឺ​លទ្ធផល​គ្រាប់​ម្រេច​មួយ​នេះ​គ្មាន​ផ្ទុក​សារធាតុ​គីមី​ទេ​។ ឥឡូវនេះ​កំពុង​រៀបចំ​បញ្ជូន​សំណាក់​គ្រាប់​ម្រេច​ដដែល​នេះ​ចំនួន ៤០០ គីឡូក្រាម​ទៅកាន់​ប្រទេស​ស្វី​ស​ដើម្បី​វិភា​គជា​លើក​ទី​ពីរ​។​
​ ​
​លោក​ឈុន សំ​អូន មាន​ចម្ការ​ម្រេច​ប្រមាណ​ទំហំ​១០​ហិកតា​នៅ​ភូមិ​អំពុក ឃុំ​ក្រែក​ស្រុក​ពញាក្រែក​បាន​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣ មិថុនា​ឆ្នាំ​២០១៧​ថា​ក្នុងនាម​លោក​ជា​កសិករ​ដាំ​ដំណាំ​ម្រេច​មួយរូប​សូម​ចូលរួម​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​ខាង​មន្ត្រី​ជំនាញ​មេត្តាជួយ​ទំនាក់ទំនង​ដាក់​គ្រាប់​ម្រេច​នៅ​មេមត់​ឬក៏​តំបន់​អំពុក​ជាប់​ទឹកដី​ឃុំ​ដារ​ស្រុក​មេមត់​ដែរ​បាន​ចូល​លក់​ក្នុង​ទីផ្សារ​អ៊ឺរ៉ុប​ឬ​ទីផ្សារ​ពិភពលោក​ដូច​គ្រាប់​ម្រេច​នៅ​ខេត្តកំពត​ផង​។​
​លោក​សំ​អូន​បាន​ពោល​ទឹកមុខ​ស្រពោន​ថា​ជាការ​ព្រួយបារម្ភ​មែនទែន​ឆ្នាំ​២០១៧​នេះ​ជា​ឆ្នាំ​អាក្រក់​សម្រាប់​អ្នក​ដាំ​ដំណាំ​ម្រេច​ទាំងអស់​ទូទាំងប្រទេស​លើកលែងតែ​ម្រេច​ខេត្តកំពត​មួយ​គឺ​ចំ​ឆ្នាំ​ដំបូង​ដែល​ម្រេច​របស់លោក​ទំហំ​១០​ហិកតា​ផ្តល់​ផល​ហើយ​បែរជា​លក់​ក្នុងតម្លៃ​ថោក​មួយ​គីឡូក្រាម​គ្រាប់​ម្រេច​ពី​១៣.០០០-១៤.០០០​រៀល​។ សម្រាប់តែ​ឲ្យ​ឈ្នួល​កម្មករ និង​ដោះបំណុល​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ​។​
​ ​
​លោក ហ៊ុន រិ​ន មេភូមិ​អំពុក​បាន​ឲ្យ​ដែរ​ថា ប្រជាពលរដ្ឋ​សរុប​ក្នុងភូមិ​អំពុក​មាន​ចំនួន ៣៣០ គ្រួសារ គឺមាន​ចំនួន ៩០ ភាគរយ​នៃ​ចំនួន នេះ​ពួកគាត់​មានមុខរ​បរជា​ដាំ​ដំណាំ​ម្រេច​។​ក្នុងនោះ​គ្រួសារ​ទាំងអស់​ជា​អ្នក​ដាំ​ដំណាំ​កសិកម្ម​មួយ​នេះ​បានមក​បំពេញ​ឯកសារ​ពី​អាជ្ញាធរ​ដើម្បី​ខ្ចីប្រាក់​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ហើយ​។​បច្ចុប្បន្ន​ពួកគាត់​កំពុង​ប្រឈម​ជាមួយ​បំណុល​ធនាគារ​ដោយសារតែ​ការធ្លាក់​ថ្លៃ​យ៉ាង​សម្បើម​របស់​ម្រេច​។​
​បុរស​ខ្មែរ​អ៊ីស្លាម​វ័យ​៥២​ឆ្នាំឈ្មោះ​លី​ហ៊ីម​រស់នៅ​ភូមិ​ប្រាំពីរ​មករា​ឃុំ​ដារ​ស្រុក​មេមត់​ដែលជា​កន្លែង​សម្បូរ​អ្នក​ដាំ​ម្រេច​ច្រើន​និង​ល្បី​ជាងគេ​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នាពេល​ថ្មីៗ​នេះ​ថា គ្រាប់​ម្រេច​សាច់​ឆ្នាំ​២០១៧​នេះ​មួយ​គីឡូក្រាម​លក់​ឲ្យ​ឈ្មួញកណ្តាល​មក​ទិញ​ដល់ផ្ទះ​ពី ១២.០០០-១៤.០០០ រៀល​ប៉ុណ្ណោះ​។ គឺ​មិន​ស្មើនឹង​គ្រាប់​ម្រេច​ចុង​ទម្ងន់​មួយ​គីឡូក្រាម​ស្មើគ្នា បាន​ពីរម៉ឺន​រៀល​កាលពី​ឆ្នាំ​កន្លងទៅ​ផង​។

