ដោយ៖ រ៉ូហ្សា /
ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៧ កញ្ញា បានបញ្ចប់ការប្រកួតជម្រុះជុំទី១ ហើយ ។ អ្នកប្រដាល់ ចំនួន ៣២ រូប មកពី ៣២ សមាគម ក្លិប ដែលចូលរួមប្រកួតជម្រុះនោះ ពេលនេះ នៅសល់ ១៦ រូប ដើម្បីបន្តប្រកួតជម្រុះ នៅជុំទី២ ទៀត ។ ជុំទី២ នេះ ក្នុងចំណោមជើងខ្លាំង ទាំង ១៦ រូប នឹងត្រូវជម្រុះយក ៨ រូប ដើម្បីប្រកួតជម្រុះនៅជុំទី៣ បន្តទៀត ។
ក្នុងការប្រកួតជម្រុះ បញ្ចប់ជុំទី១ នាយប់ថ្ងៃទី៧ កញ្ញា អ្នកប្រដាល់ជើងចាស់ ទិត្យ សុវណ្ណគីរី របស់សមាគមប្រដាល់ក្រសួងកសិកម្ម បានប្រើកែង ផ្ដួលអ្នកប្រដាល់ជើងថ្មី ពិល រ័ត្ន មកពីក្លិបពន្លឺសាមគ្គី ខេត្តបាត់ដំបង ឲ្យសន្លប់នៅទឹកទី២។ សុវណ្ណគីរី ទោះបីគេ បោះបង់ចោលការប្រកួត យូរហើយ ក៏ពិតមែន តែគេនៅវ៉ៃបានល្អ រហ័ស និងក្លាហាន ក្នុងការវាយលុក ។ ស្ថានភាពនៃការប្រកួត គេមានប្រៀបលើគូប្រកួតរបស់ខ្លួន តាំងពីដើមទឹកទី១ មកម្ល៉េះ តែនៅទឹកទី២ គេមានឱកាសបញ្ចេញមួយកែង បានយ៉ាងល្អ ធ្វើឲ្យ ពិល រ័ត្ន សន្លប់ក្រោកលែងរួច ។ ពិល រ័ត្ន ខ្ទាតចេញពីការប្រកួត រីឯ សុវណ្ណគីរី កក់កៅអី សម្រាប់ប្រកួត នៅជុំទី២ទៀត ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ ទូច ដេវីដ ក្លិបអារុណរះកីឡា បានផ្ដួលអ្នកប្រដាល់ កុយ ចាន់តូ ក្លិបគីសែមានរិទ្ធ ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី១ ។ ទោះបី កុយ ចាន់តូ ស្គាល់សង្វៀនប្រដាល់ មុនដេវីដ ក៏ពិតមែន តែដេវីដ ជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃរហ័ស និងធ្ងន់នោះ គេបានដាល់ចំក្បាលពោះ ចាន់តូ ធ្វើឲ្យអ្នកប្រដាល់រូបនេះ ដួលសន្លប់ ក្រោកលែងរួចតែម្ដង ។ ចាន់តូ ខ្ទាតចេញពីការប្រកួត ត្រឹមនេះ ចំពោះ ទូច ដេវីដ រង់ចាំប្រកួតបន្ត នៅជុំទី២ ទៀត។
ការប្រកួតជាមិត្តភាព ជាមួយអ្នកប្រដាល់ថៃ វិញនោះ អ្នកប្រដាល់កម្ពុជា សួន ចាន់នី ដែលគេស្គាល់ជាទូទៅថា សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក បានផ្ដួលអ្នកប្រដាល់ថៃ ភេច ង៉ាម (Phich Ngam) ឲ្យសន្លប់នៅទឹកទី២ ។ សូមបញ្ជាក់ថា ភេច ង៉ាម ជាអ្នកប្រដាល់ជើងខ្លាំង មួយរូប ដែលធ្លាប់ស្ពាយខ្សែក្រវាត់ ពីស្រុកខ្មែរ ទៅស្រុកថៃ បានមួយ តែគេមកលើកនេះ ហាក់ដូចជាវ៉ៃ មិនបានល្អឡើយ ។
ចំពោះគូប្រកួត ក្រៅព្រឹត្តិការណ៍ពានរង្វាន់ រវាងអ្នកប្រដាល់រួមជាតិវិញនោះ អ្នកប្រដាល់ ធីម ទាន់ ក្លិបខេត្តរតនគីរី ផ្ដួលអ្នកប្រដាល់ជើងចាស់ ឃឹម ពេជ្រចិន្ដា ក្លិបកុលបុត្រគុនខ្មែរ ឲ្យបង្ខំចិត្តបោះបង់ ចោលការប្រកួត មុនស្នូរជួងបញ្ចប់ទឹកទី២ ៕v