​លោក លី ហ៊ីម ដែលមាន​ចម្ការ​ម្រេច​នៅ​ខាង​ផ្ទះ​ទំហំ​ប្រមាណ​កន្លះ​ហិកតា​បាន​ត្អូញត្អែរថា ឆ្នាំមុនៗ​លក់​តែ​ក​ន្ទុ​ក​គ្រាប់​ម្រេច​មួយ​គីឡូក្រាម​ពី ៦.០០០-៧.០០០​រៀល គឺអាច​រួច​ថ្លៃ​ជួល​កម្មករ​បេះ​មួយ​គីឡូក្រាម ៧០០ រៀល​។

ប៉ុន្តែ​ឆ្នាំនេះ​ក​ន្ទុ​ក​គ្រាប់​ម្រេច​មួយ​គីឡូក្រាម​បានតែ ៣០០-៤០០ រៀល ឬក៏​គ្មាន​អ្នកទិញ​តែម្តង​។ ដូច្នេះ​សំណូម​ដល់​មន្ត្រី​ជំនាញ​ជួយ​រក​ទីផ្សារ ដើម្បី​គេច​ឲ្យ​ផុតពី​តម្លៃ​ម្រេច​ថោក​ដូច​ឆ្នាំ​២០១៧​នេះ​បន្តទៀត​។​

​លោក ថេ​ង ឆុន អ្នក​ដាំ​ម្រេច​ម្នាក់ទៀត​នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់​ដែរ​បាន​ឲ្យ​ដឹងថា​ខណ​:​នេះ​លោក​បាន​ប្រមូល​ផល​ម្រេច​បាន​ចំនួន​ប្រមាណ ៣០ តោន​បេះ​នៅលើ​ផ្ទៃដី​ប្រហែល​ជាង​២០​ហិកតា គឺ​លោក​បាន​ស្តុក​ទុក​តាម​លក្ខណ​:​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​។
ជាមួយ​នោះ​លោក​កំពុង​ទំនាក់ទំនង​រក​ម៉ូ​វ​លក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដែរ ដោយសារតែ​ឈ្មួញ​ក្នុងស្រុក​ឲ្យ​តម្លៃថោក​ពេក គឺ​លក់​ទៅ​មិនអាច​ទប់ទល់​នឹង​សោហ៊ុយ​ការចំណាយ​លើ​ថែរក្សា និង ម្រេច​មាន​ជំងឺ​ងាប់​ដើម​ម្រេច​នោះទេ​។​
​ ​
​ប្រភពព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា ហេតុនេះ​លោក​ក៏​សូម​អំពាវនាវ​ដល់​ស្ថាន​ប និង​ក្រសួង​ពាក់ព័ន្ធ​នានា​ជួយ​នាំ​គ្រាប់​ម្រេច​នៅ​មេមត់​នេះ​បាន​ចូលទៅ​លក់​ក្នុង​ផ្សារ​អ៊ឺរ៉ុប ឬ​ផ្សារ​អន្តរជាតិ​ដូច​ម្រេច​នៅ​ខេត្តកំពត​ផង បើទោះជា​មិន​ថ្លៃ​ខ្ពស់​ដូច​ម្រេច​កំពត​ក៏ដោយ យ៉ាងហោចណាស់​ទាប​ជាង​ប​ន្តិ​បន្តួច គឺ​មិន​ថោក​ពេក​ដូច​តម្លៃ​សព្វ​ថ្ងៃមួយ​គីឡូក្រាម​ទាប​ជាង បួន ដុល្លារ​( ១៣.០០០-១៤.០០០​រៀល​)​ទៀត​នោះ​។​

​អ្នកស្រី ម៉ែន សុខ​រម្យ ហៅ​ចែ​នី ជា​អ្នកប្រមូល​ទិញ​គ្រាប់​ម្រេច​ដ៏​ធំ​មួយ​នៅ​ស្រុក​មេមត់​បាន​ប្រាប់​ឲ្យ​ដឹងថា ម្រេច​នៅ​មេមត់​ឆ្នាំនេះ​ពិតជា​មានតម្លៃ​ធ្លាក់ចុះ​ខ្លាំង​ដូច​ការអះអាង​របស់​ប្រភពព័ត៌មាន​ខាងលើ​មែន​។ ប៉ុន្តែ​អ្នកស្រី​មិនបាន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​នេះ​ទេ គឺ​គ្រាន់តែ​ធ្លាប់​ទទួល​ព័ត៌មាន​ពី​ឈ្មួញ​បរទេស​ជា​ថៅ​មួយចំនួន​បាន​និយាយថា មូលហេតុ​ម្រេច​នៅ​មេមត់​ធ្លាក់ចុះ​ឆ្នាំនេះ អាច​ប្រហែល​បណ្តាល​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​នៅ​ផ្សារ​អន្តរជាតិ​បាន​រកឃើញ​គ្រាប់​ម្រេច​របស់​ប្រទេស​វៀតណាម​មាន​ផ្ទុក​សារធាតុ​គីមី​ច្រើន ធ្វើ​ឲ្យ​មាន​ការដុត​កម្ទេចចោល​។​

​ចែ​នី​បាន​បន្តថា បន្ទាប់ពី​លេចឮ​ព័ត៌មាន​នេះ អ្នកស្រី​បាន​កត់សម្គាល់ថា ម្រេច​នៅ​មេមត់​បានចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាង​រហ័ស​ពី​តម្លៃ​ជិត​បួន​ម៉ឺន​រៀល​មក​នៅ​ជាង​មួយ​ម៉ឺន​រៀន ហើយ​តម្លៃ​នេះ​សព្វថ្ងៃ​គាត់​បាន​ទិញ​ពី​ស្រុក​មេមត់​យកទៅលក់​បន្ត​ទៅ​ប្រទេស​វៀតណាម រាជធានី​ភ្នំពេញ និង ប្រទេស​ថៃ​។ ក្នុងនោះ​ឈ្មួញ​បរទេស​បាន​ប្រាប់​អ្នកស្រី​ថា គ្រាប់​ម្រេច​នៅ​មេមត់ ក៏មាន​អ្នក​ដាំ​ប្រើ​ជីគីមី​ដែរ​តែ​កម្រិត​តិច​ដែរ​។​

​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៣ មិថុនា​ថា ម្រេច​នៅ​មេមត់​ពិត​ធ្លាក់​ថ្លៃ​មិនដឹង​មូលហេតុ​មែន​។ ប៉ុន្តែ​ខាង​ជំនាញ​បាន​ឲ្យ​ខាង​លោក​យក​សំណាក់​គ្រាប់​ម្រេច​នៅ​មេមត់​នេះ ទៅធ្វើ​ការវិភាគ​នៅ​ប្រទេស​អាល្លឺម៉ង់ និង ប្រទេស​ស្វី​ស​រួចហើយ​កាលពី​ជាង​មួយ​ឆ្នាំមុន គឺ​លទ្ធផល​គេ​អាច​ទទួលយកបាន​ដោយ​គ្រាប់​វា​(​ម្រេច​)​អត់​មាន​ផ្ទុក​សារធាតុ​គីមី​ទេ ហើយ ថ្មីៗ កំពុង​រៀបចំ​ប​ញ្ជួ​ន​សំណាក់​គ្រាប់​ម្រេច​ចំនួន ៤០០ គីឡូក្រាម​ទៅកាន់​ប្រទេស​ស្វី​ស ដើម្បី​ពិនិត្យ​វិភាគ​គុណភាព​គ្រាប់​ម្រេច​នេះ​ជា​លើក​ទី​ពីរ​។​

ប្រភព​ដដែល​បាន​លើកឡើងថា កត្តា​នេះ​ខាង​លោក​ទាមទារ​ឲ្យ អ្នក​ដាំ​ដំណាំ​ម្រេច​នៅ​ស្រុក​មេមត់ និង បណ្តា​ស្រុក​ដទៃ​មាន​ចម្ការ​សរុប​ជិត​បី​ពាន់​ហិកតា​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ចងក្រង​ជា​ក្រុម ប្រយោជន៍​ទទួលបាន​ព័ត៌មាន​ពី​លក្ខណ​:​បច្ចេកទេស​នៃ​ការដាំដុះ ពី​ការប្រើប្រាស់​ជី និង ថ្នាំ​គីមី តាម​ក្បួនខ្នាត​ត្រឹមត្រូវ ពោលគឺ​ដើម្បី​ម្រេច​មេមត់​ឈានចូល​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​ដូច​ម្រេច​នៅ​កំពត​ដែរ​៕ ដោយ ៖ភោគ សម្បត្តិ​

ដំ​ណាំ​ម្រេច នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ(រូប៖ភោគសម្បត្តិ)